ថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ មានពពក និងសេចក្តីងងឹតបាំងជុំវិញទ្រង់សេចក្តីសុចរិត និងសេចក្តីយុត្តិធម៌ជាជើងថ្កល់បល្ល័ង្កទ្រង់។ ទំនុកតម្កើង ៩៧:២
អំណានប្រចាំថ្ងៃ ត្រូវបានសង្កត់សង្កិនដោយសារអំពើបាបរបស់យើង
សាតាំងបានធ្វើឱ្យព្រះទ័យរបស់ទ្រង់មានទុក្ខព្រួយ ដោយសេចក្តីល្បួងដ៏សាហាវរបស់វា។ អំពើដែលជាសេចក្តីស្អប់ខ្អើមបំផុតនៅចំពោះទ្រង់ ត្រូវបានបង្គរមកលើអង្គទ្រង់ រហូតដល់ទ្រង់បានស្រែកថ្ងូរក្រោមទម្ងន់នៃអំពើបាប។ គ្មានអ្វីដែលគួរឱ្យសង្ស័យទេថា ភាពជាមនុស្សរបស់ទ្រង់ បានភ័យញ័រនៅក្នុងហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនោះ។ ទេវតាទាំងឡាយបានទតមើលការឈឺចាប់ដ៏អស់សង្ឃឹមនៃព្រះរាជបុត្រារបស់ព្រះ ដែលធ្ងន់ធ្ងរជាងការឈឺចាប់ខាងរាងកាយរបស់ទ្រង់ ដែលទ្រង់ពិបាកនឹងរងទ្រាំ។ ពួកពលបរិវារនៃស្ថានសួគ៌បានបិទមុខ មិនហ៊ានសម្លឹងមើលទិដ្ឋភាព ដ៏គួរឱ្យភ័យខ្លាចនេះឡើយ។
ធម្មជាតិដ៏ស្ងប់ស្ងាត់ បានបញ្ជាក់ពីក្តីអាណិតអាសូរ ជាមួយនឹងការប្រមាថមើលងាយ និងការស្លាប់របស់អ្នកដែលបានបង្កើតខ្លួន(ធម្មជាតិ)។ ព្រះអាទិត្យបានបដិសេធការក្រឡេកមើលទៅព្រឹត្តិការណ៍ដ៏សែនរន្ធត់នេះ។ កាំរស្មីពេញទំហឹងនៃពន្លឺព្រះអាទិត្យដែលកំពុងតែបំភ្លឺផែនដីនៅកណ្តាល ថ្ងៃត្រង់ រំពេចនោះក៏ស្រាប់តែហាក់ដូចជាត្រូវបានគេគ្របបាំងបាត់សូន្យឈឹង។ ភាពងងឹតសូន្យសុងបានគ្របដណ្តប់មកលើឈើឆ្កាង និងតំបន់នៅ ជិតៗនោះ ប្រៀបដូចជាពិធីបុណ្យខ្មោចដ៏ស្រងូតស្រងាត់។ ភាពងងឹតបាន ស្ថិតនៅអស់រយៈពេលបីម៉ោងពេញ។ នៅម៉ោងទី ៩ ភាពងងឹតឈ្លប់នោះ ត្រូវបានលើកចេញពីហ្វូងមនុស្ស ប៉ុន្តែ ភាពងងឹតនោះនៅតែរុំព័ទ្ធជុំវិញព្រះអង្គសង្គ្រោះដូចជាគេយកអ្វីមកគ្របដដែល។ ផ្លេកបន្ទោរដ៏សាហាវ ហាក់ដូចជាក្រវែងទៅរកទ្រង់នៅពេលទ្រង់ត្រូវបានគេព្យួរនៅលើឈើឆ្កាង។ ពេលនោះ ព្រះយេស៊ូវទ្រង់បន្លឺឧទានជាខ្លាំងថា «អេឡយៗល៉ាម៉ាសាបាច់ថានី» គឺស្រាយថា ព្រះអង្គនៃទូលបង្គំអើយ ឱព្រះអង្គនៃទូលបង្គំអើយ ហេតុអ្វីបានជាលះចោលទូលបង្គំ (ម៉ាកុស ១៥:៣៤)។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាកុស ជំពូក ១៥:៣៣-៤១
ខចងចាំ៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥