ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២
(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ១២:១-២៣)
អំណានព្រះគម្ពីរពេលព្រឹក៖ ដែលយើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ។ កូរិនថូសទី២ ៤:៨-៩
អំណានប្រចាំថ្ងៃ
ស្តេចហេរ៉ូឌបានផ្លាស់ប្តូរជំនឿរបស់ទ្រង់ ដោយសារតែការយកចិត្តដល់ពួកយូដាតែប៉ុណ្ណោះ ហើយទ្រង់បានបង្ហាញអង្គទ្រង់យ៉ាងសកម្មក្នុងការធ្វើពិធីទាំងឡាយនៅក្នុងព្រះវិហារ។ ទ្រង់គឺជាអ្នកគ្រប់គ្រងសាសន៍យូដាទាំងមូល ក្រោមការត្រួតត្រារបស់ក្លេឌាស ដែលជារាជាធិរាជរបស់ចក្រភពរ៉ូម ហើយមិនតែប៉ុណ្ណោះ ទ្រង់ក៏ជាអ្នកគ្រប់គ្រងស្រុកកាលីឡេដែរ។ ទ្រង់បានប្រើគ្រប់វិធីទាំងអស់ ក្នុងការយកចិត្តពួកយូដា ដើម្បីរក្សាអំណាចរបស់ទ្រង់ឱ្យបានគង់វង្ស ដូច្នេះ ទ្រង់ក៏បានធ្វើតាមគ្រប់ទាំងអ្វីៗដែលជាបំណងរបស់ពួកយូដា ហើយក៏បានបៀតបៀនដល់ពួកជំនុំរបស់ព្រះគ្រីស្ទ។ ទ្រង់បានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់អស់អ្នកដែលជឿដល់ព្រះគ្រីស្ទ ហើយក៏បានចាប់មេដឹកនាំរបស់ពួកគេដាក់គុកដែរ។ ទ្រង់បានចាប់សាវកយ៉ាកុបដាក់គុកព្រមទាំងបញ្ជាឱ្យគេសម្លាប់ គាត់នឹងដាវ ដូចដែលស្តេចហេរ៉ូឌបានធ្វើ មុននឹងសម្លាប់លោកយ៉ូហានបាទីស្ទដែរ។ ទ្រង់ក៏បានធ្វើការទាំងនោះដោយគ្មានញញើតឡើយ ដោយសារតែការនោះ បានបំពេញដល់ចិត្តរបស់ពួកយូដា ក្រោយមក ទ្រង់ក៏បានចាប់លោកពេត្រុសដាក់គុកទៀត។ ការឃោរឃៅទាំងអស់នេះបានកើតឡើងនៅថ្ងៃជាមួយគ្នានឹងថ្ងៃនៃបុណ្យរំលងដែរ។
ហ្វូងមនុស្សបានអបអរសាទរនឹងអ្វីដែលស្តេចហេរ៉ូឌបានធ្វើ ជាពិសេសក្នុងការដែលទ្រង់សម្លាប់លោកយ៉ាកុប ទោះបីជាមានអ្នកខ្លះមិនបានពេញចិត្តដោយសារតែទ្រង់សម្លាប់យ៉ាកុបនៅ ទីកំបាំងក៏ដោយ។ ពួកគេចង់ឱ្យទ្រង់សម្លាប់យ៉ាកុបនៅទីសាធារណៈដើម្បីឱ្យពួកយូដាដែលមិនជឿមានការអរសប្បាយ ហើយធ្វើឱ្យអ្នកដែលជឿមានការភ័យខ្លាចវិញ។ ដូច្នេះស្តេចហេរ៉ូឌបានឃុំខ្លួនពេត្រុសដើម្បីនឹងផ្គាប់ចិត្តដល់ពួកយូដា ដោយឱ្យគេឃើញពីការស្លាប់របស់ពេត្រុស នៅទីសាធារណៈ។ ប៉ុន្តែ ពួកគេបានទូលដល់ទ្រង់ថា ទ្រង់មិនគួរកាត់ទោសគេក្នុងថ្ងៃបុណ្យរំលងដែលមានមនុស្សមកកកកុញ ពេញទីក្រុងយេរូសាឡិមនោះទេ។ ព្រោះហ្វូងមនុស្សអាចនឹងមានការអាណិត និងគោរពដល់គេ ហើយអាចនឹងសូមឱ្យទ្រង់ដោះលែងគេ។ ប្រសិនបើមានការនោះកើតឡើងមែន នោះទ្រង់ដែលជាស្តេច មិនអាចបដិសេធបានឡើយ តែទ្រង់នឹងត្រូវធ្វើតាមសំណូមពររបស់ពួកគេវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១២:១-៤
ខចងចាំ៖ ពេត្រុសឆ្លើយតបថា ចូរអ្នករាល់គ្នាប្រែចិត្តចុះ ហើយទទួលបុណ្យជ្រមុជទឹកទាំងអស់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវវគ្រីស្ទ ប្រយោជន៍ឲ្យបានរួចពីបាប នោះអ្នករាល់គ្នានឹងទទួលអំណោយទាន ជាព្រះវិញ្ញាណបរិសុទ្ធ។ កិច្ចការ ២:៣៨