ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២
អំណានព្រះគម្ពីរពេលព្រឹក៖ សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិតសូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅក្នុងស្រុក ដែលប្រកបដោយសេចក្តីទៀងត្រង់។ ទំនុកតម្កើង ៤១៣:១០
អំណានប្រចាំថ្ងៃ ការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ
សាវកពេត្រុសបានលើកឡើងថា ព្រះវិញ្ញាណបរិសុទ្ធបានសម្រេចការនេះ ដោយឱ្យពួកសាសន៍ដទៃ ដែលពុំបានកាត់ស្បែក មានសិទ្ធិស្មើនឹងពួកយូដា ដែលបានកាត់ស្បែកដែរ។ គាត់បានលើកយកការដែលព្រះជាម្ចាស់បានបើកសម្តែងឱ្យគាត់ឃើញ ពីការដែលទ្រង់បានប្រទានសត្វ ដែលមិនស្អាតឱ្យដល់គាត់ ហើយទ្រង់ក៏បានមានបន្ទូលឱ្យគាត់សម្លាប់ ហើយថែមទាំងបរិភោគទៀត។ នៅពេលដែលគាត់ប្រកែកថា គាត់មិនធ្លាប់ដែលបរិភោគសត្វដែលរាប់ជាមិនស្អាតពីមុនទេ នោះព្រះជាម្ចាស់បានមានបន្ទូលមកកាន់គាត់ថា «របស់អ្វីដែលព្រះបានសំអាតហើយ កុំឱ្យអ្នករាប់ជាមិនស្អាតឡើយ»។ គាត់បានមានប្រសាសន៍ថា «ព្រះដ៏ជ្រាបនូវចិត្តមនុស្សទាំងឡាយ ទ្រង់បានធ្វើបន្ទាល់ពីគេដោយទ្រង់ប្រទានព្រះវិញ្ញាណបរិសុទ្ធដល់គេ ដូចជាដល់យើងរាល់គ្នាដែរ។ ទ្រង់មិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្តីជំនឿជឿដែរ ចុះហេតុអ្វីបានជាល្បងព្រះ ដោយបំពាក់នឹមនៅកពួកសិស្សដូច្នេះ ដែលទោះទាំងពួកអយ្យកោយើងឬយើងរាល់គ្នាក៏ពុំអាចនឹងទ្រទ្រាំបានផង?»។ នឹមនេះមិនមែនជានឹមរបស់ក្រឹត្យវិន័យ១០ ប្រការទេ តែអ្វីដែលពេត្រុសលើកឡើងនេះ គឺសំដៅទៅលើច្បាប់នៃពិធីបុណ្យផ្សេងៗវិញ ដែលគ្មានតម្លៃអ្វីទៀតឡើយ ក្រោយពីការសុគតរបស់ព្រះគ្រីស្ទនោះ។ អ្វីដែលពេត្រុសបានលើកឡើងនេះ បានធ្វើឱ្យពួកគេទាំងនោះព្រមស្តាប់ការរៀបរាប់ពីទីបន្ទាល់ ដែលប៉ុលនិងបាណាបាសបានធ្វើ ក្នុងចំណោមពួកសាសន៍ដទៃ។
លោកយ៉ាកុបបានធ្វើការសម្រេចថា ព្រះទ្រង់បានប្រទានឱ្យពួកសាសន៍ដទៃទទួលនូវអ្វីដែលពួកយូដាបានទទួលដោយអំណរដែរ។ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឱ្យគេយល់ថា កុំឱ្យដាក់សម្ពាធនៃពិធីខាងសាសនាលើពួកអ្នកជឿសាសន៍ដទៃ ហើយពួកសាវកក៏បានយល់ឃើញដូចគ្នា ក្រោយពីការពិនិត្យពិចារណាយ៉ាងហ្មត់ចត់លើបញ្ហានេះ ហើយក៏បានព្រមព្រៀងគ្នាតាមការបណ្តាល របស់ព្រះវិញ្ញាណបរិសុទ្ធដែរ។
លោកយ៉ាកុបបានសង្ខេបការសម្រេចរបស់គាត់ចំពោះ ក្រុមប្រឹក្សាថា «ដូច្នេះបើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឱ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ»។
ដោយសារតែសម្តីរបស់គាត់នោះហើយដែលធ្វើឱ្យច្បាប់នៃពិធីខាងសាសនា ជាពិសេសការកាត់ស្បែកមិនត្រូវបានបង្ខំដល់ពួកសាសន៍ដទៃ ហើយក៏មិនបានបង្គាប់ដល់ពួកយូដាទៀតដែរ។ លោកយ៉ាកុបបានធ្វើឱ្យក្រុមប្រឹក្សាយល់ឃើញថាការដែលពួកសាសន៍ដទៃងាកចេញពីការថ្វាយបង្គំ ព្រះដទៃនោះគឺជាការផ្លាស់ប្តូរជំនឿដ៏ធំមួយទៅហើយ ហើយពួកយើងមិនត្រូវធ្វើឱ្យពួកគេមានកង្វល់ដោយសារតែការកៀបសង្កត់ដល់គំនិតរបស់គេទេ តែពួកយើងគួរតែសរសេរសំបុត្រលើកទឹកចិត្តពួកគេ ក្នុងការដើរតាមព្រះគ្រីស្ទវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក ១២:៦-២១
ខចងចាំ៖ សេចក្តីនេះចប់តែប៉ុណ្ណោះ ទាំងអស់បានសំដែងទុកហើយ ដូច្នេះ ចូរកោតខ្លាចដល់ព្រះ ហើយកាន់តាមបញ្ញត្តទ្រង់ចុះ ដ្បិតប៉ុណ្ណេះឯងជាកិច្ចទាំងមូលដែលមនុស្សត្រូវធ្វើ ពីព្រោះព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីៗដែលលាក់កំបាំងផង ទោះល្អឬអាក្រក់ក្តី។ សាស្តា ១២:១៣-១៤