ថ្ងៃសុក្រ ទី០៣​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៥-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​គម្ពីរ​ក្រឹត្យវិន័យ​នេះ​ភ្លេច​បាត់​ពី​មាត់​ឯង​ឡើយ គឺ​ត្រូវ​ឲ្យ​នឹកជញ្ជឹង​ទាំង​យប់​ទាំង​ថ្ងៃ​វិញ ដើម្បី​ឲ្យ​បាន​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​សេចក្តី ដែល​កត់​ទុក​ក្នុង​គម្ពីរ​នេះ​ឯង ដ្បិត​គឺ​យ៉ាង​នោះ​ដែល​ឯង​នឹង​បាន​កើត​ការ​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង ហើយ​នឹង​បាន​ចំរើន​ឡើង​ផង។​ យ៉ូស្វេ ១:៨

អំណានប្រចាំថ្ងៃ ការរៀបចំពួកជំនុំ

អ្នកទាំង៧នាក់នោះ ត្រូវបានគេញែកចេញជាពិសេសឱ្យបំពេញតួនាទីរបស់គេ ដោយការអធិស្ឋានដាក់ដៃពីលើ។ អ្នកដែលគេបានអធិស្ឋានបែបនេះក៏មិនបានដកចេញពីការបង្រៀននូវសេចក្តីជំនឿរបស់គេដែរ។ ផ្ទុយទៅវិញ មានសេចក្តីកត់ត្រាទុកមកថា «ស្ទេផាន ដែលជាអ្នកពោរពេញ ដោយសេចក្តីជំនឿនិងព្រះចេស្តារបស់ព្រះបានធ្វើការអស្ចារ្យជាច្រើនក្នុងចំណោមក្រុមជំនុំ»។ ហើយ​ពួកអ្នកដែលត្រូវបានជ្រើសរើសទាំងនោះ ក៏សុទ្ធតែមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការ​ដឹក​នាំ​​​ដោយសេចក្តីពិត។ ពួកគេសុទ្ធតែមានការវិនិច្ឆ័យខ្ពស់ ហើយមានការ​ប្រុង​ប្រយ័ត្នជានិច្ច ក្នុងការដោះស្រាយបញ្ហានៃការពិបាកនានានិងការច្រណែនឬការរអ៊ូរទាំផ្សេងៗ។

ការជ្រើសរើសមនុស្សឱ្យជួយគ្រប់គ្រងការងាររបស់ពួកជំនុំដូច្នេះ គឺដើម្បីឱ្យពួកសាវកមានពេលវេលាសម្រាប់ការងារពិសេសនៃការបង្រៀនពីសេចក្តីពិតនេះគឺជាព្រះពរយ៉ាងធំក្រៃលែងមកពីព្រះ។ ពួកជំនុំបាន​កើន​ឡើងទាំងចំនួននិងទាំងកម្លាំង។ «ព្រះបន្ទួលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្សបានចម្រើនក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃក៏មានសន្ធឹកចុះចូលជឿដែរ»។

​វាគឺជាការចាំបាច់ណាស់ដែលព្រះវិហារសព្វថ្ងៃនេះគួរតែរក្សានូវរចនាសម្ព័ន្ធ ដែលបានរៀបចំឡើងនៅជំនាន់ពួកសាវកដែរ។ ការរីកចម្រើន​ទាំងឡាយនឹងកើតមានឡើង អាស្រ័យទៅលើផ្នែកផ្សេងៗ ដែលបានដឹកនាំដោយបុគ្គលដែលមានសមត្ថភាព ហើយមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញកិច្ចការនោះ។ អស់អ្នកណាដែលព្រះបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំក្នុងការបំរើទ្រង់ ត្រូវមើលការខុសត្រូវខាងព្រលឹងវិញ្ញាណរបស់ពួកជំនុំ គួរតែត្រូវបានញែកចេញពីការងារលោកិយឱ្យបានដាច់ស្រឡះ។ អស់អ្នកដែលព្រះបានជ្រើសរើសឱ្យទទួលខុសត្រូវខាងព្រះបន្ទូល ហើយនិង​គោល​លទ្ធិ គួរតែមានពេលវេលាដើម្បីអធិស្ឋាន និងសិក្សាព្រះបន្ទូលរបស់ព្រះ។ ការទទួលខុសត្រូវខាងព្រលឹងវិញ្ញាណរបស់ពួកគេនឹងត្រូវស្រអាប់ ដោយសារតែការដោះស្រាយបញ្ហាតូចតាចផ្សេងៗ ដែលកើតមានឡើង នៅក្នុង​ពួកជំនុំទាំងមូល។ វាជាការត្រឹមត្រូវដែលនាំយកបញ្ហា​ខាងលោកិយ​មកចំពោះគណៈកម្មការដ៏សមស្របណាមួយរបស់ព្រះវិហារ ដើម្បីសម្រួល​បញ្ហានោះ។ ប៉ុន្តែ ប្រសិនបើបញ្ហានោះវាពិបាកដោះស្រាយ នោះក្រុមប្រឹក្សាភិបាលរបស់ព្រះវិហារ ទាំងមូលនឹងចូលរូម ដោះស្រាយបញ្ហានោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទីតុស ជំពូក​ ១:៤-៩

ខចងចាំ៖​​ ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រាវុធ​ឥត​រុញរាថយ​ក្រោយ​ឡើយ។ យ៉ូអែល ២:៨

Powered by CAM