ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ហើយ​ក្នុង​គ្រប់​ទាំង​អស់ ទោះ​បើ​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​នឹង​ធ្វើ ដោយ​ពាក្យ​សំដី ឬ​កិរិយា​ក៏​ដោយ ចូរ​ធ្វើ​ទាំង​អស់ ដោយ​ព្រះនាម​នៃ​ព្រះអម្ចាស់យេស៊ូវ ទាំង​អរ​ព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា ដោយសារ​ទ្រង់​ផង។ កូល៉ុស ៣:១៧

អំណានប្រចាំថ្ងៃ ពីអ្នកបៀតបៀនក្លាយទៅជាសាវក

លោកប៉ុលបានទទួលបុណ្យជ្រមុជទឹកពីអាន្ន៉ានាស នៅក្នុងទន្លេ នៃទីក្រុងដាម៉ាស។ ពេលនោះគាត់មានកម្លាំងឡើងវិញដោយការបរិភោគអាហារ ហើយរំពេចនោះគាត់បានចាប់ផ្តើមប្រកាសពីព្រះយេស៊ូវ ទៅកាន់អ្នកជឿទាំងឡាយនៅក្នុងទីក្រុង ជាមនុស្សម្នាក់ដែលបានចាកចេញពីទីក្រុង យេរូសាឡិម ក្នុងគោលបំណងបំផ្លាញពួកគ្រីស្ទានចោល។ គាត់ក៏បាន បង្រៀននៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ព្រះយេស៊ូវដែលគេបាន សម្លាប់ ពិតជាព្រះរាជបុត្រារបស់ព្រះមែន។ ការជជែកវែកញែករបស់គាត់ចេញ ពីបទទំនាយ ពិតជាមានលក្ខណៈប្រាកដប្រជាមែន ហើយព្រះចេស្តា របស់ព្រះ ពិតជាបានគង់នៅជាមួយនឹងការខំប្រឹងប្រែងរបស់គាត់ ធ្វើឱ្យពួកអ្នកជំទាស់សាសន៍យូដាមានការភាន់ភាំង ហើយពុំអាចនឹងឆ្លើយតបទៅគាត់បានឡើយ។ ចំណេះដឹងខាងផ្នែកសង្ឃ និងអ្នកផារិស៊ីរបស់លោកប៉ុល ឥឡូវនេះត្រូវតែបានប្រើជាប្រយោជន៍ក្នុងការផ្សព្វផ្សាយដំណឹងល្អ និងក្នុងការទ្រទ្រង់សាសនាដែលគាត់ធ្លាប់ព្យាយាមបំផ្លាញពីមុន។

ពួកសាសន៍យូដាបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានស្រឡាំងកាំងដោយការផ្លាស់ប្រែជំនឿរបស់លោកប៉ុល។ ពួកគេបានដឹងពីមុខដំណែងរបស់គាត់នៅឯក្រុងយេរូសាឡិម និងបានដឹងពីគោលការដែលគាត់ធ្វើដំណើរមកបំពេញភារកិច្ចនៅទីក្រុងដាម៉ាសនេះ គឺគាត់បានទទួលការអនុញ្ញាតពីសម្តេចសង្ឃ ដែលបានផ្តល់អំណាចឱ្យគាត់ចាប់ពួកអ្នកជឿព្រះយេស៊ូវ ហើយបញ្ជូនពួកគេទៅដាក់គុកនៅទីក្រុងយេរូសាឡិម តែឥឡូវ នេះ ពួកគេបានឃើញគាត់កំពុងអធិប្បាយ ចែកចាយដំណឹងល្អពីព្រះយេស៊ូវ ដើម្បីផ្តល់កម្លាំងដល់អ្នកដែលបានក្លាយជាសាវករបស់ទ្រង់ រួចមក បន្តដឹកនាំឱ្យមនុស្សផ្លាស់ប្តូរទៅរកជំនឿថ្មី ដែលគាត់ធ្លាប់បានប្រឆាំងដាច់ខាតនោះទៅវិញ។ លោកប៉ុលបានបង្ហាញដល់មនុស្សទាំងអស់ដែលបានស្តាប់គាត់ ឱ្យដឹងថាការផ្លាស់ប្តូរជំនឿរបស់គាត់ មិនមែនមកពីកម្លាំងជំរុញចិត្ត ឬជាការ វង្វេងនឹងសាសនាពេកនោះទេ ប៉ុន្តែ គឺជាការកែប្រែជំនឿយ៉ាងពិតប្រាកដដោយឃើញភស្តុតាងជាក់ស្តែង។

អំណានព្រះគម្ពីរពេលល្ងាច៖ កូល៉ុស ជំពូក​ ៣:១-១៧

ខចងចាំ៖​​ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦

Powered by CAM