ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក។ កូរិនថូសទី១ ១:២២-២៣
អំណានប្រចាំថ្ងៃ ការការពាររបស់លោកស្ទេផាន
គេបានសាកសួរលោកស្ទេផានពីការពិតនៃការចោទប្រកាន់ទាស់នឹងគាត់ ហើយគេបានឮសំឡេងការពាររបស់គាត់យ៉ាងច្បាស់និងគួរឱ្យរំភើបដែលបានបន្លឺឡើងដូចជាកណ្តឹងនៅពាសពេញជញ្ជាំងអាគារបន្ទប់កាត់ក្តី។ គាត់បានលើកយកប្រវត្តិសាស្ត្រនៃរាស្ត្រដែលបានជ្រើសតាំងរបស់ព្រះ ដោយពាក្យសំដីដែលធ្វើឱ្យអង្គប្រជុំមានការជាប់ចិត្តយ៉ាងខ្លាំង។ គាត់បានបង្ហាញនូវចំណេះដឹងយ៉ាងហ្មត់ចត់ពីប្រវត្តិសា្រស្តនិងវប្បធម៌នៃសាសន៍យូដា ហើយនិងការបកស្រាយខាង ព្រលឹងវិញ្ញាណ ពីរឿងនោះ ឥឡូវនេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ តាមរយៈព្រះគ្រីស្ទ។ គាត់បានចាប់ផ្តើមពីលោកអ័ប្រាហាំ ហើយបានរៀបរាប់ត្រួសៗនូវប្រវត្តិសាស្ត្រ ពីជំនាន់មួយទៅជំនាន់មួយ ឆ្លងកាត់គ្រប់កំណត់ត្រានៃប្រទេសអីស្រាអែល រហូតដល់ស្តេចសាឡូម៉ូន ដោយយកជាចំណុចសំខាន់បំផុតសម្រាប់ការពារករណីរបស់គាត់។
គាត់បាននិយាយត្រង់ៗពីការស្មោះត្រង់របស់គាត់ចំពោះព្រះ ជំនឿសាសន៍យូដា នៅពេលដែលគាត់បង្ហាញថា ច្បាប់ដែលពួកគេបានទុកចិត្តសម្រាប់សេចក្តីសង្គ្រោះមិនអាចការពារសាសន៍ អ៊ីស្រាអែលពីការថ្វាយបង្គំរូបព្រះបាននោះឡើយ។ គាត់បានភ្ជាប់ព្រះយេស៊ូវគ្រីស្ទទៅនឹងប្រវត្តិសាស្ត្ររបស់សាសន៍យូដាទាំងមូល គាត់បាននិយាយលើកឡើងពីការកសាងព្រះវិហារដោយស្តេចសាឡូម៉ូន ពីព្រះបន្ទូលនៃស្តេចសាឡូម៉ូន និងពីប្រសាសន៍របស់ហោរាអេសាយ «ប៉ុន្តែឯព្រះដ៏ខ្ពស់បំផុត ទ្រង់មិនគង់នៅក្នុងព្រះវិហារដែលដៃមនុស្សធ្វើនោះឡើយ»។ «ស្ថានសួគ៌ជាបល្ល័ង្កអញហើយផែនដីជាកំណល់កល់ជើងអញ ព្រះអម្ចាស់មានបន្ទូលថា តើឯងរាល់គ្នានឹងស្អាងដំណាក់ណាឱ្យអញឬកន្លែងណាឱ្យអញឈប់សម្រាកបាន? តើមិនមែនដៃអញដែលបង្កើតរបស់ទាំងនេះទេឬអី»? ទីកន្លែង នៃការថ្វាយបង្គំដ៏ខ្ពស់បំផុតរបស់ព្រះ គឺនៅក្នុងនគរស្ថានសួគ៌។
នៅពេលដែលស្ទេផានបានមានប្រសាសន៍មកដល់ចំណុចនេះ នោះមានដំណើរច្របូកច្របល់នៅក្នុងចំណោមមនុស្ស។ គាត់បានដឹងថា គាត់កំពុងតែធ្វើទីបន្ទាល់ចុងក្រោយបង្អស់របស់គាត់។ នៅពេលដែលគាត់បានភ្ជាប់ព្រះយេស៊ូវគ្រីស្ទ ទៅនឹងបទទំនាយ ហើយបាននិយាយពីព្រះវិហារ ដូចដែលគាត់បានពណ៌នានោះ សម្តេចសង្ឃភ័យរន្ធត់ ហើយបានហែកអាវរបស់គេ។ សម្រាប់លោកស្ទេផាន សកម្មភាពនេះជាសញ្ញាបញ្ជាក់ប្រាប់ថា នៅពេលដ៏ខ្លីនេះសំឡេងរបស់គាត់នឹងត្រូវស្ងប់ស្ងាត់ ទៅជារៀងរហូត។ ទោះបីជាគាត់កំពុងស្ថិតនៅពាក់កណ្តាលនៃការអត្ថាធិប្បាយ របស់គាត់ក៏ដោយ គាត់បានបញ្ចប់សេចក្តីអធិប្បាយនោះយ៉ាងរហ័ស ដោយបង្វែរពីចំណងជើងនៃខ្សែប្រវត្តិសាស្ត្រ ហើយបែរទៅនិយាយពីការជំនុំជម្រះដែលធ្វើឱ្យគាត់ខឹងយ៉ាងខ្លាំងទៅវិញ ដោយនិយាយថា «ឱពួកមនុស្សក្បាលរឹង ដែលមានចិត្ត មានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹងនឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកអយ្យកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ តើមានហោរាណាមួយ ដែលពួកអយ្យកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសម្លាប់ពួកអ្នកដែលទាយពីដំណើរព្រះដ៏បរិសុទ្ធ ត្រូវយាងមកដោយព្រះចាត់ពួកទេវតាមក តែមិនបានកាន់តាមសោះ»។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ៧:៤៤-៥៣
ខចងចាំ៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦