ថ្ងៃសុក្រ ទី២៤​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ គឺ​ដល់​ទាំង​សាសន៍​យូដា​ជា​ដើម និង​សាសន៍​ក្រេក​ផង។ រ៉ូម ១:១៦

អំណានប្រចាំថ្ងៃ ការបំបាត់ការប្រកាន់ពូជសាសន៍

តាមរយៈការបើកដំដែងដែលគាត់បានឃើញនេះ ពេត្រុសបានភ្ញាក់រឭកពីការដែលគាត់ធ្លាប់បានប្រកាន់ដល់ពួកសាសន៍ដទៃ ហើយគាត់​បាន​យល់ថា ដោយសារតែព្រះគ្រីស្ទ នោះសាសន៍ដទៃដែលគ្មានសាសនា ក៏មាន​ចំណែកក្នុងការទទួលព្រះពរ ហើយនិងមានឱកាសដូចពួកយូដាដែរ។ មានអ្នកខ្លះបានលើកយកការបើកសម្តែងនេះមកអះអាងថា ព្រះបានដកយកការដែលទ្រង់ហាមមិនឱ្យទទួលទានសាច់មិនស្អាតចេញហើយ ដូច្នេះ​យើងអាចទទួលទានសាច់ជ្រូក បាន។ នេះគឺជាការ​យល់ឃើញយ៉ាង​រាក់កំភែល ក៏ជាការបកស្រាយដែលមិនត្រឹមត្រូវដែរ។ ហើយវាថែមទាំងជាការមួយដែលមិនគាំទ្រដល់រឿងដែលកំពុងតែកើតមានឡើងនៅពេលនោះ ទាក់ទងទៅនឹងការបើកសម្តែង និងអ្វីដែលកើតឡើងបន្ទាប់ពីការបើកសម្តែងនោះដែរ។

ដោយការបើកសម្តែងស្តីអំពីសត្វដែលមិនស្អាត ដែលនៅក្នុងផ្ទាំងក្រណាត់សំពត់នេះហើយនិងការដែលពេត្រុសមិនត្រូវរាប់របស់ណាដែលព្រះសំអាត ថាជាមិនស្អាតនោះ គ្រាន់តែជាការប្រៀបធៀបមួយ​ដែល​ព្រះ​ទ្រង់ចង់បង្ហាញ ដើម្បីឱ្យគាត់យល់ពីឋានៈរបស់ពួកសាសន៍ដទៃតែប៉ុណ្ណោះ។ ដោយសារតែការសុគតរបស់ព្រះគ្រីស្ទ នោះពួកសាសន៍ដទៃក៏ត្រូវបានរាប់ថាជារាស្ត្ររបស់ព្រះ ដូចពួកអ៊ីស្រាអែលដែរ។ ការបើកសម្តែងនេះ មិនត្រឹមតែធ្វើឱ្យពេត្រុសភ្ញាក់រឭកប៉ុណ្ណោះទេ តែវាក៏ជាការត្រាស់ហៅដល់គាត់ដែរ។ គាត់បានផ្សាយដំណឹងល្អដល់ពួកយូដា តែគាត់បានចាត់ទុកសាសន៍ដទៃថាជាសាសន៍មិនស្អាត ហើយក៏មិនបានឱ្យពួកគេរួមចំណែកក្នុងសេចក្តីសន្យា​​​របស់ព្រះដែរ។ នៅពេលនេះ ព្រះបានបើកសម្តែងឱ្យពេត្រុសយល់ពីផែនការ​សង្គ្រោះរបស់្រទង់ដល់លោកិយនេះទាំងមូល។

ក្នុងពេល​ដែលគាត់កំពុងតែព្យាយាមឱ្យបានយល់អំពីការបើកសម្តែងនោះ នោះមនុស្ស៣នាក់ ដែលកូនេលាសចាត់ឱ្យមក បានសួររកផ្ទះស៊ីម៉ូន ក៏ឈរនៅមាត់ទ្វារដែរ។ គេកំពុងតែសួរថា តើមានឈ្មោះស៊ីម៉ូន ដែលហៅថាពេត្រុស នៅផ្ទះនោះឬទេ ។ ដូច្នេះ កំពុងដែលពេត្រុសគិតរំពឹងពីការជាក់ស្តែង នោះព្រះវិញ្ញាណក៏មានបន្ទូលមកគាត់ថា «មើល មានមនុស្ស ៣នាក់មករកអ្នក។ ចូរក្រោកឡើង ចុះទៅ ហើយទៅជាមួយ​នឹងគេ​ចុះ កុំប្រកាន់ឡើយ ពីព្រោះគឺខ្ញុំហើយដែលចាត់ឱ្យគេមក»។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១០:១៧-២៣

ខចងចាំ៖​​ មើល ព្រះ​ទ្រង់​ជា​សេចក្តី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្តី​ខ្លាច​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះយេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​បទ​ចំរៀង​របស់​ខ្ញុំ គឺ​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ ។ អេសាយ ១២:២

Powered by CAM