ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ក្រោយគ្រានោះ អញនឹងចាត់វិញ្ញាណរបស់អញទៅលើគ្រប់ទាំងមនុស្ស នោះកូនប្រុសស្រីរបស់ឯងនឹងទាយ ពួកចាស់ៗរបស់ឯងនឹងយល់សប្តិឃើញ ហើយពួកកំឡោះៗរបស់ឯងនឹងឃើញការជាក់ស្តែង។ យ៉ូអែល ២:២៨
អំណានប្រចាំថ្ងៃ សេចក្តីអធិប្បាយរបស់ពេត្រុស
លោកពេត្រុសបានបង្ហាញដល់ពួកគេថា ការសម្តែងនេះ គឺជាការសម្រេចយ៉ាងត្រឹមត្រូវតាមបទទំនាយរបស់ហោរាយូអែល ដែលគាត់បានទាយទុកមុនថា អំណាចបែបនេះនឹងត្រូវប្រទានដល់អ្នកបំរើរបស់ព្រះដើម្បីរៀបចំពួកគេឱ្យបំពេញការងារដ៏ពិសេសមួយ។
លោកពេត្រុសបានរៀបរាប់ត្រួសៗ ត្រឡប់ទៅសម័យកាលមុននៃពូជពង្សរបស់ព្រះគ្រីស្ទ ក្នុងវង្សត្រកូលដ៏មានកិត្តិយសនៅក្នុងដំណាក់របស់ស្តេចដាវីឌ។ គាត់មិនបានប្រើការបង្រៀនណាមួយពីព្រះយេស៊ូវ ដើម្បីបញ្ជាក់អះអាងនូវតំណែងដ៏ពិតប្រាកដរបស់គាត់នោះទេ ព្រោះគាត់បានដឹងពីការប្រកាន់ពូជសាសន៍របស់ពួកគេ គឺមានលក្ខណៈធំធេងណាស់ ដែលវានឹងធ្វើឱ្យសំដីរបស់គាត់ពុំបានទទួលលទ្ធផលឡើយ។ ប៉ុន្តែគាត់បាននាំពួកគេឆ្ពោះទៅកាន់ស្តេចដាវីឌជាមនុស្សដែលសាសន៍យូដាទាំងអស់ចាត់ទុកដូចជាព្រះដែលមានឋានៈដ៏ខ្ពង់ខ្ពស់ គួរឱ្យគោរពសម្រាប់ជាតិសាសន៍របស់គេ។ លោកពេត្រុសបានមានប្រសាសន៍ថា «ដ្បិតហ្លួងដាវីឌមានបន្ទូលពីទ្រង់ថា ទូលបង្គំបានឃើញព្រះអម្ចាស់នៅមុខទូលបង្គំជានិច្ច ពីព្រោះទ្រង់សណ្ឋិតនៅខាងដៃស្តាំទូលបង្គំ ដើម្បីមិនឱ្យទូលបង្គំត្រូវរង្គើឡើយ ហេតុនោះបានជាចិត្តទូលបង្គំមានសេចក្តីអំណរ ហើយអណ្តាតទូលបង្គំក៏ថ្លែងដោយសេចក្តីត្រេកអរមួយទៀតរូបសាច់ទូលបង្គំនឹងស្នាក់នៅដោយសេចក្តីសង្ឃឹមដែរ ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំឱ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឱ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ»។ នៅត្រង់នេះ លោកពេត្រុសបានបង្ហាញថា ព្រះបាទដាវីឌ មិនបានមានបន្ទូលពីទ្រង់ផ្ទាល់នោះទេ ប៉ុន្តែ ព្រះអង្គសម្តែងយ៉ាងច្បាស់អំពីព្រះយេស៊ូវគ្រីស្ទ។ ស្តេចដាវីឌបានសុគត តាមធម្មតា ដូចជាមនុស្សដទៃទៀតដែរ ផ្នូររបស់ទ្រង់ជាមួយនឹងធូលីដីដ៏មានកិត្តិយស ត្រូវបានគេថែរក្សាដោយយកចិត្តទុកដាក់បំផុត រហូតមកទល់សម័យនោះ។
ដាវីឌជាស្តេចនៃសាសន៍អ៊ីស្រាអែល ហើយក៏ជាហោរាម្នាក់ផងដែរ ដែលព្រះជាម្ចាស់បានប្រទានកិត្តិយសជាពិសេស។ នៅក្នុងបទទំនាយដែលព្រះបានបើកសម្តែងឱ្យឃើញ ស្តេចដាវីឌបានបង្ហាញឱ្យឃើញព្រះជន្ម និងបេសកកម្ម របស់ព្រះគ្រីស្ទនៅថ្ងៃខាងមុខ។ ទ្រង់បានឃើញការបោះបង់ចោលរបស់ទ្រង់ (ព្រះយេស៊ូវ) ការកាត់ក្តីទ្រង់ ការឆ្កាង ការបញ្ចុះសព ការមានព្រះជន្មរស់ឡើងវិញ ហើយនិងការយាងឡើងទៅកាន់ស្ថានសួគ៌របស់ទ្រង់។ ស្តេចដាវីឌបានបញ្ជាក់ឱ្យឃើញថា ព្រលឹងរបស់ព្រះគ្រីស្ទ មិនត្រូវបានទុកចោលនៅក្នុងផ្នូរ ហើយសាច់ឈាមរបស់ទ្រង់ក៏មិនឃើញសេចក្តីពុករលួយឡើយ។ ពេត្រុសបានបង្ហាញនូវការសម្រេចបទទំនាយនេះ នៅក្នុងព្រះយេស៊ូវនៃភូមិណាសារ៉ែត។ ព្រះយេហូវ៉ាពិតជាបានលើកទ្រង់ឡើងពីផ្នូរ មុនរាងកាយរបស់ទ្រង់ត្រូវពុករលួយ។ ឥឡូវនេះ ទ្រង់ត្រូវបានលើកតម្កើងឡើងជាស្តេចលើអស់ទាំងពួកទេវតា។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ២:១៤-៣៦
ខចងចាំ៖ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ អ្នករាល់គ្នាជឿដល់ព្រះហើយ ចូរជឿដល់ខ្ញុំដែរ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ ។ យ៉ូហាន ១៤:១-៣