ថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ «ចូរគោរពប្រតិបត្តិដល់មាតាបិតាខ្លួន» នេះជាបញ្ញត្តមុនដំបូង ដែលជាប់មានទាំងសេចក្តីសន្យាផង ដើម្បីឲ្យឯងរាល់គ្នាបានសេចក្តីសុខ ហើយរស់នៅផែនដីជាយូរអង្វែងទៅ។ អេភេសូរ ៦:២-៣
អំណានប្រចាំថ្ងៃ មេរៀននៃក្តីស្រឡាញ់ជាកូន
ពួកទេវតាបានសម្លឹងមើលដោយភ្ញាក់ផ្អើល នូវសេចក្តីស្រឡាញ់ដ៏គ្មានព្រំដែនរបស់ព្រះយេស៊ូវ ដែលទទួលរងនូវការឈឺចាប់ជាទម្ងន់ ទាំងខាងរាងកាយនិងផ្លូវចិត្ត ទោះបីជាយ៉ាងនេះក៏ដោយ ក៏ព្រះអង្គនៅតែខ្វល់ខ្វាយអំពីវាសនារបស់មនុស្សដទៃទៀតដែរ ហើយលោកបានលើកទឹកចិត្តដល់អ្នកដែលនឹកស្តាយព្រះយេស៊ូវឱ្យជឿទ្រង់។ ខណៈពេលដែលព្រះជន្មរបស់ទ្រង់កំពុងតែធ្លាក់ចូលទៅក្នុងទីមរណៈ ទ្រង់មានសេចក្តីស្រឡាញ់ដល់មនុស្សលោកខ្លាំងជាងការសុគតរបស់ទ្រង់។ មនុស្សជាច្រើនដែលបានឃើញហេតុការណ៍ទាំងអស់នេះ នៅលើភ្នំកាល់វ៉ារីបានបង្កើត សេចក្តីជំនឿ លើព្រះគ្រីស្ទ ដោយសារព្រឹត្តិការណ៍ទាំងនោះបន្ទាប់ពីពេលនោះមក។ ឥឡូវនេះពួកខ្មាំងសត្រូវរបស់ព្រះយេស៊ូវ បានរង់ចាំការសុគតរបស់ទ្រង់ដោយសង្ឃឹមយ៉ាងអន្ទះសា។ ពួកគេបាននឹកស្រមៃថាព្រឹត្តិការណ៍នោះនឹងធ្វើឱ្យពាក្យចចាមអារាមពីអំណាចនិងបាដិហារិយ៍ដ៏អស្ចារ្យរបស់ទ្រង់បានស្ងៀមស្ងាត់ទៅវិញ។ ពួកគេបានបញ្ចើចខ្លួនឯងថា ពួកគេនឹងមិនត្រូវការញ័ររន្ធត់ដោយសារឥទ្ធិពលរបស់ទ្រង់តទៅទៀតឡើយ។ ពួកទាហានដែលគ្មានមេត្តា ជាអ្នកដែលបានសន្ធឹងព្រះកាយរបស់ព្រះយេស៊ូវ នៅលើឈើឆ្កាង បានហែកសំលៀកបំពាក់ ជាអាវផាយដែលត្បាញដោយគ្មានថ្នេររបស់ទ្រង់ចែកគ្នា។ ទីបំផុតពួកគេបានសម្រេចចិត្តនឹងធ្វើឆ្នោតចាប់យកអាវនោះ។ ប៉ាកកា (ប៊ិក) ដែលព្រះបានបណ្តាលបានពិពណ៌នាយ៉ាងត្រឹមត្រូវអំពីព្រឹត្តការណ៍នេះ តាំងពីមុនរឿងនេះបានកើតឡើងរាប់រយឆ្នាំ «ព្រោះមានឆ្កែឡោមព័ទ្ធទូលបង្គំ ហើយមានពួកមនុស្សអាក្រក់ ដើរក្រវែលជុំវិញទួលបង្គំ គេបានចាក់ទម្លុះដៃជើងនៃទូលបង្គំ គេយកសំលៀកបំពាក់ទូលបង្គំចែកគ្នា អាវវែងរបស់ទូលបង្គំគេក៏ធ្វើឆ្នោតចាប់យក» (ទំនុកដំកើង ២២:១៦, ១៨)។
ព្រះនេត្រទាំងសងខាងរបស់ព្រះយេស៊ូវ បានសម្លឹងមើលចុះឡើងៗទៅលើហ្វូងមនុស្ស ដែលបានប្រមូលគ្នាមកមើលការសុគតរបស់ទ្រង់ហើយទ្រង់បានទតឃើញលោកយ៉ូហាន កំពុងលើកទឹកចិត្តដល់នាងម៉ារី ជាមាតា របស់ព្រះគ្រីស្ទ នៅត្រង់ជើងឈើឆ្កាង។ នាងបានវិលត្រឡប់ទៅកាន់ ទស្សនីយភាពដ៏សែនរន្ធត់នេះ ដោយគាត់មិនអាចឃ្លាតឆ្ងាយពីកូនប្រុសរបស់នាងទៀតបាន។ មេរៀនចុងក្រោយរបស់ព្រះយេស៊ូវ គឺជាក្តីស្រឡាញ់ ជាកូនរបស់ទ្រង់។ ទ្រង់បានទតមើលទៅទឹកមុខដ៏សែនព្រួយបារម្ភរបស់ព្រះមាតាទ្រង់ ហើយមើលទៅលោកយ៉ូហាន ដោយមានបន្ទូលទៅកាន់មាតារបស់ទ្រង់ថា «មាតាអើយ នុ៎ន៍កូនរបស់មាតា» បន្ទាប់មក ទ្រង់មានបន្ទូលមកកាន់សាវកទ្រង់ថាៈ «នុ៎ន៍ ម្តាយអ្នក!» (យ៉ូហាន ១៩:២៧)។ លោកយ៉ូហានបានយល់យ៉ាងច្បាស់នូវព្រះបន្ទូលទាំងឡាយរបស់ព្រះយេស៊ូវ ហើយនិងការទុកព្រះទ័យដ៏ពិសិដ្ឋដែលទ្រង់បានប្រគល់មកដល់គាត់។ រំពេចនោះគាត់បានយកមាតារបស់ទ្រង់ចេញពីហេតុការណ៍ដ៏គួរឱ្យខ្លាច នៅភ្នំកាល់វ៉ារី។ ចាប់ពីពេលនោះមក គាត់បានថែរក្សានាងដូចជាកូនដែលយកចិត្តទុកដាក់នឹងម្តាយបង្កើត ដោយយកនាងទៅនៅផ្ទះរបស់គាត់។ គំរូដ៏ល្អឥតខ្ចោះនៃក្តីស្រឡាញ់ជាកូនរបស់ព្រះគ្រីស្ទ បញ្ចេញរស្មីលេចឡើង យ៉ាងល្បីល្បាញមិនចេះស្រអាប់នៅគ្រប់សម័យកាល។ នៅពេលដែលទ្រង់កំពុងរងទ្រាំទ្រនឹងទារុណកម្មដ៏ខ្លាំងក្លា និងធ្ងន់ធ្ងរបំផុត ទ្រង់ក៏មិនបានបំភ្លេចមាតារបស់ទ្រង់ដែរ ប៉ុន្តែទ្រង់បានរៀបចំសម្រាប់សេចក្តីត្រូវការចាំបាច់នៅពេលអនាគតរបស់គាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ១៩:២៣-៣០
ខចងចាំ៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥