ថ្ងៃសៅរ៍ ទី០៧ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ធ្វើឲ្យថ្លស់ឧបាយរបស់មនុស្សឆ្លាត មិនឲ្យដៃគេសំរេចការដែលគេផ្តើមធ្វើនោះឡើយ ទ្រង់ចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។ យ៉ូប ៥:១២-១៣
អំណានប្រចាំថ្ងៃ ការយាមផ្នូរ
ទោះបីជាអ្នកគ្រប់គ្រងសាសន៍យូដាបានអនុវត្តនូវគោលបំណងដ៏សាហាវរបស់ពួកគេ នៅក្នុងការធ្វើគុតព្រះរាជបុត្រារបស់ព្រះក៏ដោយ ការថប់បារម្ភរឬក៏ការច្រណែនដល់ការសុគតរបស់ព្រះគ្រីស្ទរបស់ពួកគេមិនបានស្ងប់ស្ងាត់ដែរ។ លាយឡំនឹងក្តីអំណរនៃការសងសឹកដែលបានបំពេញចិត្តគេក៏មានសេចក្តីភ័យខ្លាចរាល់តែថ្ងៃជានិច្ច ក្រែងព្រះសពរបស់ទ្រង់ដែលនៅក្នុងផ្នូររបស់យ៉ូសែបនឹងមានព្រះជន្មរស់ឡើងវិញដែរ។ ដូច្នេះ «ពួកសង្គ្រាជនិងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា លោកយើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនេះបាននិយាយ ពីកាលនៅរស់ នៅឡើយថា ក្រោយមក ៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ដូច្នេះសូមលោកបង្គាប់ឱ្យគេប្រុងប្រយ័ត្នផ្នូរនោះ ដរាបដល់គំរប់ ៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញ ហើយបើយ៉ាងនោះសេចក្តីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត» ម៉ាថាយ ២៧:៦៣, ៦៤)។ លោកពីឡាត់មិនបានយល់ស្របតាមសាសន៍យូដា ថាព្រះយេស៊ូវនឹងរស់ឡើងវិញ ដោយមានអំណាច ដើម្បីដាក់ទណ្ឌកម្មចំពោះកំហុសរបស់អ្នកដែលបានបំផ្លាញទ្រង់នោះទេ ហើយគាត់បានដាក់ទាហានរ៉ូមទាំងកង តាមសេចក្តីត្រូវការរបស់ពួកសង្គ្រាជ។ លោកពីឡាត់មានប្រសាសន៍ទៅគេថា «អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឱ្យមាំមួនតាមចិត្តចុះ រួចគេក៏ទៅ និងចំណាំធ្វើឱ្យមាំមួន ហើយដាក់គ្នាឱ្យចាំយាមផង» ម៉ាថាយ ២៧:៦៥, ៦៦)។
សាសន៍យូដាបានដឹងនូវអត្ថប្រយោជន៍នៃការយាមផ្នូររបស់ព្រះយេស៊ូវនេះ។ ពួកគេបានបោះត្រានៅលើថ្មដែលបិទមាត់ផ្នូរ ដើម្បីកុំឱ្យមានការរំខានណាមួយកើតឡើង ដែលពួកគេមិនដឹងនោះឡើយ ហើយពួកគេបានប្រុងប្រយ័ត្នទប់ទល់នឹងការបំភាន់ណាមួយរបស់ពួកសាវក ទាក់ទងនឹងព្រះសពរបស់ព្រះយេស៊ូវ។ ប៉ុន្តែ គ្រប់ទាំងគំរោងការនិងការប្រុងប្រយ័ត្នទាំងអស់របស់ពួកគេ គឺគ្រាន់តែសម្រាប់ធ្វើឱ្យជ័យជំនះនៃការមានព្រះជន្មរស់ឡើងវិញ កាន់តែបានពេញលេញ និងធ្វើឱ្យកាន់តែមានសេចក្តីពិតរឹតតែច្បាស់ឡើងទៅវិញប៉ុណ្ណោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ជំពូក ២៧:៥៧-៦៦
ខចងចាំ៖ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់។ អេសាយ ៥៣:៥