ថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២
(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៥:១២-៤២)
អំណានព្រះគម្ពីរពេលព្រឹក៖ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះវរបិតា ហើយការអ្វីក៏ដោយ ដែលអ្នករាល់គ្នានឹងសូម ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំនឹងសំរេចឲ្យ ដើម្បីឲ្យព្រះវរបិតាបានដំកើងឡើងក្នុងព្រះរាជបុត្រ។ យ៉ូហាន ១៤:១២-១៣
អំណានប្រចាំថ្ងៃ
ពួកសាវកបានបន្តបេសកកម្មនៃសេចក្តីមេត្តាករុណារបស់គេ ក្នុងការព្យាបាលអ្នកឈឺ និងការចែកចាយដំណឹងពីការសុគត ហើយនិងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ដោយអំណាចដ៏អស្ចារ្យ។ មានមនុស្សជាច្រើនបានទទួលបុណ្យជ្រមុជទឹក ហើយបានចូលជាសមាជិកក្រុមជំនុំជាបន្តបន្ទាប់ ហើយអស់អ្នកទាំងនោះសុទ្ធតែជាអ្នកដែលរួមចិត្តគំនិតតែមួយក្នុងសេចក្តីជំនឿ ជឿដល់ព្រះគ្រីស្ទ។ មានមនុស្សជាច្រើនបាននាំគ្នាធ្វើដំណើរមកក្រុងយេរូសាឡិម ដោយបាននាំអ្នកដែលមានជំងឺនិងអ្នកដែលមានវិញ្ញាណអារក្សចូលមកជាមួយផង។ អ្នកដែលរងគ្រោះ ទាំងនោះត្រូវបានគេដាក់ឱ្យដេកនៅតាមផ្លូវដែលពេត្រុសនិងយ៉ូហានឆ្លងកាត់ ដើម្បីឱ្យស្រមោលរបស់លោកទាំងពីរបានដើរនៅលើពួកគេហើយព្យាបាលជំងឺរបស់គេ។ ព្រះចេស្តារបស់ព្រះអង្គសង្គ្រោះបានសណ្ឋិតលើពួកសាវក ហើយពួកគេបានធ្វើការអស្ចារ្យជារៀងរាល់ថ្ងៃ ធ្វើឱ្យចំនួនអ្នកជឿកាន់តែកើនច្រើនឡើងៗ។
ការទាំងនេះបានធ្វើឱ្យរំខានចិត្តដល់ពួកសម្តេចសង្ឃ ហើយនិងពួកអ្នកដឹកនាំជាខ្លាំង ជាពិសេស ដល់ពួកមេសាសនាទាំងឡាយ។ ពួកគេយល់ឃើញថា ប្រសិនបើបន្តឱ្យពួកសាវកអធិប្បាយអំពីការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះរបស់គេ ហើយឱ្យគេនៅតែបន្តធ្វើការអស្ចារ្យ ដោយនូវព្រះនាមរបស់ព្រះគ្រីស្ទតទៅទៀត នោះគោលលទ្ធិស្តីពីការមិនរស់ពីស្លាប់ឡើងវិញរបស់គេ នឹងត្រូវពួកបណ្តាជនបដិសេធ ហើយលទ្ធិរបស់គេនឹងត្រូវបានវិនាសហិនហោចជាមិនខានឡើយ។ ពួកផារិស៊ីបានយល់ឃើញថា ការបង្រៀនរបស់ពួកសាវក នឹងធ្វើឱ្យពិធីនៃការ ថ្វាយតង្វាយរបស់ពួកយូដាគ្មានប្រសិទ្ធិភាព។ ការខំប្រឹងប្រែងរបស់ពួកគេកន្លងមក ដើម្បីបន្ទុចបង្អាក់ដល់ការដែលអ្នកអធិប្បាយទាំងនោះ បានក្លាយជាការឥតប្រយោជន៍ ប៉ុន្តែ ឥឡូវនេះពួកគេចាំបាច់ត្រូវតែបញ្ឈប់ការរំជើបរំជួលរបស់ពួកបណ្តាជនសិន។
ពួកសាវកត្រូវបានគេចាប់ដាក់គុក ហើយពួកអ្នកដឹកនាំក៏បាននាំគ្នាមកដើម្បីនឹងជំនុំជំរះពួកគេ។ មានអ្នកចេះដឹងជាច្រើននាក់ បន្ថែមលើក្រុមប្រឹក្សា បានមកពិភាក្សាគ្នា ដើម្បីរកមធ្យោបាយថាត្រូវធ្វើយ៉ាងណាជាមួយនឹង ពួកអ្នកដែលនាំឱ្យមានការរំជើបរំជួលទាំងនោះ។ «ប៉ុន្តែនៅយប់នោះឯង ទេវតារបស់ព្រះជាម្ចាស់បានមកបើកទ្វារគុក ហើយបានមានបន្ទូលទៅកាន់គេថា ចូរទៅបង្រៀនដល់ហ្វូងមនុស្សនៅឯព្រះវិហារ ពីព្រះបន្ទូលដ៏ពិតចុះ ដូច្នេះពួកគេ ក៏បានចូលទៅក្នុងព្រះវិហារ ហើយបង្រៀនដល់ហ្វូងមនុស្សនៅព្រឹកនោះ»។
នៅពេលដែលពួកសាវកបានលេចមកឯពួកជំនំុ ហើយបានប្រាប់ពីការដែលទេវតារបស់ព្រះបាន បើកទ្វារគុក ហើយនាំគេចេញមក ក្នុងខណៈដែលអ្នកយាមគុកកំពុងតែឈរនៅមាត់គុក ព្រមទាំងបានឱ្យគេបន្តការងារ ដែលត្រូវ បានពួកសង្ឃនិងពួកដឹកនាំរំខាននោះ ពួកជំនំុក៏រឹតតែពោរពេញទៅដោយអំណរនិងការអស្ចារ្យ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៥:១២-១៦
ខចងចាំ៖ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ។ យ៉ូអែល ២:៨