ថ្ងៃអាទិត្យ ទី០៨ ខែឧសភា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ចូរថ្វាយបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដ៏បរិសុទ្ធ ឱផែនដីទាំងមូលអើយចូរញាប់ញ័រនៅចំពោះទ្រង់ចុះ។ ទំនុកតម្កើង ៩៦:៩
អំណានប្រចាំថ្ងៃ
ពួកសាវកបានសម្រាកនៅថ្ងៃបរិសុទ្ធ ទាំងមានការក្រៀមក្រំដោយការសុគតនៃព្រះអម្ចាស់របស់ពួកគេ នៅពេលដែលព្រះយេស៊ូវជាស្តេចនៃសិរីល្អបានសម្រាកនៅក្នុងផ្នូរ។ រាត្រីកាលបានរំកិលផុតទៅយ៉ាងយឺតហើយនៅពេលងងឹតនៅឡើយ ទេវតាដែលចាំយាមផ្នូរបានដឹងថា ពេលវេលាដែលត្រូវរំដោះព្រះរាជបុត្រាជាទីស្រឡាញ់នៃព្រះ ដែលជាមេបញ្ជាការជាទីស្រឡាញ់របស់លោកបានខិតមកជិតដល់ហើយ។ នៅពេលដែលលោកកំពុងរង់ចាំដោយចិត្តរំជើបរំជួលយ៉ាងខ្លាំងនូវពេលវេលាដ៏មានជោគជ័យនោះ ទេវតាដ៏ខ្លាំងនិងមានព្រះចេស្តាមួយអង្គបានយាងចុះមកពីស្ថានសួគ៌។ ព្រះភក្ត្ររបស់លោកដូចជាផ្លេកបន្ទោរ ហើយព្រះពស្ត្រាទ្រង់សដូចហិមៈ។ ពន្លឺរបស់លោកបំបែកភាពងងឹត ចេញពីដានជើងលោក បណ្តាលឱ្យទេវតារបស់អារក្សដែលបានទាមទារព្រះសពព្រះយេស៊ូវរត់បែកខ្ញែកគេចចេញពីសិរីរុងរឿងរបស់លោក។ ទេវតាមួយអង្គដែលបានទតមើលទិដ្ឋភាពនៃការបន្ទាបព្រះកាយរបស់ព្រះគ្រីស្ទ និងបានយាមរក្សាផ្នូរដែលព្រះយេស៊ូវបានសម្រាក បានរួមជាមួយនឹងទេវតាដែលយាងមកពីស្ថានសួគ៌ ហើយយាងចុះទៅកាន់ផ្នូរទាំងពីរអង្គ។ ផែនដីបានកក្រើកញាប់ញ័រ នៅពេលដែលទេវតាទាំងពីរអង្គចុះដល់ដី។ ទេវតាដ៏ខ្លាំងនិងមានព្រះចេស្តាចាប់ថ្មដែលនៅមាត់ផ្នូរប្រមៀលយ៉ាងរហ័សចេញពីមាត់ផ្នូរហើយគង់ពីលើ។
ការភ័យរន្ធត់បានធ្វើឱ្យទាហានរ៉ូមដែលយាមផ្នូរភ័យស្លន់ស្លោ។ ឥឡូវនេះតើអំណាចរបស់គេ ក្នុងការរក្សាព្រះសពព្រះយេស៊ូវនោះនៅឯណា? គេពុំបានគិតពីតួនាទីរបស់គេ ឬពីការដែលពួកសាវកមកលួចព្រះសពនោះឡើយ។ ពួកគេងឿងឆ្លល់និងភ័យខ្លាចនៅពេលដែលពន្លឺដ៏ភ្លឺក្រៃលែងរបស់ទេវតាចាំងភ្លឺជាងពន្លឺព្រះអាទិត្យនៅជុំវិញគេ ទាហានរ៉ូមដែលយាមរក្សាផ្នូរនោះបានឃើញទេវតា ហើយបានដួលទៅលើដីដូចមនុស្សស្លាប់។ ទេវតាមួយអង្គបានប្រមៀលថ្មធំចេញពីមាត់ផ្នូរ ហើយក៏គង់នៅពីលើ។ ទេវតាផ្សេងៗទៀតបានចូលទៅក្នុងផ្នូរ ហើយស្រាយកន្សែងរុំមុខចេញពីព្រះសិររបស់ព្រះយេស៊ូវ។
«ព្រះវរបិតានៃទ្រង់ហៅទ្រង់ហើយ» នោះទេវតាដែលយាងមកពីស្ថានសួគ៌បានបន្លឺសំឡេងដែលធ្វើឱ្យផែនដីរញ្ជួយថា «ឱព្រះរាជបុត្រានៃព្រះអើយ ព្រះវរបិតានៃទ្រង់ហៅទ្រង់ហើយ សូមយាងក្រោកឡើង»។ សេចក្តីស្លាប់លែងមានអំណាច លើទ្រង់ទៀតហើយ។ ព្រះយេស៊ូវបានមានព្រះជន្មរស់ពីសុគតឡើងវិញ ជាអ្នកមានជ័យជំនះដ៏រុងរឿង។ ពួកទេវតាបានសម្លឹងមើលមិនដាក់ភ្នែក ទៅលើទិដ្ឋភាពដ៏អស្ចារ្យនោះ។ ហើយនៅពេលដែលព្រះយេស៊ូវបានយាងចេញពីផ្នូរ ទេវតាដ៏ចែងចាំងទាំងនោះបានក្រាបថ្វាយបង្គំទ្រង់ដល់ដី រួចអបអរសាទរគំនាប់ទ្រង់ដោយចម្រៀងនៃជ័យជំនះ។
អំណានព្រះគម្ពីរពេលល្ងាច៖ ម៉ាថាយ ជំពូក ២៨:១-៣
ខចងចាំ៖ តែឯព្រះ ទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង។ រ៉ូម ៥:៨