ថ្ងៃអង្គារ ទី០៧​ ខែមិថុនា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៣៦-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ ត្រូវ​ឲ្យ​ពរ​ដល់​អ្នក​ណា​ដែល​ប្រទេច​ផ្តាសា ត្រូវ​ប្រព្រឹត្ត​ល្អ​នឹង​អ្នក​ណា​ដែល​ស្អប់​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ។ ម៉ាថាយ ៥:៤៤

អំណានប្រចាំថ្ងៃ ការស្លាប់របស់ទុក្ករបុគ្គល(អ្នកស្មោះត្រង់​នឹងជំនឿរបស់ខ្លួន)

ការស្លាប់របស់ទុក្ករបុគ្គល (អ្នកស្មោះត្រង់នឹងជំនឿរបស់ខ្លួន) ពួក​​​​សង្ឃ​និងពួកអ្នកដឹកនាំខឹងនឹងរឿងនេះជាខ្លាំង។ ពួកគេទាំងនោះហាក់ដូចជាសត្វព្រៃដ៏សាហាវមិនដូចជាមនុស្សឡើយ។ ពួកគេបានស្ទុះទៅរកលោកស្ទេផានទាំងសង្កៀតធ្មេញ។ ប៉ុន្តែ គាត់មិនបានភ័យខ្លាចឡើយ គាត់បានដឹង​ថាការនេះ​នឹង​ត្រូវកើតឡើងដល់រូបគាត់។ ទឹកមុខរបស់គាត់ស្ងប់ស្ងៀម ហើយបាន​បញ្ចេញ​ពន្លឺដូចជាទេវតា។ ពួកសង្ឃដែលមានកំហឹងពុះពោរ ហើយនិងហ្វូងមនុស្សដែលកំពុងរំជើបរំជួល មិនបានកោតខ្លាចគាត់ឡើយ។ «តែគាត់បានពេញដោយព្រះវិញ្ញាណបរិសុទ្ធ នោះក៏សម្លឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះនឹងព្រះយេស៊ូវនៅខាងស្តាំនៃព្រះហស្តរបស់ព្រះ រួចគាត់មានវាចារថា មើលខ្ញុំឃើញ​មេឃចំហ នឹងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ»។

ទស្សនីយភាព​នៅជុំវិញគាត់បានរសាត់បាត់ចេញពីចក្ខុនិម្មិតរបស់គាត់បន្តិចម្តងៗ។ ទ្វារនៃស្ថានសួគ៌ត្រូវបានបង្ហើបបន្តិច ហើយស្ទេផានបានក្រឡេកមើលទៅឃើញសិរីល្អនៃព្រះរាជដំណាក់របស់ព្រះ និងឃើញព្រះគ្រីស្ទដែលហាក់ដូចជាទើបតែក្រោកពីបល្ល័ង្ករបស់ទ្រង់ ក្រោកឈរបំរុងនឹងជួយដល់អ្នកបំរើរបស់ទ្រង់ ដែលហៀបនឹងទទួលការឈឺចាប់ ដល់ហ៊ានប្តូរជីវិតដោយសារព្រះនាមទ្រង់។ នៅពេលដែលលោកស្ទេផានបានប្រកាសពីទស្សនីយភាពដ៏មានសិរីរុងរឿងដែលបានបើកឡើងនៅមុខគាត់ វាបានធ្វើឱ្យពួកអ្នកបៀតបៀន​របស់គាត់អត់ទ្រាំលែងបាន។ ពួកគេបានបិទត្រចៀកកុំឱ្យឮសំដីរបស់គាត់ ហើយគេបានស្រែកដោយសំឡេងយ៉ាងខ្លាំង រួចស្ទុះចូលព្រមគ្នាទាំងកំហឹង សំដៅទៅរកគាត់។ «គេចោលស្ទេផាននឹងថ្ម កំពុងដែលគាត់ទូលអង្វរ​ដល់​ព្រះថា ឱព្រះអម្ចាស់យេស៊ូអើយ សូមទទួលវិញ្ញាណទូលបង្គំផង នោះគាត់​លុតជង្គង់ចុះ រួចស្រែកឡើងជាសំឡេងខ្លាំងថា ឱព្រះអម្ចាស់អើយ សូមកុំ​រាប់​បាបនេះ ដល់គេឡើយ កាលគាត់បានពោលដូច្នោះហើយ នោះក៏ដេក​លក់ទៅ»។

​នៅកណ្តាលសេចក្តីទុក្ខព្រួយជាទម្ងន់នៃសេចក្តីស្លាប់យ៉ាងឃោរឃៅ ទុក្ករបុគ្គលដ៏ស្មោះត្រង់នឹងសេចក្តីជំនឿនេះបានអធិស្ឋានឱ្យឃាតករបស់ខ្លួន ដូចជាព្រះអម្ចាស់របស់គាត់ដែរ។ គេបានតម្រូវឱ្យសាក្សីដែលបានចោទប្រកាន់លោកស្ទេផាន ចោលគាត់នឹងដុំថ្មមុនគេ។ មនុស្សទាំងអស់នេះបានទម្លាក់ខោអាវរបស់គេ នៅក្បែរជើងសុល ដែលជាអ្នកមានចំណែកក្នុងជម្លោះនោះនិងបានយល់ព្រមឱ្យគេសម្លាប់អ្នកជាប់ឃុំនោះផងដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៧:៥៤-៦០

ខចងចាំ៖​​ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦

Powered by CAM