ថ្ងៃព្រហស្បតិ៍ ទី០៥​ ខែឧសភា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី២៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តែ​ឥឡូវ​នេះ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយសារ​ព្រះលោហិត​ទ្រង់ ដ្បិត​ទ្រង់​ជា​ស្ពាន​មេត្រី​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ធ្វើ​ទាំង​២​រួម​គ្នា​តែ​១ ហើយ​បាន​រុះ​ជញ្ជាំង​ដែល​ខាន់​កណ្តាល​ចេញ។ អេភេសូរ ២:១៣-១៤

អំណានប្រចាំថ្ងៃ ការស្រេចហើយ

ការស្រេច​ហើយ​ហ្វូងមនុស្សបានសម្លឹងមើលព្រឹត្តិការណ៍ដ៏គួរឱ្យភ័យខ្លាចនេះ ដោយភាពស្ងៀមស្ងាត់រហូតដល់ចប់។ ព្រះអាទិត្យ​បាន​បញ្ចេញពន្លឺឡើងវិញ ប៉ុន្តែ ឈើឆ្កាងនៅតែគ្របដណ្តប់ដោយភាពងងឹត​ដដែល។ រំពេចនោះ ភាពងងឹតត្រូវបានលើកឡើងចេញពីឈើឆ្កាង ហើយ​នៅក្នុងសំឡេងត្រែយ៉ាងច្បាស់ ហាក់ឮពាសពេញចក្រវាលទាំងមូល ព្រះយេស៊ូវស្រែកថា «ការស្រេចហើយ» «ឱព្រះវរបិតាអើយ ទូលបង្គំប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ» (លូកា ២៣:៤៦)។ ពន្លឺបានព័ទ្ធជុំវិញ​ឈើ​ឆ្កាង ហើយព្រះភក្ត្ររបស់ព្រះអង្គសង្គ្រោះបានបញ្ចេញរស្មីដោយសិរីល្អ ដូចជាព្រះអាទិត្យ។ បន្ទាប់មក ទ្រង់បានឱនព្រះសិររបស់ទ្រង់មកលើព្រះឱរា (ដើមទ្រូង) ហើយបានសុគតទៅ។

ក្នុងឱកាសដែលព្រះគ្រីស្ទ​បានសុគតនោះ ពួកសង្ឃកំពុងតែធ្វើពិធីក្នុងព្រះវិហារ នៅពីមុខវាំងននដែលបាំងខ័ណ្ឌចែកទីបរិសុទ្ធនិងទីបរិសុទ្ធបំផុត។ រំពេចនោះ ពួកគេបានដឹងថាផែនដីបានញ័ររញ្ជួយនៅពីក្រោមពួកគេ ហើយវាំងននក្នុងព្រះវិហារ ជាវាំងននធ្វើពីក្រណាត់យ៉ាងក្រាស់ ដែលគេ​បានប្តូរជារៀងរាល់ឆ្នាំនោះ ត្រូវបានរហែកជាពីរ ពីលើចុះក្រោម ដោយគ្មាន​ដៃមនុស្សធ្វើ ដូចជាការសរសេរពាក្យនៃការផ្តន្ទាទោសនៅលើជញ្ជាំងព្រះរាជវាំងរបស់ស្តេចបេលសាសាដូច្នោះដែរ។

ព្រះយេស៊ូវពុំបានប្រគល់ព្រះជន្មទ្រង់ឡើយ លុះត្រាតែទ្រង់បានបញ្ចប់ការងារដែលទ្រង់បានយាងមកបំពេញសិន ហើយទ្រង់បានឧទានដោយដង្ហើមចុងក្រោយរបស់ទ្រង់ថា «ការស្រេចហើយ!»។ ពពួកទេវតា​រីករាយជាខ្លាំង នៅពេលដែលព្រះយេស៊ូវបានបន្លឺព្រះសូរសៀងនូវពាក្យទាំងនេះ ព្រោះផែនការនៃសេចក្តីសង្គ្រោះដ៏ឧត្តម ត្រូវបានសម្រេច ដោយ​ជោគជ័យហើយ។ មានសេចក្តីអំណរនៅស្ថានសួគ៌ ដោយកូនចៅរបស់លោកអ័ដាមត្រូវបានលើកតម្កើងឡើងនៅចំពោះព្រះភក្ត្ររបស់ព្រះ នៅទីបំផុត ដោយសារតែជីវិតដែលស្តាប់បង្គាប់។ សាតាំងត្រូវបរាជ័យ ហើយវាដឹងថានគររបស់វានឹងត្រូវបាត់បង់។

អំណានព្រះគម្ពីរពេលល្ងាច៖ លូកា ជំពូក​ ២៣:៤៤-៤៩

ខចងចាំ៖​​ តែ​ទ្រង់​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ទ្រង់ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។ អេសាយ ៥៣:៥

Powered by CAM