ថ្ងៃពុធ ទី២៥​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ទី​សំគាល់​ទាំង​នេះ​នឹង​ជាប់​តាម​អស់​អ្នក​ដែល​ជឿ គឺ​ថា គេ​នឹង​ដេញ​អារក្ស​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ហើយ​និង​ចេះ​និយាយ​ភាសា​ថ្មី និង​ចាប់​កាន់​ពស់​បាន ឬ​បើ​គេ​ផឹក​អ្វី​ពុល នោះ​មិន​ធ្វើ​ឲ្យ​អន្តរាយ​ទេ ហើយ​គេ​នឹង​ដាក់​ដៃ​លើ​មនុស្ស​ជំងឺ​ឲ្យ​បាន​ជា​ផង។ ម៉ាកុស ១៦:១៧-១៨

អំណានប្រចាំថ្ងៃ នៅក្នុងព្រះនាមនៃព្រះយេស៊ូវ

ពួកសាសន៍យូដាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញសាវករបស់ព្រះយេស៊ូវអាចធ្វើការអស្ចារ្យដូចជាទ្រង់ដែរ។ នៅពេល​ដែល​ព្រះយេស៊ូវ​​​សុគត ពួកសាសន៍យូដាបានរំពឹងថាការអស្ចារ្យ ទាំងឡាយដែលទ្រង់​បានធ្វើនឹងត្រូវបានបញ្ចប់ជាមួយនឹងការសុគតរបស់ទ្រង់ជាមិនខាន។ ប៉ុន្តែនៅថ្ងៃនេះពួកគេបានឃើញបុរសពិការម្នាក់ ដែលមិនអាចជួយខ្លួន​ឯង​បាន​អស់រយៈពេល ៤០ ឆ្នាំមកហើយ កំពុងតែលោត ច្រៀង ដោយអំណរ ដោយគាត់បានរួចពីការឈឺចាប់ ហើយមានជំនឿយ៉ាងមុតមាំទៅលើព្រះយេស៊ូវថែមទៀតផង។

នៅពេលដែលលោកទាំងពីរបានឃើញថាហ្វូងមនុស្សមានការភ្ញាក់ផ្អើល ហើយមានការអស្ចារ្យនោះ លោកក៏បានមានប្រសាសន៍ទៅគេថា «ហេតុអ្វីបានជាអ្នករាល់គ្នាមានការអស្ចារ្យ ហើយភ្ញាក់ផ្អើលពីការទាំងនេះ ព្រមទាំងគិតថា យើងជាអ្នកដែលមានអំណាចក្នុងការធ្វើការនេះដូច្នោះ?»។ លោកពេត្រុសក៏បានបញ្ជាក់ប្រាប់ដល់ពួកគេថា ការទាំងនេះបានកើត​ឡើងតាមរយៈព្រះយេស៊ូវគ្រីស្ទពីស្រុកណាសារ៉ែតតែមួយអង្គប៉ុណ្ណោះ ហើយ​ទ្រង់​នេះហើយ ដែលត្រូវគេបដិសេធ មិនទទួលស្គាល់ ព្រមទាំងបានឆ្កាង​ទ្រង់ផង ប៉ុន្តែ ព្រះបានប្រោសឱ្យទ្រង់មានព្រះជន្មរស់ឡើងវិញនៅថ្ងៃទីបី។ «ហើយគឺដោយសារសេចក្តីជំនឿជឿដល់ព្រះនាមទ្រង់ នោះព្រះនាមទ្រង់បានប្រោសមនុស្សនេះ ដែលអ្នករាល់គ្នាឃើញ ហើយស្គាល់ឱ្យមាន​កម្លាំង​ឡើង គឺជាសេចក្តីជំនឿ ដែលកើតមកដោយសារព្រះអង្គនោះឯង បានធ្វើឱ្យ​គាត់ជាស្រឡះ នៅមុខអ្នករាល់គ្នាដូច្នេះ ឥឡូវនេះ បងប្អូនអើយ ខ្ញុំដឹងថា​អ្នករាល់គ្នា ព្រមទាំងពួកនាហ្មឺននៃអ្នករាល់គ្នាបានប្រព្រឹត្តការនោះ ដោយ​មិនបានយល់ទេ ប៉ុន្តែ សេចក្តីដែលព្រះបានប្រកាសប្រាប់ជាមុន ដោយសារមាត់នៃអស់ទាំងហោរារបស់ទ្រង់ ពីដំណើរព្រះគ្រីស្ទថា ទ្រង់ត្រូវរងទុក្ខ​លំបាក នោះព្រះទ្រង់ក៏បានសម្រេចតាម យ៉ាងដូច្នោះឯង»។

ក្រោយពីការអស្ចារ្យនោះមក មានមនុស្សជាច្រើនបានប្រជ្រៀតគ្នាចូលទៅថ្វាយបង្គំព្រះ នៅក្នុងព្រះវិហារ ដូច្នេះ លោកពេត្រុសក៏បានអធិប្បាយនៅជ្រុងមួយ ហើយលោកយ៉ូហាន នៅជ្រុងមួយទៀត។ ពួកសាវកដែល​កំពុងតែ អធិប្បាយអំពីបទឧក្រិដ្ឋរបស់ពួកយូដា ក្នុងការដែលពួកគេបានបដិសេធព្រះយេស៊ូវ ហើយបានធ្វើគុតទ្រង់នោះបាន អធិប្បាយយ៉ាងប្រុងប្រយត្ន័ជាទីបំផុត ដើម្បីមិនឱ្យមានការអាក់អន់ចិត្ត នឹងភាពអស់សង្ឃឹមកើតមានឡើងដល់ពួកយូដាឡើយ។ លោកពេត្រុសបានសម្រាលទោសកំហុសរបស់គេដោយមាន​ប្រសាសន៍ថាអ្វីដែលពួកគេបានធ្វើនោះគឺពួកគេ​ធ្វើ​ដោយមិនដឹងខ្លួនទេ ហើយគាត់ក៏បានប្រកាសប្រាប់ដល់គេថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែត្រាស់ហៅពួកគេ ឱ្យលន់តួបាបរបស់គេ ហើយផ្លាស់ប្តូរ​ជំនឿរបស់ពួកគេចេញ ព្រោះពួកគេគ្មានសេចក្តីសង្ឃឹមណាទៀត ក្រៅពី​ព្រះគ្រីស្ទយេស៊ូ ដែលពួកគេបានឆ្កាងនោះឡើយ។ មានតែសេចក្តីជំនឿ​ទៅលើទ្រង់តែប៉ុណ្ណោះ ដែលអំពើបាបរបស់ពួកគេ អាចអត់ទោសឱ្យបាន តាមរយៈព្រះលោហិតរបស់ទ្រង់។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៣:១១-២៦

ខចងចាំ៖​​ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

Powered by CAM