ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ក្រោយបង្អស់នេះ ចូរឲ្យគ្រប់គ្នាមានគំនិតតែ១ ព្រមទាំងមានចិត្តអាណិតអាសូរ ហើយស្រឡាញ់គ្នាជាបងប្អូន និងមានចិត្តទន់សន្តោស ហើយសុភាព។ ពេត្រុសទី១ ៣:៨
អំណានប្រចាំថ្ងៃ មេរៀនសម្រាប់មនុស្សនៅសម័យនេះ
ចាប់ពីពេលនេះមក ភាសារបស់ពួកសាវក ជាភាសាបរិសុទ្ធ សាមញ្ញ ហើយត្រឹមត្រូវ ទាំងសំដី និងសំនៀង ទោះបីជាពួកគេបាននិយាយភាសាកំណើតរបស់គេ ឬភាសាបរទេសក៏ដោយ។ មនុស្សដ៏សុភាព (បន្ទាបខ្លួន) ដែលមិនធ្លាប់បានរៀននៅសាលាហោរាទាំងអស់នោះបានសម្តែងនូវសេចក្តីពិត កាន់តែខ្ពង់ខ្ពស់និងបរិសុទ្ធឡើង ធ្វើឱ្យអស់អ្នកដែលបានស្តាប់ពួកគេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេមិនអាចធ្វើដំណើរទៅកាន់គ្រប់ទីកន្លែង នៅលើផែនដីនេះ ដោយផ្ទាល់បានទេ ប៉ុន្តែ មានមនុស្សជាច្រើននៅឯពិធីជប់លៀង ដែលមកពីគ្រប់ទីកន្លែងលើផែនដី ហើយសេចក្តីពិតដែលគេបានទទួល ត្រូវបានពាំនាំយកទៅចែកចាយតាមផ្ទះរបស់គេនីមួយៗហើយបានផ្សព្វផ្សាយក្នុងចំណោមបណ្តាមនុស្សជាច្រើន ជាការនាំមនុស្សមកថ្វាយដល់ព្រះគ្រីស្ទ។
ទីបន្ទាល់ដែលទាក់ទងនឹងការបង្កើតពួកជំនុំគ្រីស្ទសាសនាដែលបានផ្តល់មកឱ្យយើងនេះ មិនគ្រាន់តែជាផ្នែកសំខាន់នៃប្រវត្តិសាស្ត្រដ៏ពិសិដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមេរៀនសម្រាប់ពួកយើងរាល់គ្នារៀនសូត្រដែរ។ អស់អ្នកណាដែលទទួលស្គាល់នូវព្រះនាមរបស់ព្រះគ្រីស្ទ ត្រូវតែរង់ចាំ ចាំយាម អធិដ្ឋានដោយចិត្តព្រមព្រៀងគ្នាតែមួយ។ ការខ្វែងគំនិតគ្នាទាំងឡាយ ត្រូវតែដកយកចេញ ហើយការរួបរួមគ្នាដោយក្តីស្រឡាញ់ជាបងប្អូនដល់គ្នាទៅវិញទៅមក ត្រូវតែមានដល់មនុស្សគ្រប់គ្នា។ នោះការអធិដ្ឋានរបស់យើងនឹងឡើងទៅដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ជាមួយគ្នា ដោយកម្លាំងនិងសេចក្តីជំនឿដ៏ស្មោះត្រង់។ ពេលនោះយើងអាចរង់ចាំការសម្រេចតាមសេចក្តីសន្យាដោយក្តីអត់ធ្មត់ និងក្តីសង្ឃឹម។ ការឆ្លើយតប អាចកើតឡើងយ៉ាងរហ័សភ្លាមៗ ឬមួយក៏វាអាចនឹងពន្យារពេលជាច្រើនថ្ងៃ ច្រើនសប្តាហ៍ ហើយសេចក្តីជំនឿរបស់ពួកយើងនឹងទទួលការសាកល្បង។ ប៉ុន្តែព្រះទ្រង់ជ្រាបថា តើត្រូវឆ្លើយតបនឹងការអធិដ្ឋានរបស់យើងនៅពេលណា និងដោយរបៀបណា។ ការងាររបស់ពួកយើងគឺភ្ជាប់ខ្លួនយើងទៅជាមួយនឹងអំណាចរបស់ព្រះ។ ព្រះទ្រង់ទទួលខុសត្រូវចំពោះចំណែកនៃការងាររបស់ទ្រង់។ បញ្ហាដ៏ធំនិងមានសារៈសំខាន់របស់យើងគឺត្រូវមានចិត្តនិងគំនិតតែមួយ ដោយបំភ្លេចចោលនូវការច្រណែននិន្ទាទាំងអស់ ហើយចាំយាម និងរង់ចាំដោយបន្ទាបខ្លួន។ ព្រះយេស៊ូវជាអ្នកតំណាង និងជាអ្នកដឹកនាំរបស់ពួកយើង ទ្រង់ប្រុងនឹងធ្វើមកលើយើងដូចជាទ្រង់បានធ្វើដល់អ្នកដែលអធិដ្ឋាន អ្នកចាំយាម នៅថ្ងៃប៉ង់តាកុសដូច្នោះដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ កូរិនថូសទី២ ជំពូក ៦:១-៧
ខចងចាំ៖ ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង ។ កិច្ចការ ១:៨