ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកណាប្រាប់បាន លើកតែមានអ្នកណាចាត់ឲ្យគេទៅ ដូចជាមានសេចក្តីចែងទុកមកថា «ជើងនៃពួកអ្នក ដែលប្រកាសប្រាប់ដំណឹងល្អ ពីសេចក្តីសុខសាន្ត ហើយថ្លែងប្រាប់ពីសេចក្តីដែលបណ្តាលឲ្យរីករាយចិត្ត នោះល្អប្រពៃយ៉ាងណាហ្ន៎»។ រ៉ូម ១០:១៤-១៥
អំណានប្រចាំថ្ងៃ ការគោរពបញ្ញតិ្តរបស់ព្រះ
វាជាការត្រាស់បង្គាប់មួយដ៏តឹងតែង ចំពោះពេត្រុសតែគាត់មិនហ៊ានធ្វើតាមតែចិត្តរបស់គាត់ឡើយ ហេតុដូច្នេះហើយពេត្រុសក៏បានចុះទៅ ហើយទទួលអ្នកទាំងបី ដែលកូនេលាសបានចាត់ឱ្យមករកគាត់។ អ្នកទាំងបីក៏បានរៀបរាប់ពីមូលហេតុតែមួយគត់ដែលគេមក នោះពេត្រុសក៏ព្រមទៅជាមួយនឹងគេ តាមដែលព្រះបានបង្គាប់ដល់គាត់។ ពេត្រុសក៏បានទទួលអ្នកទាំងបីនៅយប់នោះ លុះព្រឹកឡើងពួកគេក៏បានចេញដំណើរទៅសេសារា ដោយមាន៦នាក់ ទៅនឹងគាត់ដែរ ដើម្បីធ្វើជាបន្ទាល់ពីអ្វីដែលគាត់ធ្វើដល់ពួកសាសន៍ដទៃ ដ្បិតគាត់ដឹងថា គាត់នឹងត្រូវបកស្រាយដល់ពួកយូដាអំពីការដែលគាត់ទាក់ទងជាមួយនឹងសាសន៍ដទៃនេះ។
ពួកគេបានធ្វើដំណើរជាងពីរថ្ងៃ ហើយនៅពេលដែលពួកគេបានទៅដល់ នោះកូនេលាសបានស្វាគមន៍ដល់អ្នកនាំដំណឹងល្អរូបនេះ ដែលព្រះបានមានបន្ទូលថានឹងបង្រៀនដល់គាត់ ព្រមទាំងពួកគ្រួសារគាត់ ដើម្បីឱ្យបានសង្គ្រោះ។ ក្នុងគ្រាដែលកំពុងរង់ចាំនោះ កូនេលាសបានអញ្ជើញញាតិរបស់គាត់ទាំងប៉ុន្មានឱ្យមកស្តាប់ពីសេចក្តីពិតដែរ ហើយនៅពេលដែលពេត្រុសបានទៅដល់ នោះគាត់បានឃើញមនុស្សជាច្រើនដែលប្រជុំគ្នា រង់ចាំស្តាប់ការបង្រៀនរបស់គាត់។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ជំពូក ៥៦:១-៨
ខចងចាំ៖ មើល ព្រះទ្រង់ជាសេចក្តីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្តីខ្លាចឡើយ ពីព្រោះព្រះដ៏ជាព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាបទចំរៀងរបស់ខ្ញុំ គឺទ្រង់ដែលបានសង្គ្រោះខ្ញុំ ។ អេសាយ ១២:២៦