ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ។ កូរិនថូសទី១ ១:១០
អំណានប្រចាំថ្ងៃ ការជួបជាមួយពេត្រុស ហើយនិងយាកុប
គាត់មានបំណងនឹងចួលរួមជាមួយនឹងពួកសាវកដែរ ប៉ុន្តែ គួរឱ្យ សោកស្តាយព្រោះពួកសាវកមិនបានរាប់គាត់ក្នុងពួកគេទេ។ ពួកសាវកបានចងចាំនូវអ្វីដែលប៉ុលបានធ្វើក្នុងការបៀតបៀន ដល់ពួកគេ ហើយគិតថា នោះប្រហែលជាការបោកបញ្ឆោតរបស់ប៉ុល ក្នុងការបំផ្លាញពួកគេវិញ។ ជាការពិតណាស់ពួកសាវកបានឮពីដំណឹងស្តីពីការកែប្រែចិត្តរបស់ប៉ុល ប៉ុន្តែ ដោយសារតែគាត់បានទៅឯស្រុកអារ៉ាប់ ហើយគ្មានដំណឹងអ្វីពីគាត់ សោះនោះ ពួកគេក៏មិនបានជឿពីការផ្លាស់ប្រែជំនឿរបស់គាត់ដែរ។
លោកបាណាបាស ដែលបានបរិច្ចាគទ្រព្យសម្បត្តិរបស់គាត់ ដើម្បីជួយផ្គត់ផ្គង់ដល់អ្នកក្រីក្រ ធ្លាប់បានស្គាល់លោកប៉ុល ក្នុងកាលដែលប៉ុលកំពុងតែបៀតបៀនដល់ពួកសាវកឯទៀត។ តែនៅពេលនេះ គាត់បានស្គាល់ ប៉ុល សាជាថ្មីម្តងទៀត ក្រោយពីបានឮពីទីបន្ទាល់នៃការបំផ្លាស់បំប្រែជំនឿដ៏អស្ចារ្យរបស់ប៉ុល។ គាត់បានជឿទាំងស្រុងនូវអ្វីដែលលោកប៉ុលបាន និយាយប្រាប់គាត់ ហើយបានទទួលប៉ុលដោយអំណរ ព្រមទាំងនាំប៉ុលទៅជួបពួកសាវកទៀតផង។ បាណាបាស ក៏បានចែកចាយដល់ពួកសាវកនូវអ្វីដែលប៉ុលបានប្រាប់ដល់គាត់ ពីការដែលព្រះយេស៊ូវបានលេចមកឯប៉ុល ក្នុងកាលដែលគាត់កំពុងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស។ ព្រះជាម្ចាស់បានមានបន្ទូលជាមួយនឹងប៉ុល ហើយទ្រង់បានឆ្លើយតបទៅនឹងការអធិស្ឋានរបស់អាន៉្នានាស ដើម្បីព្យាបាលភ្នែករបស់ប៉ុល។ ក្រោយមក ប៉ុលក៏បាន ទទួលជឿថា ព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះពិតមែន។ ពួកសាវកពុំមាន មន្ទិលសង្ស័យទៀតឡើយ ហើយលោកពេត្រុស និងយ៉ាកុបជាសាវក ដែល នៅសល់តែពីរនាក់ប៉ុណ្ណោះ នៅក្រុងយេរូសាឡិម បានទទួលប៉ុលដោយ អំណរ។ ពីមុនគាត់ធ្លាប់ជាអ្នកដែលមានអំណាចក្នុងការបៀតបៀនពួកគេ តែឥឡូវនេះ ត្រូវបានគេស្រឡាញ់ ហើយគោរពដូចកាលពីមុនដែរ។ នៅទី នេះ អ្នកដែលមានជំនឿទាំងពីរបានប្រកបគ្នា គឺពេត្រុស ជាអ្នកដែលព្រះបានជ្រើសរើសឱ្យបានដើរជាមួយនឹងទ្រង់ កាលដែលទ្រង់មានព្រះជន្ម រស់ នៅលើផែនដី និងលោកប៉ុល ជាអ្នកផារិស៊ី ដែលបានឃើញព្រះ មុខទល់ នឹងមុខ ហើយដែលបាននិយាយជាមួយនឹងទ្រង់ ក៏បានឃើញទ្រង់ ព្រមទាំងស្ថានសួគ៌ក្នុងការបើកសំដែងដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៩:២៦-៣១
ខចងចាំ៖ ដ្បិតគឺជាព្រះ ដែលមានព្រះបន្ទូលបង្គាប់ ឲ្យមានពន្លឺភ្លឺចេញពីសេចក្តីងងឹត ទ្រង់បានបំភ្លឺមកក្នុងចិត្តយើងខ្ញុំ ឲ្យយើងខ្ញុំមានរស្មីពន្លឺនៃដំណើរស្គាល់សិរីល្អរបស់ព្រះ ដែលនៅព្រះភក្ត្រនៃព្រះយេស៊ូវគ្រីស្ទ។ កូរិនថូសទី២ ៤:៦