ថ្ងៃសុក្រ ទី០១​ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤០-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ឱ​ព្រះ​នៃ​សេចក្តី​សុចរិត​របស់​ទូលបង្គំ​អើយកាល​ណា​ទូលបង្គំ​អំពាវនាវនោះ​សូម​ទ្រង់​មាន​ព្រះបន្ទូល​ឆ្លើយ​មកវេលា​ណា​ដែល​ទូលបង្គំ​បាន​កើត​មាន​សេចក្តី​ចង្អៀតនោះ​ទ្រង់​តែង​បន្ធូរ​ឲ្យ​បាន​ទូលាយ​វិញដូច្នេះ សូម​មេត្តា​ប្រោស​ដល់​ទូលបង្គំហើយ​ស្តាប់​សេចក្តី​អធិស្ឋាន​របស់​ទូលបង្គំ។ ទំនុកតម្កើង ៤:១

អំណានប្រចាំថ្ងៃ ​ការអធិស្ឋានយ៉ាងអស់ពីចិត្ត

ក្នុងកាលដែលការកាត់ទោសត្រូវបានពន្យារ ចាំឱ្យថ្ងៃបុណ្យរំលងបានកន្លងផុតសិននោះ ពួកសាវកហើយនិងក្រុមជំនុំរបស់ព្រះគ្រីស្ទ មានពេលកាន់តែច្រើនថែមទៀតក្នុងការអធិស្ឋាន។ ពួកគេបានតមអត់ ដើម្បីទូលអង្វរដល់ព្រះទាំងទឹកភ្នែក ហើយបានអធិស្ឋានឥតឈប់ឈរសម្រាប់លោកពេត្រុស។ ពួកគេគិតថា ពួកគេមិនអាចអត់លោកពេត្រុសបានទេ ក្នុងការផ្សាយដំណឹងល្អរបស់ទ្រង់។ ពួកគេថែមទាំងបានគិតថា គេកំពុង​តែធ្វើដំណើរមកដល់ចំណុចមួយ ដែលប្រសិនបើគ្មានជំនួយពីព្រះទេនោះក្រុមជំនុំរបស់ព្រះនឹងត្រូវសាបសូន្យជាមិនខានឡើយ។

ទីបំផុត ថ្ងៃដែលបានកំណត់ក្នុងការកាត់ទោសពេត្រុសក៏បានមកដល់ ប៉ុន្តែ ពួកជំនុំនៅតែបន្តការអធិស្ឋានរបស់គេទៅកាន់ស្ថានសួគ៌ទៀត។ ហើយពេលដែលនៅស្ថានសួគ៌កំពុងតែពេញទៅដោយការទូលអង្វររបស់ពួកជំនុំនោះ ពួកទេវតាក៏បានគង់នៅជាមួយនឹងសាវកដែលនៅក្នុងគុក។ អ្វីដែលមនុស្សគិតមិនដល់ ហើយធ្វើមិនកើតនោះ គឺជាឱកាសដែលព្រះទ្រង់នឹងសម្តែងការអស្ចារ្យរបស់ទ្រង់វិញ។ ពេត្រុសត្រូវបានគេឃុំខ្លួន ដោយដាក់ឱ្យនៅកណ្តាលទាហានពីរនាក់ ហើយដៃទាំងពីររបស់គាត់ត្រូវបានគេដាក់ខ្នោះជាប់ជាមួយនឹងដៃរបស់ទាហានទាំងពីរនាក់ ដែល នៅក្បែរគាត់នោះ។ ដូច្នេះ គាត់មិនអាចទៅណាបានដោយ​ទាហាន​ទាំង​ពីរនោះមិនដឹងឡើយ។ ទ្វារគុកត្រូវបានចាក់សោយ៉ាងណែន ព្រមទាំងមានទាហាននៅការពារយ៉ាងតឹងតែងផង ហើយក៏គ្មានអ្នកណាដែលអាចនឹងរត់ចេញឬមករំដោះអ្នកគុកបានដែរ។

​ការទាំងនេះមិនបានធ្វើឱ្យសាវកពេត្រុសមានការភ័យខ្លាចឡើយ។ ចាប់តាំងពីពេលដែលគាត់ត្រូវបានព្រះលើកឡើងវិញ បន្ទាប់ពីបានបដិសេធមិនស្គាល់ទ្រង់មក លោកពេត្រុសមានសេចក្តី ក្លាហាន ក្នុងការប្រឈមមុខជាមួយនឹងគ្រោះថ្នាក់ទាំងឡាយ ដើម្បីបង្រៀនដល់មនុស្សពីការសុគត ការមានព្រះជន្មរស់ឡើងវិញ ហើយនិងការយាងទៅកាន់ស្ថានសួគ៌របស់ព្រះអង្គសង្គ្រោះ។ គាត់មានជំនឿថា ពេលវេលារបស់គាត់ដែលគាត់ត្រូវលះបង់ជីវិតដោយនូវព្រះនាមរបស់ព្រះនោះ បានមកដល់ហើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ ដានីយ៉ែល ជំពូក​ ៦

ខចងចាំ៖​​ ពេត្រុស​ឆ្លើយ​តប​ថា ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ទាំង​អស់​គ្នា ដោយ​នូវ​ព្រះនាម​ព្រះយេស៊ូវវគ្រីស្ទ ប្រយោជន៍​ឲ្យ​បាន​រួច​ពី​បាប នោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​អំណោយ​ទាន ជា​ព្រះវិញ្ញាណ​បរិសុទ្ធ។ កិច្ចការ​ ២:៣៨

Powered by CAM