ថ្ងៃសៅរ៍ ទី០៤​ ខែមិថុនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣៦)​

ការស្លាប់របស់ស្ទេផាន

​(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៦:៨-៧:៦០)

អំណានព្រះគម្ពីរពេលព្រឹក៖ តែ​បើ​អ្នក​រាល់​គ្នា​ត្រូវ​រង​ទុក្ខ ដោយ​ព្រោះ​សេចក្តី​សុចរិត​វិញ នោះ​អ្នក​រាល់​គ្នា​មាន​ពរ​ពិត មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​ចំពោះ​សេចក្តី​ស្ញែង​ខ្លាច​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​ថប់​បារម្ភ​ដែរ ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ ពេត្រុសទី១ ៣:១៤-១៥

អំណានប្រចាំថ្ងៃ

លោកស្ទេផានជាមនុស្សយ៉ាងសកម្មក្នុងការងាររបស់ព្រះ ហើយបានប្រកាសសេចក្តីជំនឿរបស់គាត់ដោយក្លាហាន។ «គ្រានោះមានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស និងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួក​អ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន តែ​គេពុំអាចទប់ទល់នឹងប្រាជ្ញា ហើយនិងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ»។

ពួកសិស្សនៃក្រុមគ្រូបង្រៀនច្បាប់ជនជាតិយូដាដ៏អស្ចារ្យទាំងអស់នេះ ទុកចិត្តដល់ខ្លួនឯងថា ពួកគេអាចនឹងទទួលបានជោគជ័យទាំងស្រុងលើលោកស្ទេផាន ក្នុងការពិភាក្សាជាសាធារណៈ ដោយគិតស្មានថាគាត់ជាមនុស្សល្ងង់ខ្លៅ។ ប៉ុន្តែគាត់មិនគ្រាន់តែបាននិយាយដោយអំណាចព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែគាត់បាននិយាយដោយត្រង់ៗ ហើយច្បាស់ៗទៅកាន់ហ្វូងមនុស្សដែលបានមកប្រជុំគ្នាកុះករនោះថា គាត់ជាសិស្សនៃបទទំនាយ ហើយបានរៀនពីច្បាប់គ្រប់ទាំងអស់ផង។ គាត់បានការពារនិងគាំទ្រនូវសេចក្តីពិតដែលគាត់គាំទ្រហើយបានយកឈ្នះទាំងស្រុងទៅលើអ្នកប្រឆាំងរបស់គាត់។

ពួកសង្ឃនិងពួកមេដឹកនាំទាំងឡាយដែលបានឃើញការសម្តែងអំណាចដ៏អស្ចារ្យរបស់ស្ទេផាន សម្អប់ដ៏ជូរចត់របស់គេក៏បានពុះពោរឡើង។ ជំនួសឱ្យការចុះចូលជាមួយនឹងភស្តុតាងដែលគាត់បានបង្ហាញ ពួកគេបានប្តេជ្ញាចិត្តបញ្ឈប់សំឡេងរបស់លោកស្ទេផានដោយសម្លាប់គាត់បង់។

​ដូច្នេះគេក៏បាននាំគាត់ទៅចំពោះមុខក្រុមប្រឹក្សាសានហៃឌ្រីនដើម្បីជំនុំជម្រះ។ ពួកសាសន៍យូដាដែលមានចំណេះដឹងខ្ពស់នៅប្រទេសជិតខាងជុំវិញត្រូវបានគេកោះហៅឱ្យមកឆ្លើយបដិសេធ ការតវ៉ានៃការចោទប្រកាន់នោះ។ លោកសុលជាមនុស្សដែលបានប្រកាសខ្លួនឯងថាជាអ្នកប្រឆាំងជំទាស់នឹងគោលលទ្ធិនៃព្រះគ្រីស្ទ និងជាអ្នកបៀតបៀន ដល់អស់អ្នកដែលជឿដល់ទ្រង់នោះ ក៏​បាននៅទីនោះដែរ។ បុរសដែលមានចំណេះដឹងជ្រៅជ្រះនេះបានចូលរួមនៅក្នុងការដឹកនាំប្រឆាំងទាស់នឹងលោកស្ទេផាន។ ហើយបានធ្វើឱ្យហ្វូងមនុស្សជឿថាស្ទេផានកំពុងតែអត្ថាធិប្បាយអំពីគោលលទ្ធិបោកប្រាស់ ដែលនាំឱ្យមានគ្រោះថ្នាក់។

ប៉ុន្តែ សុលបានឃើញថាស្ទេផាន ជាមនុស្សម្នាក់ដែលមានការអប់រំខ្ពង់ខ្ពស់ ដូចជារូបគាត់ដែរ និងជាមនុស្សម្នាក់ដែលមានការយល់ដឹងច្បាស់លាស់ពីបំណងព្រះហឫទ័យរបស់ព្រះ ក្នុងការចែកចាយដំណឹងល្អ ចេញទៅ​គ្រប់​ទាំង​សាសន៍។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៦:៨-១៥

ខចងចាំ៖​​ ក៏​គ្មាន​ណា​មួយ​ប្រជ្រៀត​គ្នា​នឹង​គ្នា​ដែរ គឺ​ទាំង​អស់​ដើរ​តាម​ជួរ​រៀង​ខ្លួន គេ​ទំលុះ​ទំលាយ​គ្រឿង​សស្ត្រាវុធ​ឥត​រុញរាថយ​ក្រោយ​ឡើយ។ យ៉ូអែល ២:៨

Powered by CAM