ថ្ងៃពុធ ទី១៨​ ខែឧសភា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣២)​

ការយាងឡើងស្ថានសួគ៌របស់ព្រះគ្រីស្ទ


អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង។ កិច្ចការ ១:៨

អំណានប្រចាំថ្ងៃ

នៅពេលដែលព្រះយេស៊ូវបានបើកសម្តែងឱ្យពួកសាវកយល់អំពីអត្ថន័យនៃបទទំនាយទាំងឡាយ ដែលចែងអំពីព្រះអង្គផ្ទាល់ ទ្រង់បាន​អះ​អាង​​ប្រាប់ពួកគេថា គ្រប់ទាំងអំណាចត្រូវបានប្រទានមកទ្រង់ទាំងនៅស្ថានសួគ៌ និងនៅផែនដី ហើយទ្រង់បានបង្គាប់ដល់ពួកគេឱ្យចេញទៅផ្សព្វផ្សាយអំពីដំណឹងល្អដល់គ្រប់មនុស្សទាំងអស់។ ពួកសាវកបានសួរដោយសេចក្តីសង្ឃឹមថ្មីរបស់ពួកគេថាព្រះយេស៊ូវទ្រង់នឹងតាំងបល្ល័ង្ករបស់ស្តេចដាវីឌ នៅឯទីក្រុងយេរូសាឡិមឡើងវិញឬយ៉ាងណា «នៅគ្រានេះឬអី ដែលទ្រង់នឹងតាំងនគរឱ្យសាសន៍អ៊ីស្រាអែលឡើងវិញនោះ?» កិច្ចការ ១:៦។ ព្រះអង្គសង្គ្រោះទ្រង់បានបំបាត់ចោលនូវគំនិតមិនច្បាស់ចេញពីចិត្តរបស់ពួកគេ ទាក់ទងនឹង​ប្រធានបទនោះដោយឆ្លើយតបថា វាមិនមែនសម្រាប់ពួកគេទេ «មិនត្រូវឱ្យឯងរាល់គ្នាដឹងពេលកំណត់ដែលព្រះវរបិតាបានទុកនៅក្នុងអំណាចរបស់ទ្រង់នោះឡើយ» កិច្ចការ ១:៧។

ពួកសាវកបានចាប់ផ្តើមមានសង្ឃឹមថា ការយាងចុះដ៏អស្ចារ្យនៃព្រះវិញ្ញាណបរិសុទ្ធនឹងមានឥទ្ធិពលទៅលើពួកសាសន៍យូដាឱ្យព្រមទទួលជឿលើព្រះយេស៊ូវជាមិនខាន។ ព្រះយេស៊ូវបានជ្រាបថា នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើពួកគេពេញលេញហើយនោះ គំនិតរបស់ពួកគេនឹងត្រូវបានបំភ្លឺ ហើយពួកគេនឹងបានយល់យ៉ាងច្បាស់នូវការងារដែលនៅចំពោះមុខគេហើយបំពេញការងារនោះដូចដែលទ្រង់បានត្រាស់បង្គាប់មក។

ពួកសាវកបានប្រមូលផ្តុំគ្នានៅបន្ទប់ខាងលើ រួបរួមគ្នាដោយចិត្តព្រមព្រៀងគ្នាអធិដ្ឋាន ដោយស្មោះអស់ពីដួងចិត្តជាមួយនឹងពួកស្រីៗ ជាមួយ​នាងម៉ារា មាតាព្រះយេស៊ូវ ហើយនិងពួកបងប្អូនរបស់ទ្រង់។ ពួកបង​ប្អូន​ទាំងអស់នេះ ដែលពីមុនជាអ្នកមិនជឿ ឥឡូវនេះ គ្រប់គ្នាគេមាន​ជំនឿ​យ៉ាងមាំ ដោយបានចូលរួមក្នុងការឆ្កាង (ព្រះគ្រីស្ទ) និងការមាន​ព្រះជន្ម​រស់​ឡើងវិញ ហើយនិងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់។ មនុស្សដែលបានប្រជុំគ្នា នោះមានចំនួនប្រហែល ១២០នាក់។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១:១២-២៦

ខចងចាំ៖​​ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ។ យ៉ូហាន ១៤:១-៣

Powered by CAM