ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែកាលណាគេនាំបញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយជាមុនពីបែបនិយាយ ឬពីពាក្យដែលត្រូវថាឡើយ ត្រូវនិយាយតែសេចក្តីណា ដែលបានប្រទានមកអ្នករាល់គ្នា នៅវេលានោះឯង ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណបរិសុទ្ធទេតើ។ ម៉ាកុស ១៣:១១
អំណានប្រចាំថ្ងៃ ការជំនុំជម្រះលើកទីពីរ
«នោះមេទ័ពនិងពួកអាជ្ញាក៏ទៅនាំគេមក ដោយឥតមានគំហកកំហែងសោះ ដ្បិតខ្លាចក្រែងបណ្តាជនចោលខ្លួននឹងថ្ម។ កាលបាននាំមកដាក់នៅមុខក្រុមជំនុំហើយ នោះសម្តេចសង្ឃស្តីថា តើយើងមិនបានហាមផ្តាច់ មិនឱ្យឯងរាល់គ្នាបង្រៀនពីឈ្មោះនោះទៀតទេឬអី? តែមើលឯងរាល់គ្នា បានបង្រៀនសេចក្តីនោះ នៅពេញក្រុងយេរូសាឡិមទាំងមូលវិញ ព្រមទាំងគិតទម្លាក់ទោស ពីឈាមមនុស្សនោះ មកលើយើងផង?» ពួកគេមិនព្រមទទួលខុសត្រូវ ចំពោះការសុគតរបស់ព្រះយេស៊ូវ ដូចគ្រាដែលពួកគេបានស្រែកថា សូមឱ្យឈាមរបស់គេ ធ្លាក់មកលើយើង ហើយនិងកូនចៅរបស់យើងចុះ» នៅចំពោះហ្វូងមនុស្សដ៏ទាបថោកនោះទេ។
ពេត្រុសហើយនិងសាវកឯទៀត នៅតែមានជំហររឹងមាំ ដូចកាលពីការជំនុំជម្រះលើកមុនដដែល តែពេត្រុស និងពួកសាវកឯទៀតឆ្លើយឡើងថា យើងត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្តាប់បង្គាប់របស់មនុស្ស។ ព្រះនៃពួកអយ្យកោ យើងរាល់គ្នា ទ្រង់បានប្រោសព្រះយេស៊ូវដែលលោករាល់គ្នាបានសម្លាប់ ដោយព្យួរនៅជាប់លើឈើឱ្យទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយព្រះបានតម្កើងទ្រង់ឡើងដោយសារព្រះហស្តស្តាំ ឱ្យធ្វើជាព្រះអម្ចាស់និងជាព្រះអង្គសង្គ្រោះ ដើម្បីនឹងប្រោសប្រទានការប្រែចិត្តដល់សាសន៍អ៊ីស្រាអែលប្រយោជន៍ឱ្យបានរួចពីបាប។ យើងខ្ញុំនេះ ព្រមទាំងព្រះវិញ្ញាណបរិសុទ្ធដែលព្រះបានប្រទានដល់អស់អ្នកដែលស្តាប់បង្គាប់ទ្រង់ដែរ ជាស្មរបន្ទាល់របស់ទ្រង់ពីការទាំងនោះ។
ព្រះវិញ្ញាណរបស់ព្រះបានគង់សណ្ឋិតជាមួយនឹងពួកសាវក ហើយពេលនោះអ្នកចុងចោទបានក្លាយទៅជាដើមចោទវិញ។ ពួកសាវកបានចោទប្រកាន់ដល់ពួកសម្តេចសង្ឃ ហើយនិងអ្នកដឹកនាំថា បានធ្វើគុតដល់ព្រះគ្រីស្ទ។ ពួកយូដាមានការខឹងយ៉ាងខ្លាំងពីការដែលពួកសាវកចោទប្រកាន់ដល់ពួកសង្ឃ ហើយនិងពួកអ្នកដឹកនាំព្រះវិហារ ហើយក៏បាននាំគ្នាសម្រេចចិត្តថានឹងសម្លាប់ពួកសាវកដោយពុំចាំបាច់មានការជំនុំជម្រះទៀត ឬទទួលការអនុញ្ញាតពីរដ្ឋាភិបាលរ៉ូមឡើយ។ ពួកគេមិនត្រឹមតែប្រឡាក់ឈាមក្នុងការធ្វើគុតដល់ព្រះយេស៊ូវប៉ុណ្ណោះទេ ឥឡូវនេះ ពួកគេនឹងសម្លាប់សាវករបស់ទ្រង់ទៀតផង។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៥:២២-៣២
ខចងចាំ៖ ក៏គ្មានណាមួយប្រជ្រៀតគ្នានឹងគ្នាដែរ គឺទាំងអស់ដើរតាមជួររៀងខ្លួន គេទំលុះទំលាយគ្រឿងសស្ត្រាវុធឥតរុញរាថយក្រោយឡើយ។ យ៉ូអែល ២:៨