ថ្ងៃអង្គារ ទី២៤​ ខែឧសភា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣៣)​

ការព្យាបាលជនពិការ

​(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ជំពូកទី ៣ និងទី ៤)

អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏​ដោយ គង់​តែ​ទ្រង់​បាន​ត្រឡប់​ជា​ក្រ ដោយ​ព្រោះ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់។ កូរិនថូសទី២ ៨:៩

អំណានប្រចាំថ្ងៃ

មិនយូរប៉ុន្មាន ក្រោយពីការយាងមកសណ្ឋិតរបស់ព្រះវិញ្ញាណបរិសុទ្ធ និងក្រោយពីការប្រជុំអធិស្ឋានយ៉ាងខ្ជាប់ខ្ជួនមក នោះលោកពេត្រុសនិងលោកយ៉ូហានបានទៅចូលរួមថ្វាយបង្គំព្រះនៅឯព្រះវិហារមួយនៅទីនោះគាត់បានឃើញបុរសម្នាក់ដែលបានរងទុក្ខដោយពិការភាព អស់រយៈពេល ៤០ឆ្នាំ ហើយលោកទាំងពីរក៏មានចិត្តក្តួលអាណិតដល់បុរសម្នាក់នេះយ៉ាងខ្លាំង។ បុរសម្នាក់នេះ មានបំណងចង់ទៅរកព្រះយេស៊ូវដើម្បី​ឱ្យទ្រង់​ព្យាបាល​​គាត់ ឱ្យរួចពីភាពពិការនេះដែរ តែគាត់មិនអាចទៅបាន ព្រោះគ្មាន​អ្នកណា​ជួយយកគាត់ទៅ ទីបំផុត គាត់បានត្រឹមតែសូមឱ្យគេជួយ​សែងគាត់មកដាក់នៅមាត់ទ្វារព្រះវិហារតែប៉ុណ្ណោះ។ ប៉ុន្តែ ជាអកុសលនៅពេល​ដែលគាត់​បាន​មកដល់ក្រុងយេរូសាឡិម នោះគាត់បានដឹងថាព្រះដែលជាគ្រូពេទ្យ ដែលជាសេចក្តីសង្ឃឹមតែមួយគត់របស់គាត់ ដែលនឹងអាចព្យាបាលភាពពិការរបស់គាត់បាននោះត្រូវគេធ្វើគុតយ៉ាងព្រៃផ្សៃជាទីបំផុតទៅហើយ។

ការអស់សង្ឃឹមរបស់គាត់បានធ្វើឱ្យអ្នកដែលដឹងពីសេចក្តីសង្ឃឹម និងរំពឹងអំពីការព្យាបាលរបស់ព្រះយេស៊ូវដល់គាត់ កាន់តែមានចិត្តក្តួល​អាណិតដល់គាត់ ហើយគេក៏បានជួយសែងគាត់មកដាក់នៅមាត់ទ្វារព្រះវិហារ ដើម្បីឱ្យគេបានដាក់ទានដល់គាត់។ នៅពេលដែលលោកពេត្រុស ហើយនិងយ៉ូហានបានធ្វើដំណើរកាត់ទីនោះ បុរសពិការនេះក៏បានសូមទានពីលោកទាំងពីរ។ សាវកទាំងពីរបានមើលទៅគាត់ដោយសេចក្តី​អាណិត​អាសូរ «តែពេត្រុសព្រមទាំងយ៉ូហានក៏សម្លឹងមើលទៅគាត់ប្រាប់ថា «ចូរមើល​​​មកយើងឯណេះ!» «ឯប្រាក់ ហើយនិងមាស ខ្ញុំគ្មានទេ តែរបស់​ដែលខ្ញុំមាននោះ ខ្ញុំនឹងឱ្យដល់អ្នក គឺដោយ​សារ ព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ»។

​នៅពេលដែលលោកពេត្រុសបានមានប្រសាសន៍ថាគ្មានប្រាក់ហើយនិងមាសទេនោះ បុរសពិការដ៏កំសត់នោះបានធ្លាក់ទឹកមុខ ប៉ុន្តែគាត់មានទឹកមុខភ្លឺថ្លាប្រកបដោយក្តីសង្ឃឹមឡើងវិញ នៅពេលដែលសាវកពេត្រុសមានប្រសាសន៍បន្តទៅទៀត។ «រួចក៏ចាប់ដៃស្តាំលើកគាត់ឡើង ស្រាប់តែ​ប្រអប់​ជើងនិងភ្នែកគោរបស់គាត់មានកម្លាំងឡើងភ្លាម គាត់ក៏ស្ទុះឈរឡើង ដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរដល់ព្រះផង បណ្តាជនទាំងអស់គ្នាក៏ឃើញគាត់ដើរ ទាំងសរសើរព្រះដូច្នោះ ហើយគេស្គាល់គាត់ថាជាអ្នកដែលតែងតែអង្គុយសូមទានគេ នៅត្រង់មាត់ទ្វារលំអរបស់ព្រះវិហារ នោះគេក៏មានពេញ​ជា​សេចក្តីអស្ចារ្យ ហើយមមីងមមាំងពីការដែលកើតមកនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៣:១-១០

ខចងចាំ៖​​ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

Powered by CAM