ថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ នែ អស់ទាំងកូននៃព្រះដ៏មានឥទ្ធិឫទ្ធិអើយ ចូរសរសើរព្រះយេហូវ៉ា ចូរសរសើរព្រះយេហូវ៉ាថាទ្រង់មានសិរីល្អ ហើយនឹងព្រះចេស្តា ចូរសរសើរពីសិរីល្អនៃព្រះយេហូវ៉ាឲ្យសមនឹងព្រះនាមទ្រង់ចូរពាក់គ្រឿងលំអបរិសុទ្ធ នាំគ្នាថ្វាយបង្គំដល់ព្រះយេហូវ៉ាចុះ។ ទំនុកតម្កើង ២៩:១-២
អំណានប្រចាំថ្ងៃ ការមកជួបលោកកូនេលាស
ក្នុងខណៈដែលពេត្រុសមកដល់ផ្ទះរបស់គាត់នោះ គាត់មិនបានទទួលពេត្រុសក្នុងឋានៈត្រឹមតែជាភ្ញៀវម្នាក់ ប៉ុណ្ណោះទេ តែគាត់បានរាប់ពេត្រុសថាជាភ្ញៀវកិត្តិយសមកពីស្ថានសួគ៌ដែលព្រះបានចាត់ឱ្យមក។ ជាទំនៀមទម្លាប់នៅបូព៌ាប្រទេស គេតែងតែឱនក្រាបចំពោះស្តេច ឬអ្នកដែលមានឋានៈខ្ពស់ ហើយកូនតែងតែឱនចំពោះឪពុកម្តាយរបស់ខ្លួនដែលជាអ្នកមានគុណ និងជាមនុស្សគួរឱ្យទុកចិត្ត។ តែកូនេលាសដែលពោរពេញទៅដោយអំណរបានឱនក្រាបទាបបាតជើងរបស់ពេត្រុស ដែលព្រះចាត់ឱ្យមក ដោយគោរព។
ប៉ុន្តែ ពេត្រុសក៏បានលើកគាត់ឡើងហើយនិយាយថា «ចូរក្រោកឡើង ខ្ញុំក៏ជាមនុស្សដូចអ្នកដែរ»។ ក្រោយមក លោកពេត្រុសក៏បានសំណេះសំណាលជាមួយនឹងគាត់ ដើម្បីឱ្យគាត់លែងគោរពថ្វាយបង្គំដល់ពេត្រុសដូច្នោះទៀត។ ប្រសិនបើពេត្រុសត្រូវបានតែងតាំងដោយអំណាចរបស់ព្រះវិហាររ៉ូមាំុងកាតូលិក នោះគាត់ប្រហែលជានឹងបន្តឱ្យកូនេលាសថ្វាយបង្គំគាត់ជាជាងហាមគាត់វិញ។ ដោយសារពេត្រុសត្រូវបានព្រះនៃស្ថានសួគ៌ចាត់ឱ្យមកនោះ សូម្បីតែស្តេចក៏ត្រូវថ្វាយបង្គំគាត់ដែរ តែគាត់បែរជាប្រកាសថា គាត់គ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះទៅវិញ។
លោកពេត្រុសបានប្រាប់ដល់កូនេលាស ហើយនិងពួកគ្រួរបស់គាត់អំពីទំនៀមទម្លាប់របស់ពួកយូដាដែលថាការប្រាស្រ័យជាមួយនឹងសាសន៍ដទៃនោះគឺជាការខុសច្បាប់របស់សាសន៍យូដា ហើយក៏ជាការដែលធ្វើឱ្យអាប់ឱនដល់ទីបរិសុទ្ធដែរ។ ទោះបីជាព្រះមិនបានហាម នៅក្នុងបញ្ញត្តិរបស់ទ្រង់ក៏ដោយ ក៏មនុស្សបានប្រកាន់យកទំនៀមទម្លាប់ទាំងនេះទៅអនុវត្តយ៉ាងខ្ជាប់ខ្ជួនដែរ។ លោកពេត្រុសបានបន្តទៀតថា «អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់ នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសម្តែងឱ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថា មិនស្អាត ឬមិនបរិសុទ្ធឡើយ ហេតុនោះបានជាកាលលោកចាត់គេឱ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក «តើលោកឱ្យខ្ញុំមកមានការអ្វី?»
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១០:២៤-៣៣
ខចងចាំ៖ ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ ។ កិច្ចការ ២:៣៨