ថ្ងៃចន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២
(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:៣២-១១:១៨)
អំណានព្រះគម្ពីរពេលព្រឹក៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ទ្រង់ និងព្រះពាហុដ៏លើកសំរេច គ្មានអ្វីដែលពិបាកពេកដល់ទ្រង់ទេ។ យេរេមា ៣២:១៧
អំណានប្រចាំថ្ងៃ
ក្នុងការដែលពេត្រុសដើរផ្សាយដំណឹងល្អ នោះគាត់បានទៅជួបពួកបរិសុទ្ធនៅភូមិលីដា។ នៅទីនោះ គាត់បានព្យាបាលបុរសម្នាក់ឈ្មោះ អេនាស ដែលមានជំងឺស្លាប់ដៃស្លាប់ជើងអស់រយៈពេលប្រាំបីឆ្នាំមកហើយ។ លោកពេត្រុសបានមានប្រសាសន៍ថា «អេនាសអើយ ព្រះយេស៊ូវដ៏ជាព្រះគ្រីស្ទទ្រង់ប្រោសឱ្យអ្នកបានជាហើយ ចូរក្រោកឡើង រៀបគ្រែ អ្នកទៅ» នោះស្រាប់តែគាត់ក៏ក្រោកឡើងភ្លាម ឯមនុស្សទាំងប៉ុន្មានដែលនៅភូមិលីដា និងស្រុកសារ៉ូន ក៏ឃើញគាត់ ហើយគេក៏បានកែប្រែចិត្តជឿដល់ព្រះអម្ចាស់។
នៅក្រុងយ៉ុបប៉េនោះក៏ដែរ មានស្ត្រីម្នាក់ឈ្មោះ តេប៊ីថា ដែលប្រែថា (នាងក្តាន់) បានស្លាប់។ នាងបានធ្វើគុណ ហើយដាក់ទានជាច្រើន ព្រមទាំងជាសាវករបស់ព្រះយេស៊ូវដ៏ឆ្នើមម្នាក់។ ការស្លាប់របស់នាងគឺជាការបាត់បង់មួយយ៉ាងធំរបស់ពួកសាវក ព្រោះព្រះវិហារដែលនៅក្មេងខ្ចីនោះមិនអាចខ្វះរូបនាងបានឡើយ។ នៅពេលដែលពួកគេបានឮថាពេត្រុសបាននៅឯលីដា ព្រមទាំងព្យាបាលអ្នកជំងឺផងនោះ គេក៏បានចាត់មនុស្សឱ្យទៅអញ្ជើញលោកមកកាន់ក្រុងយ៉ុបប៉េ។
ពេត្រុសក៏ក្រោកឡើងទៅជាមួយគេ។ កាលបានដល់ហើយ នោះគេនាំគាត់ទៅឯបន្ទប់ខាងលើនោះ ហើយពួកស្រីមេម៉ាយក៏ឈរជិតគាត់ ទាំងយំ ព្រមទាំងបង្ហាញអាវនិងសំលៀកបំពាក់ទាំងប៉ុន្មាន ដែលតេប៊ីថាបានធ្វើឱ្យកាលពីនាងនៅរស់នៅឡើយ។ តែពេត្រុសបណ្តេញគេទៅក្រៅទាំងអស់ ហើយក៏លុតជង្គង់អធិស្ឋាន ទូលអង្វរសូមឱ្យព្រះប្រទានជីវិត និងសុខភាពល្អដល់នាងវិញ។ គាត់ក៏បានបែរខ្លួនទៅឯនាង ហើយនិយាយថា «តេប៊ីថាអើយ ចូរនាងក្រោកឡើង» នោះនាងក៏បើកភ្នែក ឃើញពេត្រុស រួចឡើងអង្គុយ ហើយគាត់ក៏ហុចដៃទៅឱ្យនាងតោងឡើង រួចគាត់ ហៅពួកបរិសុទ្ធ និងពួកស្រីមេម៉ាយមក ប្រគល់នាងទៅគេទាំងរស់។ ការប្រោសមនុស្សស្លាប់ឱ្យបានរស់ឡើងវិញនេះ បានធ្វើឱ្យមនុស្សជាច្រើនបានទទួលជឿដល់ព្រះយេស៊ូវនៅក្រុងយ៉ុបប៉េ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៩:៣២-៤៣
ខចងចាំ៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ។ អេសាយ ១២:២