ថ្ងៃសុក្រ ទី២០​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ។ យ៉ូហាន ១៤:១៦

អំណានប្រចាំថ្ងៃ ក្នុងអំណាចនៃបុណ្យថ្ងៃទី ៥០

សាសន៍យូដាត្រូវបានខ្ចាត់ខ្ចាយទៅនៅជាមួយមនុសុ្សសឹងតែគ្រប់ជាតិសាសន៍ ហើយបាននិយាយភាសាផ្សេងៗគ្នា។ ពួកគេបានរស់​នៅ​ឆ្ងាយពីទីក្រុងយេរូសាឡិម ហើយត្រូវបានតាំងទីលំនៅ នៅទីនោះបណ្តោះ​អាសន្ន ពេលនោះគេក៏នៅតែប្រារព្វធ្វើពិធីបុណ្យ្របចាំឆ្នាំខាងសាសនា និងនៅតែប្រតិបត្តិតាមតម្រូវការរបស់ពួកគេដដែល។ នៅពេលគេប្រជុំគ្នា ពួកគេ​និយាយ​ភាសាផ្សេងៗគ្នា។ ភាសាខុសគ្នាទាំងនេះហើយដែលជា​ឧបសគ្គដ៏ធំដល់ការងាររបស់អ្នកបំរើព្រះ ក្នុងការបោះពុម្ពផ្សាយគោលលទ្ធិរបស់ព្រះគ្រីស្ទ ទៅកាន់គ្រប់ទីកន្លែងទូទាំងពិភពលោក។ ហេតុនេះហើយបានជា ព្រះត្រូវតែបំពេញនូវភាពខ្វះខាតរបស់ពួកសាវក ដើម្បីធ្វើឱ្យមនុស្សទាំងឡាយយល់ថា ព្រះគ្រីស្ទគឺជាព្រះមែស្ស៊ីពិតប្រាកដមែន។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើសម្រេចការយ៉ាងធំដល់ពួកគេ ដែលគេមិនអាចធ្វើខ្លួនឯងបាននៅក្នុង១ជីវិតរបស់គេ ឥឡូវនេះពួកគេអាចចែកចាយនូវសេចក្តីពិតនៃដំណឹងល្អ នៅក្រៅស្រុក​របស់​ខ្លួន ដោយនិយាយភាសានោះ យ៉ាងច្បាស់មិនរដិបរដុប ដល់អ្នកទាំងឡាយដែលពួកគេកំពុងតែធ្វើការផ្សព្វផ្សាយ។ អំណោយទានដ៏អស្ចារ្យនេះ គឺជាភស្តុតាងដ៏ធំបំផុត ដែលពួកគេអាចបង្ហាញដល់ពិភពលោកថាបេសកកម្ម​​​របស់ពួកគេ គឺជាការងារនៃស្ថានសួគ៌។

«រីឯនៅក្រុងយេរូសាឡិមមានពួកសាសន៍យូដា ជាអ្នកកោតខ្លាចដល់ព្រះដែលមកពីគ្រប់ នគរនៅក្រោមមេឃ កាលសូរស័ព្ទ​ពីការនោះឮ​សុស​សាយទៅ នោះបណ្តាមនុស្សក៏ប្រជុំគ្នា ហើយគេមានសេចក្តីស្រឡាំងកាំងដោយគ្រប់គ្នាឮភាសាជាតិរបស់ខ្លួន ដែលពួកសាវកកំពុងអធិប្បាយ គេមាន​សេចក្តីអស្ចារ្យក្នុងចិត្ត ហើយនិយាយគ្នាទៅវិញទៅមក ដោយឆ្ងល់ថា អ្នកទាំងនេះដែលអធិប្បាយ តើមិនមែនជាពួកអ្នកស្រុកកាលីឡេទាំងអស់គ្នាទេឬអី? ចុះដូចម្តេចបានជាយើងឮគេនិយាយតាមភាសាកំណើតរបស់យើងរៀងខ្លួនដូច្នេះ?»

ពួកសង្គ្រាជនិងពួកអ្នកគ្រប់គ្រងបានខឹងយ៉ាងខ្លាំង ចំពោះការបង្ហាញដ៏អស្ចារ្យគួរឱ្យស្ញប់ស្ញែង ដែលត្រូវបានផ្សព្វផ្សាយពាសពេញទីក្រុងយេរូសាឡិម ហើយនិងក្រុងដែលនៅជិតៗនោះ ប៉ុន្តែ ពួកគេមិនហ៊ានធ្វើការព្យាបាទណាមួយដល់ពួកសាវកទេ ដ្បិតខ្លាចក្រែងធ្វើឱ្យពួកបណ្តាជនស្អប់ខ្ពើមដល់ពួកគេ។ ពួកគេបានសម្លាប់លោកគ្រូរបស់គេ ប៉ុន្តែ នៅទីនេះអ្នកបំរើរបស់ទ្រង់ជាមនុស្សដែលមិនបានរៀនសូត្រ ជាអ្នកស្រុកកាលីឡេ​កំពុងរ៉ាយរ៉ាប់ប្រាប់នូវការសម្រេចបទទំនាយយ៉ាងពេញលេញ និងកំពុងបង្រៀនពីគោលលទ្ធិនៃព្រះយេស៊ូវ នៅគ្រប់ទាំងភាសាដែលពួកគេនិយាយនៅពេលនេះ។ ពួកគេ​បាន​និយាយដោយអំណាច​ អំពីការងារដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះ ហើយពួកគេលាតត្រដាងរឿងប្រាប់ដល់អ្នកស្តាប់ទាំងឡាយនូវផែនការនៃសេចក្តីសង្គ្រោះ នៅក្នុងក្តីមេត្តាករុណាហើយនិងការលះបង់នៃព្រះរាជបុត្រារបស់ព្រះ។ ពាក្យសំដីរបស់ពួកសាវកបានធ្វើឱ្យមនុស្សរាប់ពាន់នាក់​ដែល​បានស្តាប់ភ្ញាក់រឭក ហើយកែប្រែចិត្ត។ ប្រពៃណីនិងជំនឿឆ្វេងនិយម ដែលពួកសង្គ្រាជបានបណ្តុះបណ្តាលត្រូវបានលុបបំបាត់ចេញពីគំនិតរបស់ពួកគេ ហើយពួកគេបានទទួលយកនូវការបង្រៀនដ៏បរិសុទ្ធនៃព្រះបន្ទូលរបស់ព្រះ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ២:៥-១៣

ខចងចាំ៖​​ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ នៅ​ក្នុង​ដំណាក់​នៃ​ព្រះវរបិតា​ខ្ញុំ មាន​ទី​លំនៅ​ជា​ច្រើន ពុំ​នោះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ នឹង​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ ។ យ៉ូហាន ១៤:១-៣

Powered by CAM