ថ្ងៃអង្គារ ទី០៣ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥
អំណានប្រចាំថ្ងៃ សេចក្តីស្រឡាញ់ដ៏អស្ចារ្យ
បេសកកម្មនៃព្រះជន្មនៅលើផែនដីរបស់ព្រះគ្រីស្ទ ឥឡូវនេះ ជិតចប់សព្វគ្រប់ហើយ។ អណ្តាតរបស់ទ្រង់ស្ងួត ហើយទ្រង់មានបន្ទូលថា «ខ្ញុំស្រេកទឹកណាស់»។ ពួកគេបានយកក្រណាត់ជ្រលក់ទឹកខ្មេះថ្វាយទ្រង់សោយ ហើយនៅពេលដែលទ្រង់បានភ្លក់ដឹងរសជាតិ ទ្រង់បានបដិសេធមិនព្រមសោយឡើយ។ ហើយឥឡូវនេះ ព្រះអម្ចាស់នៃជីវិតនិងសិរីល្អ ទ្រង់បានសុគត ដើម្បីជាថ្នូរជាមួយនឹងមនុស្សលោក។ គឺជាអំពើបាបដែលនាំមកនូវសេចក្តីក្រោធរបស់ព្រះវរបិតាទ្រង់មកលើអង្គទ្រង់ (ព្រះគ្រីស្ទ) ជាអ្នកសុគតជំនួសមនុស្សលោក ដែលបានធ្វើឱ្យពែងដែលទ្រង់សោយ ល្វីងជូរចត់យ៉ាងក្រៃលែងហើយបានធ្វើឱ្យព្រះទ័យនៃព្រះរាជបុត្រារបស់ព្រះត្រូវខ្ទេចខ្ទាំ។
ជាអ្នកសុគតជំនួសមនុស្សលោក សេចក្តីទុច្ចរិតរបស់មនុស្សបានធ្លាក់មកលើអង្គទ្រង់ ទ្រង់ត្រូវបានរាប់ថាជាជនរំលងច្បាប់ ដែលទ្រង់អាចរំដោះគេឱ្យរួចពីបណ្តាសានៃច្បាប់។ ពិរុទ្ធភាពរបស់កូនចៅលោកអ័ដាមគ្រប់សម័យកាល កំពុងសង្កត់ទៅលើព្រះទ័យទ្រង់ ហើយសេចក្តីក្រោធរបស់ព្រះនិងការមិនពេញព្រះទ័យរបស់ទ្រង់ ដោយសារតែអំពើទុច្ចរិតបានបំពេញវិញ្ញាណព្រះរាជបុត្រានៃទ្រង់ដោយទុក្ខព្រួយ។
ការដកហូតភាពជាព្រះចេញពីព្រះអង្គសង្គ្រោះ នៅក្នុងពេលវេលានៃការថប់បារម្ភជាទម្ងន់នេះបានចាក់ទម្លុះព្រះទ័យរបស់ទ្រង់ដោយទុក្ខព្រួយ ដែលមនុស្សលោកមិនអាចយល់បាន។ គ្រប់ទាំងការឈឺចាប់ដែលព្រះរាជបុត្រារបស់ព្រះរងទ្រាំនៅលើឈើឆ្កាង តំណក់ឈាមដែលបានហូរចេញពីព្រះសិរសា ពីព្រះហស្តនិងព្រះបាទរបស់ទ្រង់ ការឈឺចាប់ដែលយាយីដល់ព្រះកាយរបស់ទ្រង់ ជាការឈឺចាប់ខ្លាំងរកថ្លែងពុំបានដែលបានបំពេញមកលើវិញ្ញាណរបស់ទ្រង់ ធ្វើឱ្យព្រះវរបិតាបែរព្រះភក្ត្រចេញពីទ្រង់ ដោយមានបន្ទូលទៅកាន់មនុស្សលោកថា វាគឺជាសេចក្តីស្រឡាញ់នៃទ្រង់ ដែលព្រះរាជបុត្រារបស់ព្រះយល់ព្រមទទួលបទឧក្រិដ្ឋដ៏សាហាវយង់ឃ្នងទាំងអស់ មកលើអង្គទ្រង់ផ្ទាល់ ដែលតាមរយៈទ្រង់បានបំបាត់អំណាចនៃសេចក្តីស្លាប់ ហើយបើកទ្វារនៃនគរស្ថានសួគ៌ និងជីវិតដែលមិនចេះស្លាប់។ ព្រះអង្គជាព្រះដែលដកយកចិត្ត ឆេវឆាវរបស់មនុស្ស ដោយព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់គឺជាព្រះដែលបានធ្វើឱ្យវិញ្ញាណអាក្រក់ភ័យញ័ររន្ធត់ ហើយជំងឺរត់គេចចេញ ដោយសារការប៉ះពាល់របស់ទ្រង់ ទ្រង់ជាព្រះដែលបានប្រោសមនុស្សស្លាប់ឱ្យរស់ឡើងវិញ ហើយប្រោសមនុស្សខ្វាក់ឱ្យមើលឃើញ ទ្រង់បានប្រគល់អង្គទ្រង់ផ្ទាល់ នៅលើឈើឆ្កាង ជាយញ្ញបូជាលើកចុងក្រោយជំនួសមនុស្សលោក។ ទ្រង់គឺជាព្រះដែលទទួលរងនូវអំពើបាប ជាព្រះដែលរងទ្រាំនឹងទណ្ឌកម្មដាច់ខាតរបស់អំពើទុច្ចរិត ហើយទ្រង់បានប្រែក្លាយជាអ្នកមានបាបជំនួសឱ្យមនុស្សលោកទាំងអស់ដោយព្រះអង្គផ្ទាល់។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ២២
ខចងចាំ៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥