ថ្ងៃសៅរ៍ ទី២៨​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ដែល​មាន​សេចក្តី​សង្ឃឹម​ជា​ខ្លាំង​ក្រៃ​ដល់​ម៉្លេះ នោះ​យើង​ខ្ញុំ​កើត​មាន​សេចក្តី​ក្លាហាន​ណាស់ មិន​មែន​ដូច​លោក​ម៉ូសេ ដែល​យក​ស្បៃ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ជនជាតិ​អ៊ីស្រាអែល បាន​សំឡឹង​មើល​ទៅ​ដល់​ចុង​នៃ​សេចក្តី ដែល​កំពុង​តែ​សូន្យ​បាត់​ទៅ​នោះ​ឡើយ។ កូរិនថូសទី២ ៣:១២

អំណានប្រចាំថ្ងៃ ការស្មោះត្រង់ចំពោះព្រះយេស៊ូវ

ការតវ៉ា​យ៉ាងក្លាហានរបស់ពេត្រុសនេះ ធ្វើឱ្យពួកអ្នកដឹកនាំមានការស្ញប់ស្ញែងជាខ្លាំង។ គាត់បានមានប្រសាសន៍អំពីថ្មដែលពួកមេជាងមិនអើពើ នេះមានន័យថា ​ពួកអ្នកដឹកនាំក្នុងព្រះវិហារដឹងពីតម្លៃរបស់ទ្រង់ តែគេបែរ​ជាបដិសេធទ្រង់ទៅវិញ ប៉ុន្តែថ្មនេះបានក្លាយជាថ្មជ្រុងយ៉ាងឯកវិញ។ លោកពេត្រុសបានមានប្រសាសន៍អំពីព្រះគ្រីស្ទដែលជាមូលដ្ឋានគ្រឹះរបស់ពួកជំនុំ។

ហ្វូងមនុស្សមានការភ្ញាក់ផ្អើលចំពោះភាពក្លាហានរបស់ពួកសាវកជាខ្លាំង ព្រោះពួកគេធ្លាប់គិតថា ដោយសារតែពួកសាវកគឺជាអ្នកនេសាទដ៏ល្ងង់ខ្លៅ នោះពួកសម្តេចសង្ឃ ពួកអ្នកដឹកនាំសាសនា នឹងអាចយកឈ្នះលើពួកគេបានយ៉ាងងាយស្រួល។ ប៉ុន្តែ ពួកសាវកបានសម្តែងឱ្យឃើញថាពួកគេមានចំណេះដឹងដែលពួកគេទទួលបានតាមរយៈព្រះយេស៊ូវវិញ។ ពួកសាវកបាននិយាយនូវអ្វីដែលព្រះយេស៊ូវធ្លាប់បានមានបន្ទូល ដោយអំណាច​ព្រះ​ចេស្តារបស់ព្រះ រហូតធ្វើឱ្យពួកអ្នកដឹកនាំទាំងនោះនៅស្ងៀម។ ដូច្នេះ ដើម្បី​បន្តរឿងក្តីនេះ ពួកសម្តេចសង្ឃក៏បានបញ្ជាឱ្យគេនាំយកពួកសាវកចេញទៅដើម្បីឱ្យពួកគេបានពិគ្រោះគ្នាចំពោះរឿងក្តីនេះ។

ពួកគេបានយល់​​ព្រមថា ពួកគេមិនអាចប្រកែកថាបុរសខ្វិនម្នាក់នោះមិនបានជាឡើងវិញបានទេ ដោយសារឈ្មោះយេស៊ូវ​ដែលបានប្រគល់​អំណាចដល់ពួកសាវកក្នុងការធ្វើការនេះ។ ពួកគេអាចនឹងបំប្លែងការអស្ចារ្យនោះឱ្យក្លាយទៅជាការក្លែងក្លាយបាន ប៉ុន្តែ វាមិនមែនជាការងាយស្រួលទេ ដោយសារតែការនោះកើតឡើងនៅពេលថ្ងៃ ហើយមានមនុស្ស​ជាច្រើន​បានឃើញការអស្ចារ្យនោះ ព្រមទាំងបានផ្សព្វផ្សាយដល់មនុស្សរាប់ពាន់នាក់ផង។ ពួកគេបានប្តេជ្ញាគ្នាថា ការនោះ ត្រូវតែបញ្ឈប់ជាបន្ទាន់ បើពុំ​នោះ​ទេ នឹងមានមនុស្សជាច្រើនជឿដល់ព្រះយេស៊ូវ ហើយពេលនោះ ពួកគេ​ប្រាកដ​ជាទទួលការអាប់ឱន ហើយត្រូវបណ្តាជនបង្ខំឱ្យទទួលខុសត្រូវចំពោះការសុគតនៃព្រះរាជបុត្រារបស់ព្រះជាមិនខានឡើយ។ ប៉ុន្តែ ទោះបី​​ជាគេចង់បំផ្លាញកិច្ចការរបស់ពួកសាវកយ៉ាងណាក៏ដោយ ក៏គេមិនហ៊ានធ្វើអ្វីឱ្យលើសពីនេះដែរ គឺពួកគេគ្រាន់តែគំរាមកំហែងមិនឱ្យពួកសាវកធ្វើការអស្ចារ្យទៀត និងមិនឱ្យបង្រៀនពីឈ្មោះយេស៊ូនោះទៀតតែប៉ុណ្ណោះ។ តែនៅពេលនោះ លោកពេត្រុសនិងលោកយ៉ូហាន បានឆ្លើយឡើង​យ៉ាង​ក្លាហានថា ព្រះបានប្រទានការនេះដល់យើង ដូច្នេះយើងនឹងនៅតែនិយាយពីការអ្វីដែលយើងបានឃើញនិងបានឮ។ ពួកសម្តេចសង្ឃនិងអ្នកដឹកនាំចង់ដាក់ទោសដល់ពួកសាវក ចំពោះការដែលពួកគេរឹងទទឹង ប៉ុន្តែពួកគេភ័យខ្លាចក្រែងបណ្តាជនបះបោរប្រឆាំងនឹងគេវិញ។ ដូច្នេះ ពួកគេក៏បានសម្រេចចិត្តដោះលែងពួកសាវកឱ្យមានសេរីភាពវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៤:២៣-៣៦

ខចងចាំ៖​​ ប៉ុន្តែ កាល​ណា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង ។ កិច្ចការ ១:៨

Powered by CAM