ថ្ងៃព្រហស្បតិ៍​​ ទី១៤​ ខែកក្កដា ឆ្នាំ២០២២
​​

រឿងនៃការប្រោសលោះ ជំពូកទី៤១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប ដោយ​ព្រះគុណ និង​សេចក្តី​សុខ​សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរបិតា និង​ពី​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា ដែល​ទ្រង់​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ទៅ ដោយ​ព្រោះ​បាប​យើង​រាល់​គ្នា ដើម្បី​នឹង​ប្រោស ឲ្យ​យើង​បាន​រួច​ពី​លោកីយ៍ ដ៏​អាក្រក់​សព្វ​ថ្ងៃ​នេះ តាម​បំណង​ព្រះហឫទ័យ​របស់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​យើង សូម​ឲ្យ​ទ្រង់​បាន​សិរីល្អ ដល់​អស់​កល្ប​ជានិច្ច​រៀង​ត​ទៅ អាម៉ែន។ កាឡាទី ១:៣-៥

អំណានប្រចាំថ្ងៃ ការសម្រេចចិត្ត

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ក៏ពួកសាសន៍ដទៃមិនត្រូវទំនាស់នឹងគោលការខាងសាច់ឈាម ជាមួយនឹងក្រុមចាស់ទុំយូដាដែរ។ ដូច្នេះពួក​សាវកនិងពួកចាស់ទុំ ក៏បានសម្រេចចិត្តសរសេរ សំបុត្រទៅកា​ន់ពួក​សាសន៍​​​ដទៃ ដើម្បីប្រាប់ដល់ពួកគេឱ្យពួកគេជៀសវាងការទទួលទានសាច់ដែលបានថ្វាយដល់រូបព្រះ ពីការមន្តអាគម ពីការសម្លាប់ដោយព្យួរក ហើយពី​ឈាម​ផងដែរ។ ពួកគេ ត្រូវតែគោរពតាមក្រឹត្យវិន័យទាំង១០ប្រការរបស់ព្រះ ហើយត្រូវរស់នៅដោយបរិសុទ្ធទៀតផង។ ពួកគេក៏បាន​ធានាដល់ពួក​សាសន៍​ដទៃថា អ្នកដែលប្រាប់ឱ្យពួកគេធ្វើការកាត់ស្បែកនោះ មិនបានទទួលការអនុញ្ញាតពីពួកសាវកឡើយ។

លោកប៉ុលហើយ​និងបាណាបាស ត្រូវបានគេទទួលស្គាល់ថាជាអ្នកដែលបានពុះពារ និងលះបង់ជីវិតដើម្បីបំរើកិច្ចការរបស់ព្រះ។ ពួកចាស់ទុំក៏​បានបញ្ជូនយូដាស និងស៊ីឡាស់ឱ្យទៅឯពួកសាសន៍ដទៃជាមួយនឹងពួកគេ ដើម្បីប្រកាសដល់ពួកសាសន៍ដទៃអំពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា។ អ្នកបំរើរបស់ព្រះទាំងបួននាក់ក៏ត្រូវបានបញ្ជូនឱ្យធ្វើដំណើរទៅកាន់ក្រុងអាន់ទីយ៉ូក ដោយ​ មានសំបុត្រ ព្រមទាំងសារដើម្បីបញ្ឈប់នូវវិវាទទាំងឡាយដែលកើតឡើងនៅទីនោះ ដ្បិតនេះហើយគឺជាព្រះសូរសៀងរបស់ព្រះដ៏ខ្ពស់ ដែលបានប្រទានដល់ផែនដីនេះ។

ក្រុមប្រឹក្សាដែលបានធ្វើការសម្រេចពីរឿងក្តីនេះ រួមមានសាសន៍​យូដា ព្រះវិហារគ្រីស្ទានរបស់ពួកសាសន៍ដទៃ ពួកចាស់ទុំពីទី​ក្រុងយេរូសា​ឡិម គូវិវាទពីក្រុងអាន់ទីយ៉ូក ព្រមទាំងព្រះវិហារ ដែលមានឥទ្ធិពល​ទាំងឡាយ​ផងដែរ។ ក្រុមប្រឹក្សានេះមិនបានអះអាងថា ខ្លួនល្អឥតខ្ចោះចំពោះការសម្រេច​​​​​​​​​​របស់ខ្លួនឡើយ តែពួកគេដើរតាមគន្លង ពន្លឺហើយនិងសេចក្តីថ្លៃថ្នូររបស់ពួកជំនុំ ដែលបានបង្កើតឡើងដោយព្រះហឫទ័យដ៏បរិសុទ​​្ធរបស់​ព្រះវិញ។ ពួកគេបានយល់ឃើញព្រមគ្នាថា ព្រះទ្រង់សព្វព្រះហឫទ័យ​​ដល់​​ពួកសាសន៍ដទៃដោយនូវព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេត្រូវធ្វើតាមការដឹកនាំរបស់ព្រះវិញ្ញាណវិញ។

​ ក្រុមជំនុំទាំងអស់មិនបានកោះហៅដើម្បីធ្វើការបោះឆ្នោតសម្រេចពីការនេះទេ។ ពួកសាវកនិងពួកចាស់ទុំ ដែលជាអ្នកមានឥទ្ធិពល ហើយ​ដែលមានការពិចារណាខ្ពស់ បានធ្វើសេចក្តីសម្រេច ហើយអស់​ទាំងក្រុម​ជំនុំគ្រីស្ទាន ត្រូវទទួលយកហើយប្រតិបត្តិតាម។ ការសម្រេចនេះ មិនបានធ្វើឱ្យគ្រប់គ្នាពេញចិត្តឡើយ ហើយក៏មានអ្នកខ្លះបានធ្វើតាមការយល់ឃើញរបស់គេដែរ។

ពួកគេបានរអ៊ូរទាំ ព្រមទាំងធ្វើការចាប់កំហុសដល់អ្នកបំរើរបស់ព្រះ ដែលបានទទួលការតែងតាំងឱ្យបង្រៀនអំពីព្រះវិញ។ ការមិនចុះសម្រុង​នេះបានកើតឡើងតាំងពីដំបូង ហើយក៏នឹងបន្តរហូត ដល់ទីបំផុតដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១៥:២២-៤១

ខចងចាំ៖​​ សេចក្តី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ពី​ព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ សាស្តា ១២:១៣-១៤

Powered by CAM