ថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិតដំណឹងពីឈើឆ្កាងនោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ។ កូរិនថូសទី១ ១:១៨
អំណានប្រចាំថ្ងៃ សម្អប់និងការចោទប្រកាន់ខុស
លោកស្ទេផានបានជឿទៅលើព្រះរបស់លោកអ័ប្រាហាំ អ៊ីសាក ហើយនិងយ៉ាកុប ហើយបានបើកបង្ហាញនូវការពិតយ៉ាងទូលំទូលាយ ចំពោះសិទ្ធិទាំងឡាយ របស់សាសន៍យូដា ប៉ុន្តែសេចក្តីជំនឿរបស់គាត់ទូលំទូលាយ ហើយគាត់បានដឹងថានឹងមានពេលវេលាមកដល់ ដែលអ្នកជឿពិតប្រាកដ មិនថ្វាយបង្គំតែម្នាក់ឯង នៅក្នុងព្រះវិហារដែលបានធ្វើដោយដៃរបស់មនុស្សទេ ប៉ុន្តែមនុស្សនឹងថ្វាយបង្ខំព្រះដោយវិញ្ញាណ និងដោយសេចក្តីពិតនៅពាសពេញពិភពលោក។
ស្បៃមុខបានធ្លាក់ចុះ ចេញពីភ្នែករបស់ស្ទេផាន ហើយគាត់បានសម្លឹងមើលទៅចុងបញ្ចប់ដែលត្រូវបានលុបបំបាត់ចោលដោយការសុគតរបស់ព្រះគ្រីស្ទ។
ពួកសង្ឃ និងពួកមេដឹកនាំមិនបានទទួលជ័យជំនះអ្វីទាំងអស់ ក្នុងការប្រឆាំងទាស់នឹងប្រាជ្ញាដ៏ច្បាស់លាស់ និងស្ងៀមស្ងាត់របស់គាត់ ទោះបីជាពួកគេមានសេចក្តីក្លៀវក្លា ក្នុងការប្រឆាំងជំទាស់របស់ពួកគេក៏ដោយ។ ពួកគេបានប្តេជ្ញាចិត្តបង្កើតរឿងទាស់នឹងលេោកស្ទេផាន ហើយខណៈដែលពួកគេបំពេញចិត្តគេដោយសម្អប់នៃការសងសឹករបស់គេ ដើម្បីការពារអ្នកដទៃពីការទទួលយកសេចក្តីជំនឿរបស់គាត់ ដោយសេចក្តីភ័យខ្លាច។ ពួកគេពេញចិត្តនឹងការចោទប្រកាន់ ទាស់នឹងគាត់ នៅក្នុងលក្ខណៈយ៉ាងធំ។ គេបានជួលសាក្សីក្លែងក្លាយឱ្យមកបញ្ជាក់ថាគេបានឮគាត់និយាយពាក្យប្រមាថ ប្រឆាំងទាស់នឹងព្រះវិហារហើយនិងច្បាប់។ ពួកគេបាននិយាយថា «ដ្បិតយើងខ្ញុំបានឮវាថា ឈ្មោះយេស៊ូវ ពីស្រុកណាសារ៉ែតនោះនឹងបំផ្លាញទីនេះបង់ ព្រមទាំងបំផ្លាស់បំប្រែទំនៀមទម្លាប់ដែលលោកម៉ូសេបានទុកឱ្យយើងរាល់គ្នាចេញ»។
ខណៈពេលដែលស្ទេផានបានឈរមុខទល់នឹងមុខ ជាមួយនឹងការជំនុំជម្រះរបស់គាត់ ដើម្បីឆ្លើយទៅនឹងបទឧក្រិដ្ឋនៃពាក្យជេរប្រមាថ ភាពប្រិមប្រិយបរិសុទ្ធបានចាំងបំភ្លឺមកលើទឹកមុខរបស់គាត់។ «តែអស់អ្នកដែលអង្គុយនៅក្នុងក្រុមជំនុំ ក៏ជាប់ភ្នែកមើលមុខគាត់ ឃើញដូចជាមុខទេវតា»។ មនុស្សជាច្រើនដែលបានឃើញទឹកមុខដែលមានពន្លឺរបស់លោកស្ទេផានបានភ័យញ័រ ហើយបានបកស្បៃបាំងចិត្តរបស់គេចេញ ប៉ុន្តែពួកអ្នកដែលមិនជឿហើយនិងសាសន៍ដទៃដ៏រឹងរូស មិនបានកែប្រែចិត្តឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៧:១-៣៦
ខចងចាំ៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦