ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរនឹកចាំពីពាក្យដែលខ្ញុំបានប្រាប់រួចហើយថា បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា ហើយបើគេបានកាន់តាមពាក្យខ្ញុំ នោះគេនឹងកាន់តាមពាក្យរបស់អ្នករាល់គ្នាដែរ។ យ៉ូហាន ១៥:២០
អំណានប្រចាំថ្ងៃ ការរងវេទនាដើម្បីព្រះយេស៊ូវ
ពួកសម្តេចសង្ឃហើយនិងអ្នកដឹកនាំទាំងឡាយបានសម្រេចចិត្តកាត់ទោសដោយចោទប្រកាន់ ពួកសាវកពីបទ ធ្វើឃាតអាន៉្នានាស និងនាងសាភីរ៉ា (កិច្ចការ ៥ៈ១-១១) និងពីបទរួមគំនិតក្បត់ ប្រឆាំងនឹងការបង្រៀនរបស់ពួកសង្ឃ ដូច្នេះពួកគេមានទោសដល់ស្លាប់ហើយ។ ពួកគេសង្ឃឹមថា បណ្តាជននឹងធ្វើទៅលើពួកសាវក ដូចដែល គេបានធ្វើទៅលើព្រះយេស៊ូវដែរ។ ពួកគេដឹងថាមានពួកយូដាជាច្រើនដែលមិនទាន់បានទទួលយកការបង្រៀនរបស់ព្រះគ្រីស្ទមានការធុញថប់នឹងអំណាចដឹកនាំរបស់ពួកយូដា ថែមទាំងចង់ឱ្យមានការផ្លាស់ប្តូររបបដឹកនាំទៀតផង។ ប្រសិនបើពួកនោះជឿលើការបង្រៀនរបស់ពួកសាវក ហើយទទួកយកព្រះយេស៊ូវជាព្រះមែស្ស៊ីរបស់ពួកគេ នោះពួកគេនឹងលើកគ្នាទាស់នឹងពួកសម្តេចសង្ឃឱ្យទទួលខុសត្រូវចំពោះការសុគតរបស់ព្រះគ្រីស្ទជាមិនខានឡើយ។ ដូច្នេះ ពួកគេបានសម្រេចចិត្តថាត្រូវតែធ្វើយ៉ាងណា ការពារកុំឱ្យរឿងនេះកើតឡើងដល់ពួកគេបាន។ ទីបំផុតគេក៏បានឱ្យទាហានទៅនាំយកអ្នកជាប់ឃុំឃាំងទាំងនោះមកជួបពួកគេ។ ប៉ុន្តែ ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលទាហានបានរាយការណ៍មកថា ទ្វារគុកនៅតែបានបិទយ៉ាងមាំ ហើយអ្នកយាមគុកក៏បានឈរយាមនៅទីនោះដដែល តែគេមិនអាចរកអ្នកជាប់គុកឃើញឡើយ។
រំពេចនោះ មានគេរាយការណ៍មកថា «មើលន៎ អ្នកដែលលោកចាប់ដាក់គុក កំពុងតែឈរបង្រៀនដល់ ហ្វូងមនុស្សនៅព្រះវិហារ»។ ទោះបីជាពួកសាវកត្រូវបានជួយរំដោះឱ្យរួចពីគុកយ៉ាងអស្ចារ្យក៏ដោយ ក៏ព្រះមិនបាន ជួយពួកគេឱ្យរួចពីការជំនុំជម្រះនិងទណ្ឌកម្មដែរ។ ព្រះគ្រីស្ទបានមានបន្ទូលទៅកាន់ពួកសាវក កាលទ្រង់នៅមានព្រះជន្មរស់នៅជាមួយនឹងពួកគេថា «ឱ្យអ្នករាល់គ្នាប្រយ័ត្នខ្លួនពីព្រោះគេនឹងបញ្ជូនអ្នករាល់គ្នាទៅឯក្រុមជំនុំ»។ ព្រះទ្រង់បានប្រទានសញ្ញានៃការថែរក្សារបស់ទ្រង់និងការធានារ៉ាប់រងនៃព្រះវត្តមានរបស់ទ្រង់ដោយចាត់ទេវតារបស់ទ្រង់ឱ្យមកឯពួកគេ។ ឥឡូវនេះ គឺជាពេលដែលគេត្រូវរងទុក្ខ ដោយសារតែព្រះយេស៊ូវដែលពួកគេបានបង្រៀននោះ។ បណ្តាជនបានមានការមិនពេញចិត្តជាខ្លាំងចំពោះអ្វីដែលគេបានឃើញនិងបានឮ ធ្វើឱ្យពួកសម្តេចសង្ឃ ព្រមទាំងពួកអ្នកដឹកនាំបានដឹងថា ពួកគេមិនអាចធ្វើឱ្យបណ្តាមនុស្សលើកគ្នាទាស់នឹងពួកសាវកបានឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៥:១៧-២១
ខចងចាំ៖ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ។ យ៉ូអែល ២:៨