ថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨
អំណានប្រចាំថ្ងៃ ការបញ្ចុះព្រះសពព្រះយេស៊ូ
លោកយ៉ូហានមានចិត្តអន្ទះសាមិនដឹងជាធ្វើយ៉ាងណាដើម្បីនឹងយកព្រះសពលោកគ្រូជាទីស្រឡាញ់របស់គាត់ទៅទុកដាក់ឱ្យបានត្រឹមត្រូវ។ គាត់ញ័ររន្ធត់ដោយខ្លាចក្រែងពួកទាហានដ៏សាហាវ និងគ្មានក្តីមេត្តាយកព្រះសពព្រះយេស៊ូវទៅបញ្ចុះនៅកន្លែងដែលមិនគួរសម។ គាត់បានដឹងថា អ្នកគ្រប់គ្រងអំណាចនៃសាសន៍យូដា គេមិនពេញចិត្តនឹងគាត់ឡើយ ហើយគាត់មានសេចក្តីសង្ឃឹមយ៉ាងតិចតួចបំផុតពីលោកពីឡាត់។ ប៉ុន្តែលោកយ៉ូសែបនិងលោកនីកូដេម បានមកនៅមុខគាត់ក្នុងគ្រាបន្ទាន់នេះ។ មនុស្សទាំងពីរនាក់នេះគឺជាសមាជិកនៃក្រុមប្រឹក្សាជាន់ខ្ពស់ (សាន់ហៃឌ្រិន-Sanhedrin) ហើយជាមនុស្សដែលជិតស្និទ្ធជាមួយនឹងលោកពីឡាត់។ បុរសទាំងពីរនាក់នេះជាមនុស្សដែលមានទ្រព្យសម្បត្តិនិងមានឥទ្ធិពល។ ពួកគេទាំងពីរនាក់បានប្តេជ្ញាថា ព្រះសពរបស់ព្រះយេស៊ូវត្រូវតែបញ្ចុះឱ្យបានថ្លៃថ្នូរ។
លោកយ៉ូសែបបានទៅឯលោកពីឡាត់ដោយអង់អាច ហើយសុំយកព្រះសពរបស់ព្រះយេស៊ូវទៅបញ្ចុះ។ ពេលនោះ លោកពីឡាត់បានចេញបញ្ជាជាផ្លូវការឱ្យគេប្រគល់ព្រះសពព្រះយេស៊ូវទៅឱ្យលោកយ៉ូសែប។ នៅពេលដែលសាវកយ៉ូហានកំពុងតែខ្វាយខ្វល់ និងថប់បារម្ភ ពីភាពពិសិដ្ឋនៃព្រះសពរបស់លោកគ្រូជាទីស្រឡាញ់របស់គាត់ លោកយ៉ូសែបជាអ្នកស្រុកអើរីម៉ាថេ បានត្រឡប់មកវិញ ជាមួយនឹងការប្រគល់អំណាចពីលោកពីឡាត់ ហើយលោកនីកូដេម ដែលបានគិតទុកជាមុននូវលទ្ធផលនៃការសម្ភាសន៍របស់លោកយ៉ូសែប ជាមួយលោកពីឡាត់បានចូលមកដល់ ជាមួយនឹងគ្រឿងក្រអូប និងជ័រល្វីងទេសដ៏មានតម្លៃបំផុត ដែលមានទម្ងន់ប្រហែល ១០០ផោន (ប្រហែល ៤៥ គីឡូក្រាម)។ មនុស្សដែលមានកិត្តិយសបំផុតនៅទីក្រុងយេរូសាឡិមទាំងមូល មិនដែលមានគេបង្ហាញការគោរពដ៏ខ្ពង់ខ្ពស់នៅពេលស្លាប់ទៅដូច្នេះទេ។
ពួកគេបានរំកិលព្រះសពរបស់ព្រះយេស៊ូវពីឧបករណ៍ធ្វើទារុណកម្ម ដោយដៃយ៉ាងថ្នមៗ និងដោយគោរព ទឹកភ្នែកនៃការអាណិតអាសូររបស់គេបានហូរមកយ៉ាងលឿន នៅពេលដែលពួកគេបានសម្លឹងមើលទៅស្នាមជាំ និងរូបរាងដែលដាច់ដាចរបស់ទ្រង់ ហើយពួកគេបានផ្ងូតទឹកសំអាតដោយប្រុងប្រយ័ត្ន និងបានលាងសំអាតស្នាមដែលប្រឡាក់ដោយឈាម។ លោកយ៉ូសែបមានផ្នូរថ្មីមួយ ដាប់ក្នុងថ្ម ដែលគាត់បំរុងទុកសម្រាប់ខ្លួនគាត់ ហើយដែលនៅមិនឆ្ងាយប៉ុន្មានពីភ្នំកាល់វ៉ារីនោះទេ ឥឡូវនេះ គាត់បានរៀបចំផ្នូរនេះសម្រាប់ព្រះយេស៊ូវ។ គេបានរុំព្រះសពជាមួយនឹង គ្រឿងក្រអូប ដែលលោកនីកូដេមបានយកមកយ៉ាងប្រុងប្រយ័ត្ន ដោយសំពត់ទេសឯក ហើយសាវកបីនាក់បានសែងព្រះសពដ៏ស្រស់ស្អាតជាទីគោរពបំផុតរបស់ពួកគេ ទៅកាន់ផ្នូរថ្មីដែលមិនទាន់មានបញ្ចុះសពណាមួយនៅឡើយ។ នៅទីនោះ ពួកគេបានលាតអវៈយវៈដែលត្រូវគេហែកហួរខ្ទេចខ្ទី ហើយបានបត់ព្រះពាហុ (ដៃ) របស់ទ្រង់ទាំងពីរ ដែលមានស្នាមជាំ ដាក់លើទ្រូងដែលគ្មានដង្ហើម។ ពួកស្រីៗដែលមកពីស្រុកកាលីឡេ គេបានមកជិតដើម្បីមើលថា តើគេបានបញ្ចុះព្រះសពលោកគ្រូជាទីស្រឡាញ់របស់គេបានត្រឹមត្រូវយ៉ាងណា។ ពេលនោះ ពួកគេបានឃើញថ្មដ៏ធំ ត្រូវបានគេប្រមៀលមកបិទច្រកចូលទៅក្នុងផ្នូរ ហើយព្រះរាជបុត្រារបស់ព្រះត្រូវបានគេទុកឱ្យសម្រាកនៅក្នុងផ្នូរនោះ។ ពួកស្ត្រីៗទាំងនោះបានឃើញព្រឹត្តិការណ៍ចុងក្រោយនៅឯឈើឆ្កាង ហើយពួកគេក៏បានឃើញព្រឹត្តិការណ៍ចុងក្រោយបង្អស់នៃផ្នូររបស់ព្រះគ្រីស្ទផងដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ១៩:៣១-៤២
ខចងចាំ៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥