ថ្ងៃចន្ទ ទី២៧​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ។ សុភាសិត ៤:១៨-១៩

អំណានប្រចាំថ្ងៃ ការយល់ច្បាស់ពីសេចក្កីសង្គ្រោះដ៏ធំធេង

កូនេលាសក៏បានរ៉ាយរ៉ាប់ប្រាប់ពីដំណើររឿងដែលទេវតានៃព្រះជាម្ចាស់បានលេចមកឯ​គាត់ ក្នុងការជាក់ស្តែង ដោយនិយាយថា «ខ្ញុំបាន​ចាត់គេ​ឱ្យទៅឯលោក ហើយដែលលោកអញ្ជើញមកនេះក៏ល្អហើយ ឥឡូវនេះ យើងទាំងអស់ នៅចំពោះព្រះដើម្បីនឹងស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។ ពេត្រុសក៏បើកមាត់និយាយថា ប្រាក​ដ​មែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខ អ្នកណាទេ គឺនៅក្នុងគ្រប់​ទាំង​សាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្ត សេចក្តី​សុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ។ ទោះបីជាព្រះទ្រង់សព្វព្រះទ័យនឹងសាសន៍ យួដាជាងសាសន៍ដទៃក៏ដោយ តែប្រសិន​បើគេ​បដិសេធពន្លឺ ហើយមិនព្រមរស់នៅដោយជំនឿ នោះពួកគេក៏មិនបានលើកឡើងឱ្យខ្ពស់ជាងសាសន៍ដទៃដែរ។ តែអស់ទាំងសាសន៍ដទៃដែលដូចជាលោកកូនេលាសដែលកោតខ្លាចដល់ព្រះ ហើយប្រព្រឹត្តដោយសុចរិត ព្រមទាំងរស់នៅតាមពន្លឺដែលគេទទួលបាន នោះត្រូវបានព្រះរាប់ថាជាសុចរិត ហើយទ្រង់ក៏នឹងទទួលពួកគេទាំងនោះដែរ។ ប៉ុន្តែ ជំនឿហើយនិងសេចក្តីសុចរិតរបស់កូនេលាស នឹងមិនបានគ្រប់លក្ខណ៍ទេ ប្រសិនបើគ្មានការ​យល់​ដឹងអំពីព្រះគ្រីស្ទ ដូច្នេះ បានជាព្រះទ្រង់បានចាត់ឱ្យពេត្រុសនាំពន្លឺ ហើយ​និងការយល់ដឹងពីទ្រង់ ដើម្បីនឹងបំពេញនូវជំនឿ ហើយនិង​សេចក្តី​សុចរិត​របស់គាត់។ មានមនុស្សជាច្រើនដែលមិន​ព្រមទទួលពន្លឺដែលព្រះបានប្រទានឱ្យ ដោយបានយកសម្តីដែលលោកពេត្រុសបានមានប្រសាសន៍ទៅកាន់កូនេលាសថា «អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្ត​សេចក្តីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ» មកធ្វើជាខអាង​ទៅ​វិញ។ ពួកគេបាន និយាយថា យើងមិនចាំបាច់នឹងជឿដល់ព្រះទេ ឱ្យតែ​យើងប្រព្រឹត្តដោយសុចរិត នោះបានហើយ តែការគិតនេះវាមិនត្រឹមត្រូវទេ ជំនឿក៏ត្រូវតែរួបរួមជាមួយនឹងការប្រព្រឹត្តិដែរ។ ពួកគេត្រូវតែប្រព្រឹត្តតាមពន្លឺដែលព្រះបានប្រទានឱ្យ ហើយក៏ត្រូវធ្វើឱ្យបានប្រសើរជាងនោះទៅទៀត។ ប្រសិន​បើព្រះជាម្ចាស់បានបណ្តាលឱ្យគេបានជួបជាមួយនឹងអ្នកបំរើរបស់ទ្រង់ ដែលដឹងពីសេចក្តីពិតដែលមានការគាំទ្រពីព្រះបន្ទូលរបស់ទ្រង់នោះ ពួកគេត្រូវតែទទួលដោយអំណរ។ សេចក្តីពិតតែងតែដើរទៅមុខជានិច្ច ហើយអស់អ្នកណាដែលអះអាងថាសេចក្តីជំនឿតែមួយគត់នឹងជួយសង្គ្រោះគេ នោះកំពុងតែយល់ខុសហើយ ដ្បិតសេចក្តីជំនឿត្រូវបានធ្វើឱ្យរឹងមាំឡើង ហើយបានធ្វើឱ្យគ្រប់លក្ខណ៍តាមការប្រព្រឹត្តិវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១០:៣៤-៤៣

ខចងចាំ៖​​ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កិច្ចការ​ ២:៣៨

Powered by CAM