ថ្ងៃសុក្រ​​ ទី១៥​ ខែកក្កដា ឆ្នាំ២០២២

រឿងនៃការប្រោសលោះ (ជំពូកទី-៤២)​

ជីវិតនិងបេសកកម្មរបស់លោកប៉ុល


អំណានព្រះគម្ពីរពេលព្រឹក៖ បង​ប្អូន​អើយ ខ្ញុំ​មិន​រាប់​ថា​ខ្លួន​ខ្ញុំ​ចាប់​បាន​ហើយ​នោះ​ទេ តែ​មាន​សេចក្តី​នេះ​១ គឺ​ថា ខ្ញុំ​ភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏​ខ្ពស់​របស់​ព្រះ ក្នុង​ព្រះគ្រីស្ទយេស៊ូវ ។ ភីលីព ៣:១៣-១៤

អំណានប្រចាំថ្ងៃ

ប៉ុលគឺជាអ្នកបំរើរបស់ព្រះមួយរូបដែលមិនចេះនឿយហត់ ហើយគាត់បានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជួនកាលពីតំបន់ដែលគ្មានការទទួលរាក់ទាក់ ជួនកាលត្រូវធ្វើដំណើរលើផ្ទៃទឹកដែលមានព្យុះបក់បោក។ គ្មានអ្វីដែលអាចរារាំងគាត់មិនឱ្យធ្វើកិច្ចការបំរើព្រះបានឡើយ។ គាត់គឺជា​អ្នក​បំរើ​របស់ព្រះ ដូច្នេះគាត់ត្រូវតែបំរើការងារថ្វាយទ្រង់ ដើម្បីបំពេញតាមព្រះហឫទ័យរបស់ទ្រង់។ តាមរយៈសំបុត្រទាំងឡាយរបស់គាត់ ព្រមទាំងតាមរយៈការចែកចាយរបស់គាត់ផ្ទាល់បានផ្តល់កម្លាំងចិត្តដល់ពួកជំនុំរបស់ព្រះជាច្រើន។ សម្រាប់យើងរាល់គ្នាដែលរស់នៅក្នុងគ្រាដែលជិតដល់ទីចុងបំផុតនៃផែនដីនេះ សាររបស់គាត់ដែលគាត់បានលើកឡើងបាននិយាយអំពីគ្រោះថ្នាក់ទាំងឡាយដែលនឹងគំរាមកំហែងដល់ពួកជំនុំ ហើយនិងពីគោលការខុសឆ្គងទាំងឡាយ ដែលរាស្ត្ររបស់ព្រះនឹងត្រូវប្រឈមមុខ។

សាវកប៉ុលបានធ្វើដំណើរ​ពីប្រទេសមួយទៅប្រទេសមួយ ពីក្រុងមួយ​ទៅក្រុងមួយ ដើម្បីបង្រៀនពីព្រះគ្រីស្ទ ហើយបានបង្កើតពួកជំនុំផ្សេងៗផងដែរ។ នៅទីណាដែលគាត់ជួបប្រទះអ្នកដែលព្រមស្តាប់គាត់ នោះគាត់នឹងធ្វើការកែតម្រូវការប្រព្រឹត្តិខុសឆ្គងទាំងឡាយ ដើម្បីឱ្យមនុស្សងាកមករកផ្លូវត្រូវវិញ។ អស់អ្នកដែលបានទទួលជឿដល់ព្រះគ្រីស្ទតាមរយៈគាត់ នោះគាត់បានបង្កើតឱ្យមានជាពួកជំនុំឡើង ទោះបីជាមានអ្នកជឿតិចតួចក៏ដោយ។ ប៉ុលមិន​ដែលភ្លេចពួកជំនុំតូចៗ ដែលគាត់បានបង្កើតឡើយ ផ្ទុយទៅវិញ ដោយសារតែពួកជំនុំទាំងនោះនៅតូចនេះហើយ ដែលធ្វើឱ្យគាត់យកចិត្តទុកដាក់នឹងពួកជំនុំទាំងនោះ។

ការត្រាស់ហៅរបស់លោកប៉ុលទាមទារការបំរើដោយសប្បុរសគ្រប់យ៉ាង រាប់ទាំងការចិញ្ចឹមជីវិតរបស់គាត់ ការរៀបចំឱ្យមានពួកជំនុំ ព្រមទាំងការសរសេរសំបុត្រលើកទឹកចិត្តដល់ពួកជំនុំដែលគាត់បានបង្កើតផងដែរ។ តែទោះបីជាគាត់ត្រូវធ្វើការទាំងនេះព្រមគ្នាក៏ដោយ ក៏គាត់នៅតែនិយាយថា «នេះជា​សេចក្តី​តែមួយដែលខ្ញុំធ្វើ» ភីលីព ៣:១៣។ គោលដៅមួយ​ដែលនៅ​ចំពោះ​មុខគាត់ និងគ្រប់ការដែលគាត់ធ្វើជានិច្ច គឺការស្មោះត្រង់ជាមួយនឹងព្រះជាម្ចាស់ ដែលបានលេចមកឯគាត់ ក្នុងកាលដែលគាត់នៅជាអ្នកបៀតបៀនដល់អ្នកដែលជឿដល់ព្រះនាម ទ្រង់នៅឡើយ។ គោលបំណង​ចំបងនៅក្នុង​ជីវិត​របស់​គាត់ គឺការបំរើ និងការតម្កើងដល់ព្រះ ដែលគាត់ធ្លាប់បានប្រមាថមើលងាយកាលពីមុន។ សេចក្តីប្រាថ្នា តែមួយគត់របស់គាត់នៅពេលនេះ គឺការសង្គ្រោះ​មនុស្សថ្វាយដល់ព្រះ ហើយទោះបីជាមានការ បៀតបៀនពីសំណាក់ពួកយូដាឬសាសន៍ដទៃក្តី ក៏គ្មានអ្វីដែលអាចរារាំងគាត់ពីការនេះបានដែរ។

អំណានព្រះគម្ពីរពេលល្ងាច៖ កិច្ចការ ជំពូក​ ១៦:១-១៥

ខចងចាំ៖​​ សេចក្តី​នេះ​ចប់​តែ​ប៉ុណ្ណោះ ទាំង​អស់​បាន​សំដែង​ទុក​ហើយ ដូច្នេះ ចូរ​កោតខ្លាច​ដល់​ព្រះ ហើយ​កាន់​តាម​បញ្ញត្ត​ទ្រង់​ចុះ ដ្បិត​ប៉ុណ្ណេះ​ឯង​ជា​កិច្ច​ទាំង​មូល​ដែល​មនុស្ស​ត្រូវ​ធ្វើ ពី​ព្រោះ​ព្រះ​ទ្រង់​នឹង​នាំ​គ្រប់​ការ​ទាំង​អស់​មក​ដើម្បី​ជំនុំជំរះ ព្រម​ទាំង​អ្វីៗ​ដែល​លាក់​កំបាំង​ផង ទោះ​ល្អ​ឬ​អាក្រក់​ក្តី។ សាស្តា ១២:១៣-១៤

Powered by CAM