ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិក្នុងការធ្វើ ព្រះនេត្រទ្រង់ទតឃើញអញទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។ យេរេមា ៣២:១៩
អំណានប្រចាំថ្ងៃ ទេវតាយាងទៅកាន់លោកមេទ័ពកូនេលាស
កាលដែលកូនេលាសកំពុងតែអធិស្ឋាន នោះព្រះជាម្ចាស់បានចាត់ទេវតារបស់ទ្រង់ឱ្យទៅឯលោក ហើយទេវតានោះថែមទាំងបានហៅឈ្មោះរបស់គាត់ផង។ គាត់មានការភ័យខ្លាចជាខ្លាំង ប៉ុន្តែគាត់បានដឹងថា នោះគឺជាទេវតាដែលព្រះបានចាត់ឱ្យមក រួចក៏ឆ្លើយតបថា «ព្រះអម្ចាស់អើយ តើមានការអ្វី?» ទេវតាក៏បានតបថា «សេចក្តីអធិស្ឋាននិងការដាក់ទានរបស់អ្នកបានឡើងទៅ ទុកជាសេចក្តីរំឭក នៅចំពោះព្រះហើយ។ ដូច្នេះ ចូរអ្នកប្រើគេឱ្យទៅឯយ៉ុបប៉េ ហៅស៊ីម៉ូន ដែលមានឈ្មោះថាពេត្រុសឱ្យមកឥឡូវ។ គាត់ស្នាក់នៅផ្ទះរបស់ជាងសម្លាប់ស្បែកម្នាក់ ឈ្មោះ ស៊ីម៉ូន ដែលនៅក្បែរមាត់សមុទ្រ អ្នកនោះនឹងប្រាប់ឱ្យអ្នកដឹងពីការដែលអ្នកត្រូវធ្វើជាយ៉ាងណា»។
នៅទីនេះ យើងឃើញថា ព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះកិច្ចការផ្សាយដំណឹងល្អ ហើយនិងដល់ពួកជំនុំរបស់ទ្រង់។ ទេវតារបស់ទ្រង់មិនបានប្រាប់ពីរឿងរ៉ាវដែលទាក់ទងនឹងឈើឆ្កាងដល់កូនេលាស ជាមនុស្សដែលមានភាពទន់ខ្សោយ ហើយងាយចាញ់សេចក្តីល្បួងដូចជាគាត់នេះទេ គឺលោកប្រាប់ពីការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការយាងទៅកាន់នគរស្ថានសួគ៌ដល់គាត់។ ព្រះបានចាត់ទេវតានោះមក ដើម្បីឱ្យកូនេលាសបានទាក់ទងជាមួយសាវករបស់ព្រះ ដែលនឹងបង្រៀនដល់គាត់ ហើយនិងពួកគ្រួសាររបស់គាត់ ដើម្បីឱ្យពួកគេបានសង្រ្គោះ។
កូនេលាសបានទទួលទេវតាដោយអំណរ ព្រមទាំងចាត់មនុស្សឱ្យទៅឯពេត្រុសតាមដែលទេវតាបានបង្គាប់។ ការបង្ហាញយ៉ាងជាក់ច្បាស់របស់ទេវតា ដែលបានប្រាប់ទាំងឈ្មោះរបស់ម្ចាស់ផ្ទះ ដែលពេត្រុសបានស្នាក់នៅនោះ គឺជាភស្តុតាងបង្ហាញឱ្យឃើញថា ស្ថានសួគ៌ស្គាល់ ហើយដឹងយ៉ាងច្បាស់អំពីដំណើរជីវិត ហើយនិងការទាំងឡាយ ដែលទាក់ទងទៅនឹងជីវិតរបស់មនុស្ស។ ព្រះទ្រង់ជ្រាបអស់ទាំងការដែលអ្នកទន់ទាបធ្វើ ព្រមទាំងការរបស់ស្តេចដែលគង់លើបល្ល័ង្កផងដែរ។ ការលោភលន់ ការគ្មានមេត្តាធម៌ ការអាថ៌កំបាំង ឧក្រិដ្ឋកម្ម ហើយនិងភាពអាត្មានិយមរបស់មនុស្ស គឺទ្រង់ជ្រាបទាំងអស់ ហើយទ្រង់ក៏ជ្រាបពីអំពើល្អ សេចក្តីមេត្តាករុណា ភាពសប្បុរសរបស់មនុស្សដែរ។ គ្មានការអ្វីដែលអាចលាក់កំបាំងនឹងទ្រង់បានឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១០:១-៨
ខចងចាំ៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ។ អេសាយ ១២:២