ថ្ងៃព្រហស្បតិ៍ ទី០៩​ ខែមិថុនា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៣៧)​

ការប្តូរជំនឿរបស់សុល

(ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការ ៩:១-២២)

អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តី​ចំកួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​ខ្លួន​ទៅ ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះយេហូវ៉ា​ដែរ។ សុភាសិត ១៩:៣

អំណានប្រចាំថ្ងៃ

ការស្លាប់ដ៏មានជ័យជំនះរបស់លេាកស្ទេផានបានធ្វើឱ្យចិត្តរបស់លោកសុលរំជើបរំជួលជាខ្លាំង។ គាត់បានភ័យញ័រ​ដោយការប្រកាន់​ពូជ​សាសន៍របស់គាត់ ប៉ុន្តែ ទីបំផុត មតិនិងការជជែករបស់ពួកសង្ឃ និងពួកអ្នកគ្រប់គ្រងបានធ្វើឱ្យគាត់ជឿជាក់ថា ស្ទេផានគឺជាអ្នកប្រមាថ ហើយព្រះយេស៊ូវគ្រីស្ទដែលគាត់បានអធិប្បាយ គឺជាព្រះក្លែងក្លាយ ហើយថាអ្នកណាបំរើការក្នុងតំណែងបរិសុទ្ធទាំងឡាយនោះទើបគឺជាមនុស្សត្រឹមត្រូវ។ ជាមនុស្ស​ម្នាក់ ដែលមានគំនិតដាច់ខាតនិងមានគោលបំណងច្បាស់លាស់ គាត់បានត្រឡប់ទៅជាមានភាពល្វីងជូរចត់ ក្នុងការប្រឆាំងទៅនឹងគ្រីស្ទសាសនា បន្ទាប់ពីគាត់មានចិត្តស្ងប់ស្ងាត់ម្តងដោយយល់ថាទស្សនៈរបស់ពួកសង្ឃ និងពួកអាចារ្យត្រឹមត្រូវមក។ សេចក្តីក្លៀវក្លារបស់គាត់នាំឱ្យគាត់ចាប់ផ្តើមធ្វើទុក្ខបៀតបៀនដល់ពួកអ្នកជឿទាំងឡាយដោយស្ម័គ្រចិត្ត។ គាត់​បានធ្វើឱ្យមនុស្សបរិសុទ្ធជាច្រើនត្រូវបានគេអូសចូលទៅមុខក្រុមប្រឹក្សា ដើម្បីដាក់គុកឬកាត់ទោសឱ្យត្រូវស្លាប់ ដោយមិនបានធ្វើអ្វីខុសទាល់តែសោះ គឺគ្រាន់តែរក្សាសេចក្តីជំនឿរបស់ពួកគេលើព្រះគ្រីស្ទតែប៉ុណ្ណោះ។ ចិត្តពុះកញ្ជ្រោល​របស់គាត់ មិនខុសគ្នាពីចិត្តរបស់យ៉ាកុប និងយ៉ូហាន នៅពេលដែលពួកគេចង់ហៅភ្លើងពីស្ថានសួគ៌មកបំផ្លាញអ្នកដែលបានមើលងាយនិងបានប្រមាថ​​ដល់លោកគ្រូ (ព្រះយេស៊ូវ) របស់ពួកគេនោះដែរ គ្រាន់តែមានទិស​ដៅខុសគ្នាប៉ុណ្ណោះ។

សុលរៀបនឹងធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាសដើម្បីបំពេញកិច្ចការផ្ទាល់ខ្លួនរបស់គាត់ ប៉ុន្តែ គាត់បានប្តេជ្ញាចិត្ត ដើម្បីសម្រេចគោលបំណងពីរ ដោយតាមរកចាប់អ្នកដែលជឿទៅលើព្រះគ្រីស្ទទាំងអស់នៅពេល​ដែល​គាត់​ធ្វើដំណើរទៅនោះដែរ។ នៅក្នុងគោលបំណងនេះ គាត់បានសុំ​សំបុត្រ​ពីសម្តេចសង្ឃ យកទៅអាននៅក្នុងសាលាប្រជុំទាំងប៉ុន្មាន ថាគាត់​បាន​ទទួលអំណាច អាចចាប់អស់​អ្នក​ណាដែលគេសង្ស័យថាជាអ្នកជឿព្រះគ្រីស្ទ ដើម្បីឱ្យអ្នកនាំសារ នាំយកទៅកាន់ទីក្រុងយេរូសាឡិម ដើម្បីជំនុំជម្រះនិងឱ្យទទួលទណ្ឌកម្ម។ គាត់បានចេញដំណើរទៅទាំងពោរពេញ​ទៅដោយ​កម្លាំង ហើយនិងថាមពលព្រមទាំងភ្លើងកំហឹងយ៉ាងពុះពោរ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ៨:១-២៥

ខចងចាំ៖​​ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរដំកើង ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦

Powered by CAM