ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំសូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់សូមនាំ ហើយបង្រៀនទូលបង្គំក្នុងសេចក្តីពិតរបស់ទ្រង់ផងដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ។ ទំនុកតម្កើង ២៥:៤-៥
អំណានប្រចាំថ្ងៃ ភស្តុតាងនៃទីបន្ទាល់របស់លោកកូនេលាស
ដោយមានអំនួតលើសាសន៍របស់ខ្លួន និងគ្រប់ទាំងពិធីរបស់គេ ពួកសាសន៍យូដាក៏បានសម្រេចថា ព្រះជាម្ចាស់បានកំណត់ពីការថ្វាយបង្គំដល់សាសន៍ហេព្រើរ ដូច្នេះ គ្មានអ្នកណាម្នាក់មានសិទ្ធិក្នុងការផ្លាស់ប្តូរបញ្ញត្តិរបស់ព្រះបានឡើយ។ ដូច្នេះ អ្នកគ្រីស្ទានទាំងឡាយត្រូវតែផ្សាភ្ជាប់ជាមួយនឹងទំនៀមទម្លាប់របស់សាសន៍យូដា នូវរាល់កិច្ចការខាងសាសនារបស់ខ្លួន។ ពួកគេមិនបានយល់ពីទីបញ្ចប់ ដែលត្រូវបានលុបបំបាត់ចោលដោយការសុគតរបស់ព្រះគ្រីស្ទនោះឡើយ។
តង្វាយយញ្ញបូជារបស់ពួកគេ ចង្អុលបង្ហាញពីការសុគតនៃព្រះរាជបុត្រារបស់ព្រះ ដែលនិមិត្តរូបនៃព្រះគ្រីស្ទត្រូវបានជំនួសដោយព្រះគ្រីស្ទពិត និងបង្ហាញពីភាពគ្មានតម្លៃនៃពិធីផ្សេងៗនិងតង្វាយយញ្ញបូជាដែលព្រះបានតែងតាំងនៅក្នុងសាសនារបស់សាសន៍យូដា។
លោកប៉ុលធ្លាប់មានអំនួតដោយការប្រកាន់ខ្ជាប់នូវក្រឹត្យក្រមដ៏តឹងរ៉ឹងរបស់ពួកផារិស៊ី តែក្រោយពីបានទទួលការបើកសម្តែងរបស់ព្រះគ្រីស្ទនៅតាមផ្លូវទៅកាន់ក្រុងដាមស៉ានោះមក គាត់បានយល់យ៉ាងច្បាស់ពីបេសកកម្មរបស់ព្រះអង្គសង្រ្គោះ ដល់ពួកសាសន៍ដទៃ ហើយគាត់ក៏បានយល់និងចែកដាច់ស្រឡះ រវាងការរស់នៅដោយជំនឿ និងនីតិនិយម (ជំនឿជឿថាបានសង្គ្រោះដោយការប្រព្រឹត្តិ)។ លោកប៉ុលនៅតែអះអាងថាខ្លួនជាពូជពង្សរបស់លោកអ័ប្រាហាំ ហើយក៏នៅតែរក្សាគ្រប់ទាំងបញ្ញត្តិរបស់ក្រឹត្យវិន័យទាំង ១០ ប្រការ ក្នុងសំបុត្ររបស់គាត់ ទៅកាន់ពួកជំនុំ ក៏ដូចជាការរស់នៅដោយជំនឿរបស់គាត់ដែរ។ ប៉ុន្តែ គាត់បានដឹងថា ពិធីខាងសាសនាទាំងនោះនឹងត្រូវបញ្ឈប់ក្នុងពេលនេះហើយ ដ្បិតអ្វីដែលពួកគេបានធ្វើ ដែលគ្រាន់តែជានិមិត្តរូបនោះ ត្រូវបានបំពេញ ហើយក៏បានកន្លងផុតទៅហើយដែរ។ នៅពេលនេះ ពន្លឺនៃដំណឹងល្អបានចែងចាំងមកលើការប្រតិបត្តិទាំងឡាយរបស់សាសនាពួកយូដាវិញ ហើយពួកគេពុំចាំបាច់ប្រតិបត្តិពិធីខាងសាសនា ដែលពួកដូនតារបស់គេធ្លាប់បានប្រតិបត្តិតាំងពីបុរាណមកទាំងនោះទៀតដែរ។
អ្វីដែលប៉ុលបានលើកឡើង បាននៅក្រោមការពិចារណារបស់ពួកក្រុមប្រឹក្សានៃពួកជំនុំទាំងនោះ ហើយគាត់គ្មានសង្ឃឹមថានឹងអាចយកឈ្នះពួកគេបានឡើយ ទោះបីជាមានការស្រាយបំភ្លឺយ៉ាងណាក៏ដោយ។ ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបានធ្វើការរៀបចំជាស្រេចចំពោះការទាំងនេះ ដើម្បីវិបុលភាពនៃកិច្ចការរបស់ទ្រង់ ហើយនិងដើម្បីពួកជំនុំគ្រីស្ទានផងដែរ។ ពួកសាវកគ្រប់គ្នាសុទ្ធតែបានទទួលព្រះគុណ និងប្រាជ្ញាមកពីព្រះ ដើម្បីធ្វើការសម្រេចលើបញ្ហានេះ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១៥:១-៥
ខចងចាំ៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤