ថ្ងៃអាទិត្យ ទី២២​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ គេ​នឹង​ប្រព្រឹត្ត​ការ​ទាំង​នោះ ដល់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​គេ​មិន​ស្គាល់​ព្រះវរបិតា​ឬ​ខ្ញុំ​ទេ។ យ៉ូហាន ១៦:៣

អំណានប្រចាំថ្ងៃ ការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ

ក្នុងឱកាសដែលមិនអាចបំភ្លេចបាននោះ មនុស្សជាច្រើនដែលពីមុនមកបានចំអកមើល​ងាយ ដល់អ្នកដែលជឿយ៉ាងច្បាស់ថាព្រះយេស៊ូវជាព្រះរាជបុត្រារនៃព្រះ បានទទួលជឿសេចក្តីពិតយ៉ាងច្បាស់ ហើយបានទទួលស្គាល់ទ្រង់ថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ។ មានមនុស្សចំនួន ៣០០០នាក់ត្រូវបានបន្ថែមចូលក្នុងពួកជំនុំ។ ពួកសាវកបាននិយាយដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពាក្យរបស់ពួកគេមិនអាចមានអ្នកណាជំទាស់បានឡើយ ដ្បិតពួកគេត្រូវបានគាំទ្រដោយការអស្ចារ្យដ៏មានអំណាចជាច្រើន ដែលព្រះវិញ្ញាណរបស់ព្រះបានប្រទានមកដល់គេ។ ពួកសាវកផ្ទាល់ក៏មានការភ្ញាក់ផ្អើលផងដែរ ចំពោះលទ្ធផលនៃការចាក់ព្រះវិញ្ញាណបរិសុទ្ធ ហើយ​និងលទ្ធផល នៃចម្រូតព្រលឹងមនុស្សយ៉ាងឆាប់រហ័សដ៏ច្បាស់ក្រឡែត ឥតប្រកែកបាននោះ។ មនុស្សទាំងអស់ពោរពេញដោយការភ្ញាក់ផ្អើល។ អស់អ្នកដែលមានចិត្តរឹងចចេស មិនហ៊ានទាំងបញ្ចេញសំឡេងឬប្រព្រឹត្តអំពើហិង្សាណាមួយ ដើម្បីបង្អាក់ការងារដ៏អស្ចារ្យនោះឡើយ ទោះបីជាគេ​មិនជឿក៏ដោយ ហើយការប្រឆាំងជំទាស់របស់ពួកគេក៏ត្រូវបានបញ្ឈប់មួយរយៈ។

ការបញ្ជាក់ហេតុផលដោយពួកសាវកតែមួយមុខ មិនបានដកចេញនូវការប្រកាន់ពូជសាសន៍ នៃសាសន៍យូដាទេ។ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធបានបញ្ជួនការបញ្ជាក់ហេតុផលទាំងនោះត្រឡប់ទៅផ្ទះវិញ ដោយអំណាច​ដ៏​អស្ចារ្យរបស់ព្រះ នៅក្នុងចិត្តរបស់ពួកគេ។ សេចក្តីទាំងនោះគឺជាព្រួញដ៏មុតស្រួចរបស់ព្រះដ៏មានសព្វព្រះចេស្តា ធ្វើឱ្យពួកគេដឹងនូវកំហុសឆ្គងដ៏អាក្រក់របស់ពួកគេ ក្នុងការបដិសេធន៍និងការឆ្កាងព្រះអម្ចាស់នៃសិរីល្អ។ «កាលគេ​បានឮនោះ គេមានសេចក្តីចាក់ចុចក្នុងចិត្តក៏សួរពេត្រុសនិងពួកសាវកឯទៀត បងប្អួនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច ពេត្រុសឆ្លើយតបថា ចូរអ្នក​រាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវ​ព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឱ្យបានរួចពីបាប នោះអ្នករាល់គ្នា​នឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ»។

ពេត្រុសបានប្រញាប់ទៅផ្ទះរបស់អ្នកដែលបានដឹងខ្លួន ដើម្បីប្រាប់​ពួកគេនូវការពិត ដែលពួកគេបានបោះបង់ចោលព្រះយេស៊ូវ ដោយសារតែពួកគេត្រូវបានបោកបញ្ឆោតដោយពួកសង្គ្រាជ និងពួកអ្នកគ្រប់គ្រង ហើយប្រសិនបើពួកគេនៅតែបន្តទទួលការទូន្មានពីពួកគេតទៅទៀត ហើយរង់ចាំឱ្យអ្នកដឹកនាំទាំងនោះទទួលស្គាល់ព្រះគ្រីស្ទ មុននឹងពួកគេហ៊ានប្រកាសទទួលទ្រង់នោះ ពួកគេនឹងមិនអាចទទួលទ្រង់ធ្វើជាព្រះរបស់ពួកគេឡើយ។ មនុស្សដ៏មានអំណាចទាំងនោះ ជាមនុស្សលោភលន់ ច្រណែននឹងសិរីល្អដ៏បរិបូររបស់ព្រះយេស៊ូវនៅលើផែនដីនេះ ទោះបីជាពួកគេប្រកាសថា ពួកគេ​ជាមនុស្សបរិសុទ្ធក៏ដោយ។ ពួកគេនឹងមិនដែលមកឯព្រះគ្រីស្ទដើម្បីទទួលពន្លឺឡើយ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពួកគេជាមុននូវការដាក់ទោសជាទម្ងន់ដល់ពួកមនុស្សទាំងនោះ ចំពោះសេចក្តីជំនឿដ៏ចចេសរឹងរូសរបស់ពួកគេ ទោះបីជាមានភស្តុតាងដ៏មានអំណាចបំផុតត្រូវបានបង្ហាញដល់ពួកគេថាព្រះយេស៊ូវគឺជាព្រះរាជបុត្រារបស់ព្រះក៏ដោយ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ២:៣៧-៤៧

ខចងចាំ៖​​ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

Powered by CAM