ថ្ងៃសៅរ៍ ទី១១​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​កាល​ពី​ដើម​អ្នក​រាល់​គ្នា​ក៏​ងងឹត​ដែរ តែ​ឥឡូវ​នេះ​វិញ បាន​ភ្លឺ​ក្នុង​ព្រះអម្ចាស់ ដូច្នេះ ចូរ​ដើរ​ដូច​ជា​មនុស្ស​ភ្លឺចុះ ដ្បិត​ផល​ផ្លែ​នៃ​ពន្លឺ នោះ​មាន​នៅ​ក្នុង​គ្រប់​ទាំង​កិរិយា​ល្អ សេចក្តី​សុចរិត និង​សេចក្តី​ពិត ចូរ​ល​មើល​ឲ្យ​ដឹង​សេចក្តី​អ្វី ដែល​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ​ចុះ។ អេភេសូរ ៥:៨-១០

អំណានប្រចាំថ្ងៃ បានងងឹតភ្នែកដោយសារពន្លឺ

ឥឡូវនេះ ព្រះគ្រីស្ទបានលេចមកឱ្យសុលបានឃើញបានជំរុញឱ្យគាត់បាននឹកឃើញនូវការអធិប្បាយរបស់ស្ទេផាន យ៉ាងជាក់​ច្បាស់នៅ​ក្នុងចិត្ត។ ពាក្យពេចន៍ទាំងឡាយដែលពួកសង្ឃបានប្រកាសយ៉ាងច្បាស់ ជាការប្រមាថ ឥឡូវនេះបានលេចមកជាការពិតនិងគួរឱ្យទុកចិត្តបានយ៉ាងពិតប្រាកដដល់គាត់។ នៅក្នុងឱកាសនៃការបំភ្លឺដ៏អស្ចារ្យនោះ គំនិតរបស់គាត់ធ្វើការយ៉ាងរហ័សគួរឱ្យកត់សម្គាល់។ គាត់បានរំឭកត្រួសៗ​នូវ​ប្រវត្តិសាស្ត្រ​នៃបទទំនាយ ហើយបានឃើញថា ការបដិសេធន៍ព្រះយេស៊ូវ ដោយពួកសាសន៍យូដា ការឆ្កាងរបស់ទ្រង់ ការមានព្រះជន្មរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌ ត្រូវបានពួកហោរាទាយទុកមកជាមុន និង​បានអះអាងបញ្ជាក់ថា ទ្រង់ជាព្រះមែស្ស៊ី ដែលព្រះបានសន្យាពិតប្រាកដ​មែន។ គាត់បានចងចាំនូវពាក្យរបស់ស្ទេផានថា «ខ្ញុំឃើញមេឃនៅចំហ និងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃ្រពះ» (កិច្ចការ ៧:៥៦) ហើយគាត់បានដឹងថាពួកបរិសុទ្ធរបស់ព្រះ ដែលបានស្លាប់ទៅ គេបានសម្លឹងមើលទៅនគរដ៏មានសិរីល្អរបស់ព្រះ។

នេះគឺជាការបើកសម្តែងដ៏អស្ចារ្យ មកកាន់អ្នកបៀតបៀនដល់ពួកអ្នកជឿព្រះយេស៊ូវ។ ពន្លឺយ៉ាងខ្លាំងបានបំបែកចិត្តរបស់គាត់។ គាត់បានឃើញព្រះគ្រីស្ទ ជាព្រះដែលបានយាងមកកាន់ផែនដីដើម្បី​បំពេញ​បេសកកម្មរបស់ទ្រង់ ទ្រង់ត្រូវបានអ្នកដែលទ្រង់យាងមកជួយសង្គ្រោះ បោះបង់ចោល ធ្វើបាបស្តីបន្ទោស និងចោទប្រកាន់ព្រមទាំងយកទ្រង់​ទៅ​ឆ្កាង ហើយទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ រួចបានយាងឡើង​ទៅ​កាន់ស្ថានសួគ៌។ នៅក្នុងពេលដ៏រន្ធត់នោះ គាត់បាននឹកឃើញថា លោកស្ទេផានដ៏បរិសុទ្ធបានបូជាជីវិត ដោយសារសេចក្តីជំនឿរបស់គាត់ ហើយ​តាមរយៈគំរូរបស់គាត់ មនុស្សបរិសុទ្ធជាច្រើននឹងត្រូវប្រឈមមុខនឹងសេចក្តីស្លាប់ដោយការបៀតបៀនយ៉ាង​សាហាវឃោរឃៅ។

​«នោះគាត់​ក៏​ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់​អើយ តើទ្រង់សព្វព្រះហប្ញទ័យឱ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់​មាន​បន្ទូលថា ចូរក្រោកឡើង ចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នកឱ្យដឹងពីការដែលអ្នកត្រូវធ្វើ”។ សុលដឹងយ៉ាងច្បាស់ថា នេះគឺពិតជាព្រះយេស៊ូវពីស្រុកណាសារ៉ែត ដែលបានមានព្រះបន្ទូលមកកាន់គាត់ ហើយថាទ្រង់​គឺ​ពិតជាព្រះមែស្ស៊ី ជាព្រះដ៏ជួយដោះទុក្ខ និងជាព្រះដ៏ប្រោសលោះរបស់រាស្ត្រអ៊ីស្រាអែលជាប្រាកដ។

នៅពេលដែលសិរីល្អដ៏ត្រចះត្រចង់បានចេញពីគាត់ហើយសុល​បាន​ងើបពីដីឡើង ហើយបានដឹងខ្លួនឯងថា គាត់មើលមិនឃើញអ្វីនោះទេ។ សិរីល្អដ៏ភ្លឺចិញ្ចាចរបស់ព្រះគ្រីស្ទ ពិតជាមានកម្លាំងខ្លាំងក្លាអស្ចារ្យ ដល់ភ្នែក​សាច់របស់គាត់ ហើយនៅពេលដែលពន្លឺនោះត្រូវបានដកយកចេញ ភាពងងឹតនៃពេលរាត្រីបានស្ថិតនៅក្នុងក្រសែភ្នែករបស់គាត់ (ខ្វាក់)។ គាត់ជឿថាការខ្វាក់ភ្នែករបស់គាត់នេះគឺជាទណ្ឌកម្មរបស់ព្រះចំពោះការបៀតបៀនដ៏សាហាវរបស់គាត់ ទៅលើអ្នកដើរតាមព្រះយេស៊ូវ។ គាត់បាន​ដើររាវផ្លូវក្នុងភាពងងឹតដ៏សែនលំបាក ហើយអ្នកជូនដំណើរបស់គាត់បានដឹកដៃគាត់នាំទៅឯទីក្រុងដាម៉ាស ទាំងភ័យខ្លាចនិងអស្ចារ្យក្នុងចិត្ត។

អំណានព្រះគម្ពីរពេលល្ងាច៖ អេសេគាល ជំពូក​ ១:២២-២៨

ខចងចាំ៖​​ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦

Powered by CAM