ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ហើយកាលទ្រង់បានរងទុក្ខរួចហើយ នោះក៏បានសំដែងអង្គទ្រង់មកទាំងរស់ ឲ្យពួកសាវ័កនោះឃើញ ដោយសារភស្តុតាងជាច្រើន ព្រមទាំងលេចមកឯគេ ក៏សំដែងពីអស់ទាំងសេចក្តីខាងឯនគរព្រះ ក្នុងរវាង៤០ថ្ងៃ។ កិច្ចការ ជំពួក ១:៣
អំណានប្រចាំថ្ងៃ សែសិបថ្ងៃជាមួយនឹងពួកសាវក
ព្រះយេស៊ូវបាននៅជាមួយពួកសាវកសែសិបថ្ងៃ ធ្វើឱ្យពួកគេមានអំណរនិងភាពរីករាយក្នុងចិត្ត នៅពេលដែលទ្រង់បានបើកបង្ហាញដល់ពួកគេយ៉ាងច្បាស់អំពីនគរព្រះ។ ទ្រង់បានបង្គាប់ឱ្យគេធ្វើទីបន្ទាល់អំពីអ្វីដែលគេបានឃើញនិងបានឮ ទាក់ទងនឹងការឈឺចាប់ ការសុគតនិងការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ ដែលទ្រង់ធ្វើជាតង្វាយយញ្ញបូជាជំនួសអំពើបាប ហើយអស់អ្នកដែលមកឯទ្រង់នឹងបានជីវិត។ ទ្រង់បានប្រាប់គេដោយស្មោះត្រង់និងដោយស្រទន់ថា ពួកគេនឹងត្រូវទទួលការបៀតបៀននិងទុក្ខព្រួយទៀតទេ ប៉ុន្តែ ពួកគេនឹងបានស្រាកស្រាន្តពីការទាំងនោះ ដោយនឹកឃើញពីបទពិសោធន៍របស់គេ និងនឹកចាំពីព្រះបន្ទូលដែលទ្រង់បានមានបន្ទូលទៅកាន់ពួកគេ។ ទ្រង់បានប្រាប់គេថា ទ្រង់បានឈ្នះលើសេចក្តីល្បួងរបស់អារក្ស ហើយទ្រង់មានជ័យជំនះដោយសារការពិបាកនិងការឈឺចាប់។ សាតាំងលែងមានអំណាចលើទ្រង់ទៀតហើយ ប៉ុន្តែ វានឹងនាំយកការល្បួងរបស់វាទៅដាក់លើពួកគេនិងអ្នកជឿលើព្រះនាមរបស់ទ្រង់វិញ។ ប៉ុន្តែ ពួកគេនឹងបានឈ្នះ ដូចជាទ្រង់ឈ្នះដែរ។ ព្រះយេស៊ូវបានប្រទានអំណាចរបស់ទ្រង់ដល់ពួកសាវក ឱ្យធ្វើការអស្ចារ្យ ហើយទ្រង់បានប្រាប់ពួកគេថា ទោះបីមនុស្សអាក្រក់បៀតបៀនយ៉ាងណាក៏ដោយ ក៏គង់តែទ្រង់នឹងបញ្ជូនទេវតារបស់ទ្រង់ឱ្យមករំដោះគេនៅពេលណាមួយមិនខានមិនមានអ្នកណាអាចយកជីវិតគេបានឡើយ រហូតដល់ការងាររបស់គេបានសម្រេច។ ហើយទ្រង់បានតម្រូវឱ្យពួកគេបោះត្រាទីបន្ទាល់របស់គេដោយឈាមរបស់គេដែលគេបានបង្ហូរ។
ពួកសាវករបស់ទ្រង់បានស្តាប់ការបង្រៀនរបស់ទ្រង់ដោយសប្បាយរីករាយ។ គេទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋដ៏បរិសុទ្ធរបស់ទ្រង់គ្រប់ម៉ាត់ ដោយយកចិត្តទុកដាក់។ ឥឡូវនេះ គេបានដឹងយ៉ាងច្បាស់ថា ទ្រង់គឺជាព្រះអង្គសង្គ្រោះលោកិយនេះពិតប្រាកដមែន។ ព្រះបន្ទូលរបស់ទ្រង់បានចូលយ៉ាងជ្រៅទៅក្នុងចិត្តរបស់គេ ហើយពួកគេមានការសោកស្តាយជាខ្លាំង ដោយគេត្រូវឃ្លាតឆ្ងាយពីលោកគ្រូដែលមកពីស្ថានសួគ៌របស់គេ ហើយគេលែងបានឮព្រះបន្ទូលប្រកប ដោយព្រះគុណចេញពីបបូរមាត់ទ្រង់ មកកម្សាន្តចិត្តពួកគេទៀតហើយ។ ប៉ុន្តែ ចិត្តរបស់គេបាន កក់ក្តៅឡើងវិញ ដោយសេចក្តីស្រឡាញ់និងអំណរដ៏ក្រៃលែងម្តងទៀត នៅពេលដែលព្រះយេស៊ូវបានប្រាប់គេថា ទ្រង់នឹងយាងទៅរៀបចំកន្លែងសម្រាប់ពួកគេ ហើយទ្រង់នឹងយាងត្រឡប់មកវិញដើម្បីយកពួកគេទៅនៅកន្លែងដែលទ្រង់នៅនោះដែរ។ ទ្រង់បានសន្យាជាមួយនឹងគេថា ទ្រង់នឹងចាត់ព្រះដ៏ជាជំនួយមួយអង្គ ដែលជាព្រះវិញ្ញាណបរិសុទ្ធ ដើម្បីណែនាំ ប្រទានពរ និងដឹកនាំពួកគេទៅឯសេចក្តីពិត«ហើយទ្រង់បានលើកព្រះពាហុ (ដៃ) របស់ទ្រង់ឡើង ប្រទានពរដល់ពួកគេ» លូកា ២៤:៥០។
អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក ២៤:១៣-៣៥
ខចងចាំ៖ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ។ យ៉ូហាន ១៤:១-៣