ថ្ងៃពុធ ទី១៥​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៧-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ យើង​មាន​ទ្រព្យសម្បត្តិ​នេះនៅ​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​ឥទ្ធិឫទ្ធិ​លើស​លប់​បាន​មក​ពី​ព្រះ មិន​មែន​ពី​យើង​ខ្ញុំ​ទេ។ កូរិនថូសទី២ ៤:៦-៧

អំណានប្រចាំថ្ងៃ ការរៀបចំសម្រាប់ការបំរើ

នៅពេលដែលគាត់បំរើការងារនៅក្នុងសាលាប្រជុំ សេចក្តីជំនឿរបស់គាត់បានលូតលាស់កាន់តែខ្លាំងឡើងៗ។ ការខ្នះខ្នែងដ៏ខ្លាំងក្លា​របស់​គាត់ នៅក្នុងការអះអាងថាព្រះយេស៊ូវ គឺជាព្រះរាជបុត្រារបស់ព្រះ ធ្វើឱ្យអ្នកប្រឆាំងជាសាសន៍យូដាដ៏ឃោរឃៅកាន់តែកើតឡើង។ ក្រោយពីការភ្ញាក់ផ្អើលរបស់ពួកសាសន៍យូដា ដោយសារការផ្លាស់ប្រែដ៏អស្ចារ្យរបស់គាត់ ហើយនិងការដែលបានកើតេឡីងជាបន្តបន្ទាប់ បានស្ងប់ស្ងាត់បន្តិចមក គាត់មិនអាចស្ថិតនៅក្នុងទីក្រុងដាម៉ាសបានយូរទេ។ ការភ្ញាក់ផ្អើល​របស់​ពួកគេ នៅឯការបំផ្លាស់ប្រែរបស់សុលបានផ្លាស់ប្តូរ ឱ្យពួកគេមានកំហឹង ជាមួយនឹងគាត់កាន់តែខ្លាំងឡើង ដូចជាពួកគេបានបង្ហាញកំហឹងនោះប្រឆាំងនឹងព្រះយេស៊ូវដែរ។

ការរៀបចំសម្រាប់ការបំរើព្រះជីវិតរបស់ប៉ុលបានស្ថិតនៅ​ក្នុង​គ្រោះ​ថ្នាក់ ហើយគាត់បានទទួលការត្រាស់បង្គាប់ពីព្រះឱ្យចាកចេញពីទីក្រុង​ដាម៉ាសមួយរយៈសិន។ គាត់បានចូលទៅប្រទេសអារ៉ាប់ ហើយនៅទីនោះ​តែម្នាក់ឯង គាត់មានឱកាសគ្រប់គ្រាន់ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះនិងការរិះគិតពិចារណា។ គាត់ចង់នៅតែម្នាក់ឯងជាមួយនឹងព្រះដើម្បី​សញ្ជឹង​​គិតឱ្យអស់ពីចិត្ត ដើម្បីជីកកកាយឱ្យការកែប្រែចិត្តរបស់គាត់កាន់តែស៊ីជម្រៅ និងដើម្បីរៀបចំខ្លួនគាត់ដោយការអធិស្ឋាននិងពិចារណាពីការងារដែលបានលេចឡើងយ៉ាងឧដុង្គឧត្តមនិងដ៏មានសារៈសំខាន់ដែលគាត់ត្រូវបំពេញ។ គាត់គឺជាសាវកម្នាក់ដែលមិនមែនមនុស្សជ្រើសតាំងទេ គឺព្រះ​ជា​អ្នកជ្រើសតាំងវិញ ហើយព្រះបានត្រាស់បង្គាប់យ៉ាងច្បាស់ថា ការងារ​របស់​គាត់ គឺផ្សព្វផ្សាយដំណឹងល្អដល់សាសន៍ដទៃ។ ខណៈដែលគាត់​ស្នាក់នៅ​ប្រទេសអារ៉ាប់ គាត់មិនបានទាក់ទងជាមួយនឹងពួកសាវកទេ គាត់បាន​ស្វែង​រកព្រះយ៉ាងអស់ពីចិត្ត ដោយប្តេជ្ញាចិត្តថានឹងមិនឈប់ឡើយ រហូតទាល់តែគាត់បានដឹងយ៉ាងច្បាស់ថា ពួកសាវកទទួលស្គាល់ការកែប្រែចិត្តរបស់គាត់ ហើយព្រះបានអត់ទោសចំពោះអំពើបាបដ៏ធំក្រៃលែងរបស់គាត់ហើយ។ គាត់មិនលះបង់ចោលការតស៊ូឡើយ រហូតទាល់តែគាត់មានការធានារ៉ាប់រងថាព្រះយេស៊ូវនឹងគង់នៅជាមួយនឹងគាត់ នៅក្នុងកិច្ចការរបស់គាត់ដែលនឹងមកដល់នៅពេលខាងមុខនេះ។ គាត់តែងតែយកទៅ​ជាមួយគាត់នូវ​រូបកាយដែលជាសញ្ញានៃសិរីល្អរបស់ព្រះគ្រីស្ទ ព្រោះភ្នែកដែលខ្វាក់ដោយពន្លឺពីលើមេឃនោះ បានធ្វើឱ្យភ្នែករបស់គាត់មើលមិនច្បាស់អស់មួយជីវិត។ លោកប៉ុលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងស្ថានសួគ៌ ហើយព្រះយេស៊ូវបានមានបន្ទូលមកកាន់គាត់ ហើយតាំងសេចក្តីជំនឿរបស់គាត់ឡើង ដោយ​នូវប្រាជ្ញា និងព្រះគុណរបស់ទ្រង់ដល់គាត់។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៩:២០-២៥

ខចងចាំ៖​​ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦

Powered by CAM