ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមឲ្យព្រះនៃសេចក្តីសុខសាន្ត ដែលទ្រង់ប្រោសព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ឲ្យត្រឡប់ពីពួកស្លាប់មកវិញ គឺជាអ្នកគង្វាលដ៏ធំនៃហ្វូងចៀម ទ្រង់ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ក្នុងការល្អគ្រប់ជំពូកដោយសារព្រះលោហិត នៃសញ្ញាដ៏នៅអស់កល្បជានិច្ច ប្រយោជន៍ឲ្យអ្នករាល់គ្នា បានធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ ដោយទ្រង់ធ្វើការក្នុងអ្នករាល់គ្នា ដែលគាប់ដល់ព្រះហឫទ័យនៃទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ច រៀងរាបតទៅ អាម៉ែន។ ហេព្រើរ ១៣:២០-២១
អំណានប្រចាំថ្ងៃ ការនិមិត្តឃើញរបស់ពេត្រុស
ក្រោយពីបានមានបន្ទូលនឹងកូនេលាសរួចមក នោះទេវតានៃព្រះជាម្ចាស់ក៏បានលេចមកឯពេត្រុស ដែលកំពុង តែអធិស្ឋាននៅឯលើដំបូលផ្ទះ ទាំងអស់កម្លាំង ហើយឃ្លានជាខ្លាំង ដោយសារតែដំណើរដ៏វែងឆ្ងាយរបស់គាត់។ កាលដែលគាត់កំពុងតែអធិស្ឋាននោះ ព្រះបានបង្ហាញគាត់ឱ្យឃើញមេឃចំហ ហើយមានប្រដាប់ដូចជាសំពត់ កំរាលយ៉ាងធំបានចុះមក ចងទាំង៤ជ្រុង សម្រូតមកដល់ដី។ នៅក្នុងសំពត់នោះ មានសត្វជើង៤សត្វព្រៃ សត្វលូនវារ គ្រប់មុខ ដែលនៅលើដី និងសត្វហើរលើអាកាសដែរ។ ក៏ឮសំឡេង មានបន្ទូលមកថា «ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ហើយបរិភោគទៅ» តែពេត្រុសប្រកែកថា ទេ ព្រះអម្ចាស់ ដ្បិតទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត មិនបរិសុទ្ធនោះសោះ» រួចឮសំឡេងនោះមកម្តងទៀតថា «របស់អ្វីដែលព្រះបានសំអាតហើយ នោះកុំឱ្យអ្នករាប់ថាជាមិនស្អាតឡើយ»។ ការនោះមានមកគ្រប់៣ដង រួចបានលើកប្រដាប់នោះឡើងទៅលើមេឃវិញ។
យើងឃើញថា ផែនការរបស់ព្រះ បានធ្វើឡើងដើម្បីឱ្យបំណងព្រះហឫទ័យរបស់ព្រះបានសម្រេចនៅលើផែនដីដូចនៅស្ថានសួគ៌ដែរ។ នៅពេលនេះ ពេត្រុសមិនទាន់បានផ្សព្វផ្សាយដំណឹងល្អដល់ពួកសាសន៍ដទៃនៅឡើយទេ។ មានសាសន៍ដទៃជាច្រើន ជាអ្នកចង់ស្តាប់សេចក្តីពិតពីពួកសាវក។ ប៉ុន្តែ ជញ្ជាំងដែលបែងចែកវណ្ណៈរវាងពួកគេដែលត្រូវបានបំបែកដោយការសុគតរបស់ព្រះគ្រីស្ទហើយនោះ នៅតែដក់នៅក្នុងគំនិតរបស់ពួកសាវកដដែល ហើយបានធ្វើឱ្យពួកសាវកមិនបានរាប់បញ្ចូលពួកសាសន៍ដទៃក្នុងដំណឹងល្អរបស់ព្រះគ្រីស្ទឡើយ។ ពួកសាវកបានផ្សាយដំណឹងល្អដល់ពួកយូដា សញ្ជាតិក្រិក ហើយជាលទ្ធផល ពួកគេបានឆ្លើយតបដោយទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទ។ ការផ្លាស់ប្រែរបស់កូនេលាសនេះ គឺជាបេសកកម្មដំបូងដ៏ពិសេសមួយសម្រាប់ពួកសាសន៍ដទៃ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១០:៩-១៦
ខចងចាំ៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ។ អេសាយ ១២:២