ថ្ងៃព្រហស្បតិ៍ ទី១៦​ ខែមិថុនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣៨)​

បេសកកម្មដំបូងរបស់លោកប៉ុល

(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:២៣-៣១. ២២:១៧-២១)

អំណានព្រះគម្ពីរពេលព្រឹក៖ ឯ​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​យើង​រាល់​គ្នា នោះ​សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។ អេភេសូរ ៣:២០-២១

អំណានប្រចាំថ្ងៃ

សាវកប៉ុលបានធ្វើដំណើរទៅកាន់ក្រុងដាម៉ាសវិញ ហើយនៅទីនោះគាត់បានបង្រៀនដោយក្លាហាន ដោយនូវព្រះនាមព្រះយេស៊ូវ។ ដោយមិនអាចតយុទ្ធនឹងប្រាជ្ញារបស់លោកប៉ុលបាន ពួកសាសន៍យូដាក៏បានគិតគ្នានឹងសម្លាប់គាត់ចេញ ព្រោះនេះគឺជាវិធានការតែមួយគត់ ដើម្បីឱ្យ​បាន​ឈ្នះ​លោកប៉ុល។ ពួកគេក៏សម្រេចចិត្តថានឹងសម្លាប់គាត់ចោល។ ពួកសាវក​ក៏​បានដឹងអំពីគោលបំណងនេះ។ ពួកគេក៏ចាំយាមមាត់ទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីនឹងសម្លាប់ប៉ុល។ តែពួកសាវកបានដឹងពីឧបាយកលនេះ ក៏បាននាំគ្នាអធិស្ឋានទូលដល់ព្រះឥតឈប់ឈរ។ ពួកគេបានព្យាយាមរិះរកគ្រប់មធ្យោបាយ ដើម្បីជួយប៉ុលឱ្យរួចពីការសម្លាប់របស់ពួកយូដា។ ក្រោយមក ពួកគេក៏បានរកឃើញមធ្យោបាយមួយ គឺពួកគេនឹងយកកញ្ជើមកដាក់គាត់ រួចសម្រូតចុះ តាមកំផែងក្រុងនៅវេលាយប់។ លោកប៉ុលក៏បានគេចខ្លួនពីក្រុងដាម៉ាសដោយសុវត្ថិភាព។

ឥឡូវនេះ គាត់បានធ្វើដំណេីរឆ្ពោះទៅទីក្រុងយេរូសាឡិម ដោយសង្ឃឹមថានឹងបានរួបរួមជាមួយនឹងពួកសាវក ជាពិសេស​ជាមួយលោ​ក​ពេត្រុស។ គាត់ប្រាថ្នាចង់ជួបអ្នកនេសាទត្រីពីស្រុកកាលីឡេម្នាក់នោះ ដែលបានដើរជាមួយព្រះយេស៊ូវ បានអធិស្ឋានជាមួយទ្រង់ និងបាននិយាយ​ជាមួយទ្រង់ កាលទ្រង់មានព្រះជន្មរស់នៅលើផែនដីនេះ។ គាត់ប្រាថ្នាអស់​ពីដួងចិត្តចង់ជួបមេដឹកនាំរបស់ពួកសាវក។ គ្រាដែលប៉ុល បានធ្វើដំណើរ​ចូលទៅក្នុងក្រុងយេរូសាឡិម នោះគាត់មានទស្សនៈថ្មីមួយទៅលើទីក្រុង ហើយនិងព្រះវិហារ។ ឥឡូវនេះគាត់បានដឹងថា ការជំនុំជម្រះ របស់ព្រះ នឹងធ្លាក់មកលើទីក្រុងនេះ ហើយនិងព្រះវិហារនេះ។ យើងដឹងយ៉ាង​ច្បាស់​ថា ដោយសារការប្តូរជំនឿរបស់លោកប៉ុល នឹងធ្វើឱ្យកំហឹងរបស់ពួក​យូដា​ពុះពោរឡើងយ៉ាងខ្លាំង ប៉ុន្តែ គាត់នៅតែឈរយ៉ាងរឹងមាំ ដូចថ្មដាដដែល ហើយសង្ឃឹមថា មិត្តភក្តិរបស់គាត់នឹងផ្លាស់ប្តូរជំនឿរបស់គេ ហើយជឿ​ដល់​ព្រះយេស៊ូវ ដូចគាត់ដែរជាមិនខាន នៅពេលដែលគេបានស្តាប់​ទីបន្ទាល់​​ដ៏អស្ចារ្យដែលបានកើតឡើង ចំពោះគាត់។ គាត់ជាអ្នក ដែលធ្លាប់តែប្រកាន់ជំហរយ៉ាងរឹងមាំប្រឆាំងនឹងព្រះគ្រីស្ទព្រមទាំងសិស្ស របស់ទ្រង់ដែរ តែនៅពេលដែលគាត់បានដឹងពីអំពើបាបរបស់ខ្លួន គាត់ក៏បានបោះបង់ការនោះ​ចោល ហើយទទួលជឿដល់ព្រះយេស៊ូវវិញ។ ដូច្នេះ គាត់មានជំនឿថា មិត្តរបស់គាត់និងអ្នករួមកិច្ចការជាមួយគាត់នឹងផ្លាស់ប្តូរជំនឿរបស់ពួកគេដូចជា​គាត់ដែរ នៅពេលដែលបានឮពីទីបន្ទាល់នៃការកែប្រែជំនឿរបស់​គាត់ ហើយ​ឃើញការផ្លាស់ប្តូរដែលកើតមានឡើងចំពោះគាត់ផ្ទាល់ដែលពី​មុន​ជាពួកផារិស៊ីដ៏មានអំនួតម្នាក់ ដែលតែងតែធ្វើទុក្ខបៀតបៀនដល់​ពួក​សាវក ព្រមទាំងសម្លាប់ដល់អស់អ្នកណាដែលជឿដល់ព្រះយេស៊ូវផងនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ធីម៉ូថេទី១ ជំពូក​ ១:១២-១៧

ខចងចាំ៖​​ ដ្បិត​គឺ​ជា​ព្រះ ដែល​មាន​ព្រះបន្ទូល​បង្គាប់ ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦

Powered by CAM