ថ្ងៃពុធ ទី២៩​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៩-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ក្រោក​ឡើង ហើយ​ភ្លឺ​មក​ចុះ ដ្បិត​ពន្លឺ​របស់​ឯង​បាន​មក​ដល់​ហើយ សិរីល្អ​នៃ​ព្រះយេហូវ៉ា​ក៏​បាន​រះ​ឡើង​ដល់​ឯង​ដែរ ដ្បិត​មើល សេចក្តី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្តី​សូន្យសុង​នឹង​គ្រប​លើ​អស់​ទាំង​ជនជាតិ តែ​ព្រះយេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរីល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង។ អេសាយ ៦០:១-៣

អំណានប្រចាំថ្ងៃ ការបកស្រាយពីការបើកសម្តែងប្រាប់ដល់ពួកជំនុំ

ពេត្រុសក៏បានបកស្រាយពីការនោះដល់ពួកគេ ហើយគាត់ក៏បានប្រាប់ដល់គេអំពីរឿងរ៉ាវដែលបានកើតឡើង ព្រមទាំងការជាក់ស្តែងរបស់គាត់ដល់ពួកគេដែរ។ គាត់បានសូមកុំឱ្យគេបែងចែករវាងអ្នកកាត់ស្បែក​ឬអ្នក​មិន​កាត់ស្បែកក្នុងការប្រារឰធ្វើពិធីក្នុងព្រះវិហារ ហើយក៏កុំឱ្យគេរាប់ពួកសាសន៍ដទៃថាមិនស្អាតដែរ ដ្បិតព្រះទ្រង់មិនបានគិតដូច្នោះទេ។ គាត់​ក៏បានប្រាប់​ដល់​គេ​ពីការដែលព្រះបានត្រាស់បង្គាប់គាត់ឱ្យទៅបង្រៀនដល់ពួកសាសន៍ដទៃ ពីការដែលអ្នកនាំសារបានមកឯគាត់ ព្រមទាំងពីការធ្វើដំណើរទៅកាន់ក្រុងសេសារា ដែលគាត់បានជួបនឹងកូនេលាស ព្រមទាំង​ពួក​គ្រួ​របស់​គាត់​ផង។ គាត់​បានបង្ហាញពីការប្រុងប្រយ័ត្នរបស់គាត់នៅពេល​ដែលគាត់ធ្វើ​ដំណើរ​ទៅឯសេសារា ដោយបាននាំក្រុមជំនុំ ៦នាក់ទៅជាមួយ​នឹងគាត់ដែរ ហើយពួកគេសុទ្ធតែបានឃើញពីបន្ទាល់ដែលបានកើតឡើងនៅទីនោះ។ គាត់ក៏បានប្រាប់ដល់ពួកគេពីការជាក់ស្តែងរបស់កូនេលាស និងពីការដែលទេវតារបស់ព្រះបានប្រាប់គាត់ឱ្យចាត់អ្នកនាំសារឱ្យទៅអញ្ជើញសាវក ពីយ៉ុបប៉េ ដើម្បីឱ្យសាវកនោះបង្រៀនដល់លោក ព្រមទាំងពួកគ្រួលោកឱ្យបានសង្គ្រោះផង។គាត់ក៏បានប្រាប់ដល់គេ ពីការដែលព្រះវិញ្ញាណបរិសុទ្ធបានយាងមកសណ្ឋិតលើគេ ក្នុងកាលដែលគាត់កំពុងតែបង្រៀនដល់ពួកគេ។ «កាលខ្ញុំចាប់តាំងនិយាយទៅ នោះព្រះវិញ្ញាណបរិសុទ្ធ​ក៏យាង​មកសណ្ឋិតលើគេ ដូចជាបានសណ្ឋិតលើយើងរាល់គ្នាកាលពីដើមដែរ។ នោះខ្ញុំបាននឹកឃើញពីសេចក្តីដែលព្រះអម្ចាស់ទ្រង់មានបន្ទូលថា «លោកយ៉ូហានបានធ្វើបុណ្យជ្រមុជដោយទឹក តែអ្នករាល់គ្នានឹងទទួលបុណ្យជ្រមុជដោយព្រះវិញ្ញាណបរិសុទ្ធវិញ»។ ដូច្នេះ បើសិនជាព្រះបានប្រទានអំណោយទានទៅគេដូចជាបានប្រទានមកយើងដែរ ដោយជឿដល់ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ ចុះតើខ្ញុំជាអ្វីដែលអាចនឹងឃាត់ព្រះបាន? ក្រោយពីបានឮពី​ដំណើរ​​ដែល​លោកពេត្រុសបានរៀបរាប់ នោះពួកជំនុំបាននៅស្ងៀម ព្រមទាំង​បានជឿថា អ្វីដែលពេត្រុសបានធ្វើ គឺជាការបំពេញនូវផែនការរបស់ព្រះ។ ហើយពួកគេក៏បានជឿទៀតថា ការប្រកាន់របស់ពួកគេ ទៅលើសាសន៍ដទៃ ត្រូវតែលុបបំបាត់ចោលដោយសារតែ ដំណឹងល្អរបស់​ព្រះគ្រីស្ទ។ កាល​បាន​ឮសេចក្តីនោះហើយ នោះគេបាត់មាត់ ក៏ត្រឡប់ជាសរសើរដល់ព្រះវិញថា ដូច្នេះព្រះទ្រង់ក៏ប្រោសប្រទានការប្រែចិត្តដល់ពួកសាសន៍ដទៃឱ្យគេ​មាន​ជីវិតដែរហ្ន៎។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១១:១-១៨

ខចងចាំ៖​​ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ។ កិច្ចការ​ ២:៣៨

Powered by CAM