ថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នោះឯងរាល់គ្នានឹងអំពាវនាវដល់អញ ហើយនឹងទៅអធិស្ឋានដល់អញ រួចអញនឹងយល់ព្រមតាម ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឲ្យអស់អំពីចិត្ត។ យេរេមា ២៩:១២-១៣
អំណានប្រចាំថ្ងៃ មេទ័ព
នៅក្រុងសេសារា មានមនុស្សម្នាក់ឈ្មោះ កូនេលាស ជាមេលើកងទ័ព ដែលហៅថាកងទ័ពអ៊ីតាលី ជាអ្នកគោរព ហើយកោតខ្លាចដល់ព្រះ ព្រមទាំងពួកគ្រួលោកទាំងអស់ផង លោកក៏ដាក់ទានជាច្រើនដល់ពួកជន ហើយអំពាវនាវដល់ព្រះជានិច្ច។ ទោះបីជាកូនេលាស ជាជនជាតិរ៉ូមក៏ដោយ គាត់បានឮពីសេចក្តីពិតរបស់ព្រះ ហើយក៏បានបោះបង់ការគោរពរូបចម្លាក់របស់គាត់ចោល។ គាត់បានស្តាប់បង្គាប់ព្រះ ហើយក៏បានថ្វាយបង្គំទ្រង់ដោយអស់ពីចិត្តដែរ។ គាត់គ្មានទំនាក់ទំនងជាមួយនឹងពួកយូដាទេ តែគាត់បានដឹង ហើយក៏គោរពតាមច្បាប់សីលធម៌ផង។ គាត់មិនបានកាត់ស្បែក ហើយក៏មិនបានរួមចំណែកក្នុងការថ្វាយតង្វាយដុតដែរ ដូច្នេះគាត់ត្រូវរាប់ជាមិនស្អាតដល់ពួកយូដាវិញ។ ប៉ុន្តែ គាត់ត្រូវបានគេស្គាល់នៅគ្រប់ទីជិតឆ្ងាយថាជាមនុស្សម្នាក់ដែលមានចិត្តល្អ ហើយបានធ្វើទានដល់មនុស្សជាច្រើនផង។ ភាពសុចរិតរបស់គាត់បានធ្វើឱ្យគាត់ល្បីដល់ទាំងពួកយូដាព្រមទាំងសាសន៍ដទៃដែរ។
ទោះបីជាកូនេលាសជឿលើបទទំនាយ ហើយបានរង់ចាំការយាងមករបស់ព្រះមែស្ស៊ីក៏ដោយ ក៏គាត់មិនបានយល់អំពីជំនឿក្នុងព្រះគ្រីស្ទដែរ។ គាត់បានស្គាល់ព្រះទាំងស្រពិចស្រពិល តាមរយៈសេចក្តីស្រឡាញ់ ហើយនិងការគោរពដល់ព្រះរបស់គាត់។ គាត់យល់ព្រមជាស្រេចក្នុងការទទួលយកព្រះអង្គសង្គ្រោះ ក្នុងគ្រាណាដែលទ្រង់លេចមកឯគាត់។ ការថ្កោលទោសនឹងកើតឡើងដល់អ្នកដែលមិនព្រមទទួលយកពន្លឺដែលបានបំភ្លឺដល់គេ។ មេទ័ពម្នាក់នេះគឺជាអ្នកថ្លៃថ្នូរ ហើយគាត់ក៏ជាមនុស្សដែលសុចរិត និងមានកិត្តិយស ប៉ុន្តែ ការនេះមិនបានធ្វើឱ្យគាត់បាត់បង់ ភាពថ្លៃថ្នូររបស់គាត់ទេ។ ទង្វើល្អនិងកិត្តិយសរបស់គាត់ បានធ្វើឱ្យគាត់ក្លាយជាមនុស្សដែលមានសីលធម៌ខ្ពស់ម្នាក់ ហើយឥទ្ធិពលល្អនេះ បានក្លាយជាប្រយោជន៍ដល់អស់អ្នកដែលស្គាល់គាត់។ គាត់បានជឿលើព្រះរាជបុត្រារបស់ព្រះ ដែលជាអ្នកបង្កើតផែនដីនេះ។ គាត់ក៏បានគោរពកោតខ្លាចដល់ទ្រង់ ព្រមទាំងយាងទ្រង់មកគង់ជាមួយនឹងគាត់គ្រប់ការដែលគាត់ធ្វើផងដែរ។ គាត់ជាអ្នកសុចរិតទាំងនៅក្នុងផ្ទះ និងទាំងនៅក្នុងតួនាទីបំរើរាជការរបស់គាត់ មិនតែប៉ុណ្ណោះ គាត់បានដំឡើងអាសនារបស់ព្រះ នៅក្នុងផ្ទះរបស់គាត់ថែមទៀតផង។ គាត់បានអធិស្ឋានដោយអស់ពីចិត្ត ដើម្បីឱ្យព្រះទ្រង់គង់ជាមួយនឹងការដែលគាត់ធ្វើ ហើយគាត់មិនដែលធ្វើការណាមួយដោយមិនបានទូលដល់ព្រះជាមុននោះឡើយ។ គាត់មានសេចក្តីជំនឿនូវគ្រប់ការដែលគាត់ធ្វើ ហើយព្រះបានចាត់គាត់ជាអ្នកបរិសុទ្ធដោយការប្រព្រឹត្តិ ហើយទ្រង់បានគង់ក្បែរគាត់តាមរយៈព្រះបន្ទូល ហើយនិងព្រះវិញ្ញាណ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក ៦៧
ខចងចាំ៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ។ អេសាយ ១២:២