ថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ ១៦ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ។ ម៉ាកុស ១៦:១៥-១៦
អំណានប្រចាំថ្ងៃ ជាអ្នកដែលព្រះបានជ្រើសតាំង
លោកប៉ុល ហើយនិងបាណាបាសបានធ្វើការបំរើព្រះ ហើយបានទទួលព្រះពរពីព្រះតាំងពីយូរមកហើយ ប៉ុន្តែ ពួកគាត់ទាំងពីរពុំទាន់បានទទួលការតែងតាំងជាផ្លូវការ តាមរយៈការអធិស្ឋាន ហើយនិងការដាក់ដៃលើនៅឡើយទេ។ នៅពេលនេះ ពួកគេទាំងពីរនាក់មិនគ្រាន់តែបានទទួលការតែងតាំងឱ្យបង្រៀនពីព្រះប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេមានសិទ្ធិក្នុងការធ្វើបុណ្យជ្រមុជទឹក ព្រមទាំងរៀបចំក្រុមជំនុំផងដែរ។ នោះគឺជាតំណាក់ការយ៉ាងសំខាន់មួយ ក្នុងការលូតលាស់នៃពួកជំនុំរបស់ព្រះ។ ទោះបីជារបាំងរវាងពួកយូដា ហើយនិងពួកសាសន៍ដទៃត្រូវបានព្រះបំបែកដោយការសុគតរបស់ទ្រង់ ដើម្បីឱ្យពួកសាសន៍ដទៃមានឱកាសក្នុងដំណឹងល្អហើយក៏ដោយ ក៏រនាំងនោះនៅតែមិនរលុបពីក្រសែភ្នែករបស់ពួកយូដាដែរ ហើយនៅទីបញ្ចប់ ពួកគេមិនបានយល់ពីការសុគតរបស់ព្រះគ្រីស្ទឡើយ។ នៅពេលនេះ កិច្ចការផ្សាយដំណឹងល្អត្រូវបានចាប់កំណើតឡើងសម្រាប់ពួកសាសន៍ដទៃ ហើយជាលទ្ធផល បានធ្វើឱ្យពួកជំនុំកាន់តែរឹងមាំឡើង ដោយសារតែមានអ្នកជឿដល់ទ្រង់ជាច្រើន។
ការនេះប្រាកដជានឹងធ្វើឱ្យសាវកទាំងពីរត្រូវទទួលការទិតៀន ការសង្ស័យ ការប្រកាន់ ព្រមទាំងការឈ្នានីស ពីពួកអ្នកជឿសាសន៍យូដាជាមិនខាន។ ដោយសារតែពួកគេទាំងពីរបានចាកចេញ ហើយផ្តាច់ខ្លួនពីពួកយូដា នោះពួកគេប្រាកដជានឹងទទួលការចោទប្រកាន់ថា បានបំផ្លាស់ បំប្រែគោលការ ហើយនិងទស្សនៈដើម ដូច្នេះ នឹងមានអ្នកខ្លះ មានមន្ទិលសង្ស័យពីតួនាទីជាអ្នកផ្សាយដំណឹងល្អរបស់ពួកគេ។ ព្រះទ្រង់បានជ្រាបពីការដែលសាវករបស់ទ្រង់ទាំងពីរនឹងត្រូវប្រឈម ទើបបានជាទ្រង់បណ្តាលឱ្យពួកគេបានទទួលការតែងតាំងពីពួកជំនុំរបស់ទ្រង់ ដើម្បីឱ្យពួកគេទាំងពីរមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការបំរើទ្រង់ដោយគ្មានអ្នកណាអាចជំទាស់បាន។ ការចាក់ប្រេងតាំងដោយការដាក់ដៃលើនេះ ក្រោយមកត្រូវបានគេអនុវត្តក្នុងបែបខុសឆ្គងវិញ។ ពួកគេបានយល់ឃើញថា អ្នកដែលត្រូវបានគេដាក់ដៃលើនោះនឹងមានអំណាចមួយរំពេច ហើយពួកគេនឹងអាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបំរើព្រះភ្លាម។ អ្វីដែលយើងឃើញពីការដាក់ដៃលើសាវកទាំពីរនេះ គ្រាន់តែជាកំណត់ត្រាសាមញ្ញមួយតែប៉ុណ្ណោះ ព្រោះលោកទាំងពីរបានទទួល បេសកកម្មពីព្រះអង្គផ្ទាល់ តាំងពីមុនមកម៉្លេះ ហើយការដាក់ដៃលើនេះមិនបានបន្ថែមព្រះគុណថ្មីឬគុណសម្បត្តិថ្មីអ្វីឡើយ។ ការដាក់ដៃលើនេះ គ្រាន់តែជាពិធីមួយ ដែលបន្ថែមពីលើការរបស់ព្រះ និងឱ្យទទួលស្គាល់ពួកគេទាំងពីរថាត្រូវបានតែងតាំងឱ្យបំពេញការនោះតែប៉ុណ្ណោះ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១៤:១-៧
ខចងចាំ៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ១៤ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤