ថ្ងៃសុក្រ ទី០៥​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ា​ទ្រង់​ទត​មក​ពី​លើ​ស្ថានសួគ៌ទ្រង់​ឃើញ​មនុស្ស​លោក​ទាំង​អស់​ ទ្រង់​ទត​មក​ពី​ស្ថាន​ដ៏​ជា​ទី​លំនៅ​របស់​ទ្រង់ក៏​ឃើញ​អស់​អ្នក​ដែល​នៅ​ផែនដី​ផង គឺ​ទ្រង់​ហើយ ដែល​ស្អាង​ចិត្ត​គេក៏​ពិចារណា​មើល​អស់​ទាំង​ការ​ដែល​គេ​ធ្វើ​ដែរ។

អំណានប្រចាំថ្ងៃ ការបើកសំដែងរបស់ព្រះគ្រីស្ទ

នៅពេលដែលអ្នកធ្វើដំណើរដ៏ហេវហត់នេះបានទៅជិតដល់ទីក្រុងដាម៉ាស ភ្នែកទាំងពីររបស់សុលបានជាប់ចិត្តទៅនឹងទឹកដីដ៏មានជីជាតិ សួនច្បារដ៏ស្រស់ស្អាត ចំការផ្លែឈើដែលពោរពេញ ដោយផលផ្លែ ហើយ​និងទឹកហូរដ៏ត្រជាក់ ដែលបញ្ចេញជាសំឡេងខ្សឹបៗ នៅចំកណ្តាលរុក្ខជាតិ (ចុល្លព្រឹកទាំងឡាយ) ពណ៌បៃតងស្រស់។ បន្ទាប់ពីការធ្វើដំណើរយ៉ាងវែងឆ្ងាយ កាត់វាលដ៏សោះកក្រោះដ៏គួរឱ្យធុញទ្រាន់មួយមក លុះបានជួបនឹងទស្សនីយភាពដ៏ស្រស់បំព្រងបែបនេះ នោះគួរឱ្យមានអារម្មណ៍ស្រស់ថ្លាណាស់។ ខណៈដែលសុលនឹងអ្នករួមដំណើររបស់គាត់កំពុងតែសម្លឹងមើលនិងកោតសរសើរដល់សម្រស់ធម្មជាតិនោះ ស្រាប់តែមានពន្លឺភ្លឺចាំង​ដូចជា​ពន្លឺព្រះអាទិត្យ ចាំង ជុំវិញខ្លួនគាត់ «គាត់ក៏ដួលដល់ដី រួចឮសំឡេង​មាន​បន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាបៀតបៀនដល់ខ្ញុំដូច្នេះ ? គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់​ទ្រង់​តបថា ខ្ញុំនេះជាព្រះយេស៊ូវដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹង​ជន្លួញ​ដូច្នេះ នោះពិបាកដល់អ្នកណាស់»។

ទស្សនីយភាព​នោះ គឺជារឿងច្របូកច្របល់ដ៏ធំបំផុតមួយ។ ពួកអ្នករួមដំណើរជាមួយសុលទាំងអស់ភិតភ័យស្រឡាំងកាំង ស្ទើរតែខ្វាក់ភ្នែកដោយពន្លឺដ៏ខ្លាំងក្រៃលែង។ ពួកគេបានឮសំឡេង ប៉ុន្តែ មិនបានឃើញ​មាន​នរណាម្នាក់សោះ ហើយចំពោះពួកគេអ្វីៗទាំងអស់សុទ្ធតែពិបាកយល់ និង​ពោរពេញដោយអាថ៌កំបាំង។ ប៉ុន្តែ សុលដែលដួលផ្កាប់មុខដល់ដី បាន​យល់​នូវពាក្យទាំងឡាយ ដែលបាននិយាយមកកាន់គាត់ ហើយគាត់បានឃើញព្រះរាជបុត្រារបស់ព្រះយ៉ាងច្បាស់ នៅពីមុខគាត់។ នៅពេលគាត់សម្លឹងមើលព្រះដែលពោរពេញដោយសិរីល្អ នោះសុលជាសាសន៍យូដា ដែលភ័យខ្លាចនេះបានផ្តិតរូបរបស់ទ្រង់នៅក្នុងចិត្តរបស់គាត់ជារៀងរហូត។ ព្រះបន្ទូលនេះអង្រួនដល់ចិត្តរបស់គាត់ ដោយកម្លាំងគួរឱ្យរន្ធត់។ ពន្លឺខ្លាំងដូចទឹកជំនន់បានចាំងចូលទៅក្នុងទីងងឹត ក្នុងចិត្តរបស់គាត់ បើកសម្តែង​ឱ្យឃើញនូវភាពល្ងង់ខ្លៅ និងកំហុសរបស់គាត់។ គាត់បានឃើញថា ខណៈ​ពេលដែលគាត់នឹកគិតខ្លួនឯងថាគាត់ជាអ្នកបំរើព្រះយ៉ាងក្លៀវក្លា ដោយបៀតបៀនដល់អ្នកដើរតាមព្រះគ្រីស្ទ នោះគាត់គឺជាសត្រូវដែលបំរើឱ្យសាតាំងយ៉ាងពិតប្រាកដ។ គាត់បានឃើញ កំហុសរបស់គាត់ ដោយការពឹងផ្អែកលើសេចក្តីជំនឿរបស់គាត់ ទៅលើសកម្មភាពនៃការធានាទាំងឡាយរបស់ពួកសង្ឃនិងអ្នកគ្រប់គ្រង ដែលបានទទួលអំណាចពីថ្នាក់លើ មានឥទ្ធិពលយ៉ាងខ្លាំងក្លាមកលើគំនិតរបស់គាត់ ហើយបានធ្វើឱ្យគាត់ជឿថាការមានព្រះជន្មរស់ឡើងវិញ គឺជារឿងប្រឌិតយ៉ាងប៉ិនប្រសប់នៃពួកសាវករបស់ព្រះយេស៊ូវ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៩:១-៩

ខចងចាំ៖​​ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦

Powered by CAM