ថ្ងៃអង្គារ ទី២៨​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កិច្ចការ ២:៣៨

អំណានប្រចាំថ្ងៃ សាសន៍ដទៃទទួលព្រះវិញ្ញាណបរិសុទ្ធ

លោកពេត្រុសក៏បានបង្រៀនដល់អ្នកទាំងនោះអំពីព្រះជន្ម កិច្ចការ ការអស្ចារ្យ ការត្រូវគេក្បត់ ការសុគតដោយជាប់ឆ្កាង ការមានព្រះជន្មរស់​ឡើងវិញ ហើយនិងការយាងទៅកាន់ស្ថានសួគ៌វិញរបស់ព្រះយេស៊ួវ។ គាត់ក៏បានបង្រៀនអំពីការដែលព្រះគ្រីស្ទទ្រង់ជាតំណាង ហើយនិងជាអ្នកអង្វរដល់ព្រះជំនួសយើងរាល់គ្នា ដែលជាអ្នកមានបាបដែរ។ ក្នុងខណៈដែលលោកពេត្រុសកំពុងតែបង្រៀនដល់ពួកគេនោះ គាត់បានពេញទៅ​ដោយព្រះវិញ្ញាណនៃសេចក្តីពិតរបស់ព្រះ ហើយគាត់ក៏បានបង្រៀនដល់គេនូវសេចក្តីទាំងនោះ។ អ្នកដែលបានឮការបង្រៀនរបស់គាត់ពេញចិត្តនឹងទទួលការបង្រៀននោះ ដ្បិតចិត្តរបស់គេគ្រប់គ្នាត្រូវបានរៀបចំដើម្បីទទួលសេចក្តីពិតនោះហើយ។ កាលពេត្រុសកំពុងតែអធិប្បាយនៅឡើយ នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិត លើអស់អ្នកដែលកំពុងតែស្តាប់ព្រះបន្ទូល ដូចនៅថ្ងៃបុណ្យទី ៥០ដែរ។ ពួកអ្នកជឿក្នុងពួកកាត់ស្បែក ទាំងប៉ុន្មានដែលមកជាមួយនឹងពេត្រុស គេក៏មានសេចក្តីអស្ចារ្យជាខ្លាំង ពីដំណើរដែលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធបានចាក់មកលើពួកសាសន៍ដទៃដូច្នេះ ដ្បិតគេឮអ្នកទាំងនោះនិយាយភាសាដទៃហើយសរសើរតម្កើងដល់ព្រះ។ នោះពេត្រុសសួរថា តើមានអ្នកណាអាចនឹងឃាត់ មិនឱ្យធ្វើបុណ្យជ្រមុជទឹកដល់អ្នកទាំងនេះបានដែរឬទេ? ពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធដូចជាយើងដែរ។ គាត់ក៏បង្គាប់ឱ្យធ្វើបុណ្យជ្រមុជឱ្យគេ ដោយនូវ​ព្រះនាមព្រះអម្ចាស់ រួចគេសូមអង្វរគាត់ ឱ្យនៅជាមួយពីរបីថ្ងៃទៀត។ កាលព្រះវិញ្ញាណបរិសុទ្ធយាងមកសណ្ឋិតលើពួកសាសន៍ដទៃនោះ មិនមែនជា​ការជ្រមុជទឹកទេ ដ្បិតការផ្លាស់ប្តូរជំនឿត្រូវឆ្លងកាត់ដំណាក់ការនៃសេចក្តីជំនឿ ការលន់តួបាប ហើយនិងពិធីបុណ្យជ្រមុជទឹក។ ដូច្នេះ ព្រះវិហារគ្រីស្ទានត្រូវតែរួមគ្នាតែមួយក្នុងព្រះជាម្ចាស់ ដោយជំនឿតែមួយ ហើយនិង​ពិធីបុណ្យជ្រមុជទឹកតែមួយ។ ព្រះគុណរបស់ព្រះបានធ្វើឱ្យភាពខុសគ្នាទាំងឡាយបានបរិសុទ្ធ ហើយគ្រប់គ្នាត្រូវរស់នៅតាមគោលការតែមួយ។ ពេត្រុសក៏បាននៅជាមួយនឹងពួកសាសន៍ដទៃទាំងនោះហើយក៏បានបង្រៀនដល់គេអំពីព្រះយេស៊ូវ។

នៅពេលដែលពួកសិស្ស​នៅឯស្រុកយូដាបានឮពីការដែលពេត្រុសបង្រៀនដល់ពួកសាសន៍ ដទៃហើយ ព្រមទាំងបានទទួលទានជាមួយនឹងពួកគេផងទៀតនោះ គេក៏មានការភ្ញាក់ផ្អើល ហើយមិនពេញចិត្តនឹងទង្វើរបស់ពេត្រុសទាល់តែសោះ។ ពួកគេខ្លាចក្រែងការដែលពេត្រុសធ្វើនេះជាទង្វើដែលប្រាសចាកពីច្បាប់ និងការបង្រៀនរបស់ពួកគេ។ នៅពេលដែលពេត្រុសបានទៅសួរសុខទុក្ខពួកគេ នោះពួកគេក៏បានប្រកាន់នឹងគាត់ ហើយបានបន្ទោសគាត់ថា «លោកបានចូលទៅឯពួកមនុស្សដែលមិនកាត់ស្បែក ក៏បានពិសាជាមួយនឹងគេផង»។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១០:៤៤-៤៨

ខចងចាំ៖​​ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ។ កិច្ចការ​ ២:៣៨

Powered by CAM