ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រងទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តមព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាពព្រមទាំងក្រវាត់អង្គ ដោយសេចក្តីនោះដែរ ឯលោកីយ៍នោះបានតាំងមាំមួន និងរង្គើមិនបានឡើយ បល្ល័ង្កទ្រង់បានតាំងនៅ ចាប់តាំងពីចាស់បូរាណគឺមានទ្រង់តាំងតែពីអស់កល្បរៀងមក។ ទំនុកតម្កើង ៩៣:១-២
អំណានប្រចាំថ្ងៃ កំហឹងនៃសេចក្តីសញ្ញាត្រូវបានលាក់កំបាំង
ទេវតាទាំងឡាយបានរង់ចាំឱកាសដ៏មានជោគជ័យ ដែលព្រះយេស៊ូវនឹងយាងឡើងទៅឯព្រះវរបិតា។ ទេវតាទាំងឡាយបានយាងមកទទួលស្តេចនៃសិរីល្អ ហើយបានហែហមព្រះអង្គដោយជោគជ័យទៅកាន់ស្ថានសួគ៌។ បន្ទាប់ពីព្រះយេស៊ូវបានប្រទានពរដល់ពួកសាវករួចមកទ្រង់បានចាកចេញពីគេ ហើយត្រូវបានព្រះវរបិតាយកទៅកាន់ស្ថានសួគ៌។ នៅពេលដែលទ្រង់បាននាំមុខគេឡើងទៅ ពួកមនុស្សដែលបានរស់ពីស្លាប់ឡើងវិញបានទៅតាមទ្រង់។ ទេវតានៃស្ថានសួគ៌ដ៏ច្រើនកុះករបាននៅទីនោះ ខណៈដែលទេវតាជាច្រើននៅស្ថានសួគ៌បានរង់ចាំការយាងមករបស់ទ្រង់។
នៅពេលដែលបានទៅដល់ទីក្រុងបរិសុទ្ធ មានទេវតាបានហែហមព្រះយេស៊ូវបានស្រែកថា «ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏អស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រាដ៏មានសិរីល្អទ្រង់នឹងយាងចូលមក»។ ពពួកទេវតាដែលនៅទីក្រុងបរិសុទ្ធបានស្រែកមកវិញយ៉ាងអណ្តែតអណ្តូងថា «តើមហាក្សត្រដ៏មានសិរីល្អនោះគឺជាអ្នកណា?» ទេវតាដែលជាអង្គរក្ស របស់ព្រះយេស៊ូវស្រែកឡើងដោយជោគជ័យតបវិញថា «គឺព្រះយេហូវ៉ា ដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ា ដ៏មានឫទ្ធិក្នុងចម្បាំង។ ឱទ្វារទាំងឡាយអើយ ចូរងើបក្បាលឡើង ឱទ្វារដ៏អស់កល្បជានិច្ចអើយ ចូរនៅជាចំហចុះ នោះមហាក្សត្រដ៏មានសិរីល្អទ្រង់នឹងយាងចូលមក»។ ទេវតាដែលកំពុងរង់ចាំធ្វើបដិសណ្ឋារកិច្ចបានបន្លឺឡើងម្តងទៀតថា «តើព្រះមហាក្សត្រាដ៏មានសិរីល្អនោះ ជាអ្នកណា?» នោះទេវតាដែលហែហមទ្រង់ បានបន្លឺសូរសៀងស្រុះគ្នាឡើងថា «គឺព្រះយេហូវ៉ា នៃពួកពលបរិវារ ទ្រង់ជាមហាក្សត្រដ៏មានសិរីល្អនោះឯង» ទំនុកដំកើង ២៤:៧-១០។ ហើយក្បួនដំណើរក៏បានឆ្លងកាត់ចូលទៅក្នុងទីក្រុងរបស់ព្រះ។
ពេលនោះពពួកទេវតានៃស្ថានសួគ៌បានចោមរោមមេបញ្ជាការរបស់លោក ដែលជាព្រះរាជបុត្រាដ៏មានសិរីរុងរឿងរបស់ព្រះ ហើយបានឱនក្រាបនៅចំពោះទ្រង់ដោយការកោតសរសើរយ៉ាងជ្រាលជ្រៅ ព្រមទាំងបានដោះមកុដដ៏ភ្លឺចាំងរបស់លោក ដាក់នៅទៀបព្រះបាទទ្រង់។ ហើយបន្ទាប់មកទេវតាបានដេញពិណរបស់លោក ហើយបទភ្លេងដ៏ពីរោះរណ្តំបានបំពេញស្ថានសួគ៌ទាំងមូល អមដោយចម្រៀងសរសើរ តម្កើងដល់កូនចៀមដែលត្រូវបានសម្លាប់ ហើយរស់ឡើងវិញ ប្រកបដោយព្រះចេស្តានិងសិរីរុងរឿង។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ២៤
ខចងចាំ៖ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ។ យ៉ូហាន ១៤:១-៣