ថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់មានព្រះបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី។ ម៉ាថាយ ១៥:១៦
អំណានប្រចាំថ្ងៃ ការបៀតបៀននៅតែបន្ត
ទុក្ករកិរិយា (ការសុខចិត្តស្លាប់ដោយសារ សេចក្តីជំនឿ) របស់លោកស្ទេផានបានធ្វើឱ្យអ្នកដែលបានឃើញការនោះរំជួលចិត្តជាខ្លាំង។ គឺជារឿងដ៏សែនឈឺចាប់សម្រាប់ពួកជំនុំ ប៉ុន្តែ ជាលទ្ធបានធ្វើឱ្យលោកសុលផ្លាស់ប្តូរជំនឿ។ សេចក្តីជំនឿ ភាពមិនផ្លាស់ប្តូរ ហើយនិងសិរីល្អរបស់ទុក្ករបុគ្គល មិនអាចរលប់ចេញពីការចងចាំរបស់គាត់ឡើយ។ ត្រារបស់ព្រះ នៅនឹងមុខរបស់គាត់ ពាក្យទាំងឡាយរបស់គាត់ បានទៅដល់មនុស្សទាំងឡាយដែលបានស្តាប់គាត់ បានស្ថិតនៅក្នុងចិត្តរបស់ពួកអ្នកមើលទាំងនោះ ហើយគេបានធ្វើជាសាក្សីដល់សេចក្តីពិតដែលគាត់បានប្រកាសប្រាប់នោះ លើកលែងតែអ្នកដែលមានចិត្តរឹងរូស ដោយមិនព្រមទទួលយកពន្លឺប៉ុណ្ណោះ។
ពុំមានការកាត់ក្តីត្រឹមត្រូវតាមច្បាប់ចំពោះករណីរបស់លោកស្ទេផានឡើយ ប៉ុន្តែ អំណាចគ្រប់គ្រងរបស់ពួករ៉ូមបានទទួលសំណូកជាលុយដ៏ច្រើន ដើម្បីកុំឱ្យមានការស៊ើបអង្កេតទៅលើរឿងក្តីនេះ។ ការជំនុំជម្រះនិងការស្លាប់ របស់លោកស្ទេផាន បានធ្វើឱ្យលោកសុលកាន់តែស្អប់ពួកអ្នកជឿព្រះយេស៊ូវ ហើយធ្វើការបៀតបៀនកាន់តែខ្លាំងឡើង។ គាត់ហាក់បីដូចជាខឹងនឹងការសម្រេចចិត្តផ្ទាល់របស់គាត់ដែលលោកស្ទេផានត្រូវបានព្រះលើកតម្កើង នៅពេលដែល គាត់មិនបានទទួលការលើកតម្កើងពីមនុស្ស។
គាត់បានបន្តធ្វើទុក្ខបៀតបៀនដល់ពួកជំនុំរបស់ព្រះ ដោយដេញតាមរកពួកគេ ចាប់ពួកគេចេញពីផ្ទះ ហើយបញ្ជូនទៅកាន់ពួកសង្ឃនិងពួកអ្នកដឹកនាំ ឱ្យយកទៅដាក់គុក និងសម្លាប់ចោល។ សន្ទុះនៃការបៀតបៀនរបស់គាត់ បានធ្វើឱ្យអ្នកគ្រីស្ទាននៅក្រុងយេរូសាឡិមទាំងមូលភ័យរន្ធត់។ ពួកអាជ្ញាធររ៉ូមពុំបានផ្តល់ការខំប្រឹងប្រែងជាពិសេសណាមួយ ដើម្បីបញ្ឈប់អំពើឃោរឃៅនេះទេ ហើយក៏មិនបានផ្តល់ជំនួយអ្វីដើម្បីស្រោចស្រង់ដល់សាសន៍យូដាជាសម្ងាត់ ដើម្បីផ្សះផ្សាពួកគេឱ្យមានភាពកក់ក្តៅដែរ។
សុលជាមនុស្សចេះដឹង បានក្លាយជាឧបករណ៍ដ៏មានអំណាច នៅក្នុងកណ្តាប់ដៃរបស់សាតាំង ដើម្បីអនុវត្តនូវការបះបោររបស់វា ប្រឆាំងទៅនឹងព្រះរាជបុត្រារបស់ព្រះ ប៉ុន្តែ ព្រះដែលមានអំណាចជាងសាតាំង ទ្រង់បានជ្រើសរើសសុលមកជំនួសទុក្ករបុគ្គលស្ទេផាន ហើយឱ្យទទួលការងារនិងការឈឺចាប់ ដោយសារព្រះនាមទ្រង់ដូចជា លោកស្ទេផានដែរ។ សុលគឺជាមនុស្សដែលសាសន៍យូដាឱ្យតម្លៃខ្ពស់ ទាំងបទពិសោធន៍ខាងចេះដឹងនិងទាំងការពុះពារ ធ្វើទុក្ខបៀតបៀន ដល់ពួកអ្នកជឿព្រះយេស៊ូវ។ មុនមរណភាពរបស់លោកស្ទេផាន លោកសុលមិននៅក្នុងក្រុមប្រឹក្សា សាន់ហេឌ្រីនទេ នៅពេលគេបានជ្រើសរើសគាត់ឱ្យចូលជាសមាជិកនៃក្រុមប្រឹក្សានេះ ពីព្រោះគេបានពិចារណាអំពីសកម្មភាពរបស់គាត់ នៅក្នុងឱកាសដែលគេសម្លាប់លោកស្ទេផាននោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ កូរិនថូសទី១ ជំពូក ១
ខចងចាំ៖ ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។ ម៉ាថាយ ៥:១៦